កូរ៉េខាងត្បូង៖ ករណីឆ្លងកូវីដ ‘ពិសេស’ ៣ ផ្សេងទៀតត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងប្រកាសរកឃើញគិតត្រឹមរសៀលថ្ងៃអង្គារនេះ ដែលនាំឱ្យករណីវិជ្ជមានប្រភេទនេះ កើនឡើងដល់៤ករណីហើយ នៅក្នុងប្រទេសកូរ៉េខាងត្បូង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បញ្ជាក់ថា ករណីដែលគេហៅថា ជាករណីឆ្លងកូវីដ ‘ពិសេស’ នេះ គឺគេសំដៅដល់អ្នកដែលរកឃើញវិជ្ជមានកូវីដ ក្នុងចន្លោះពេលដែលបានចាក់វ៉ាក់សាំងកូវីដលើកទី១ ហើយកំពុងរង់ចាំចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ឬអ្នកដែលរកឃើញវិជ្ជមានកូវីដ ២សប្តាហ៍ឡើងទៅក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់ទាំងពីរដូសអស់ហើយនោះ។
មន្ត្រីនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថា គិតដល់ពេលនេះគេរកឃើញករណីអ្នកដែលមានវិជ្ជមានកូវីដនេះ ចំនួន ៤នាក់ហើយ ដែលក្នុងនោះ មាន២នាក់ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ ក្រោយពីរយៈពេលពេល២សប្តាហ៍ ក្រោយពីបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចមក ហើយ២នាក់ទៀត ត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដនេះ ក្នុងអំឡុងពេល២សប្តាហ៍ ក្រោយពីការចាក់វ៉ាក់សាំងកូវីដត្រូវបានបញ្ចប់។
ក្នុងនោះដែរ អជ្ញាធរសុខាភិបាលបញ្ជាក់ថា ករណីបែបនេះនឹងត្រូវរកឃើញបន្តបន្ទាប់ទៀត ខណៈដែលអជ្ញាធរកំពុងបង្កើនល្បឿននៃកម្មវិធីចាក់វ៉ាក់សាំងនេះឱ្យបានកាន់តែលឿននោះ ដែលក្នុងហេតុផលនេះ ដែលអជ្ញាធរសុខាភិបាលបានបញ្ជាក់ថាបើទោះបីជាបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ក៏ត្រូវតែបន្តពាក់ម៉ាស់ជាប្រចាំផងដែរ។
តែយ៉ាងណាក៏ដោយ អជ្ញាធរសុខាភិបាលបញ្ជាក់ថា អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ហើយរកឃើញថាមានវិជ្ជមានកូវីដនេះ គឺមានរោគសញ្ញាស្រាល ឬសឹងតែគ្មានរោគសញ្ញាផង។ តែយ៉ាងណាបើទោះបីជាបានចាក់វ៉ាក់សាំងកូវីដរួចរាល់ លទ្ធភាពនៃការឆ្លងកូវីដនៅតែមានដដែល ដូចនេះការប្រុងប្រយ័ត្នត្រូវតែបន្តខ្ជាប់ខ្ជួនជានិច្ច។
គិតត្រឹមថ្ងៃអង្គារនេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េខាងត្បូង ទាំងអ្នកដែលបានចាក់ដូសទី១ និងចាក់បានទាំងពីរដូស មានដល់ ៣.៨៦លាននាក់ ដែលក្នុងនោះមាន ១.៨៥លាននាក់ បានចាក់វ៉ាក់សាំងកូវីដទាំងពីរដូសរួចរាល់ហើយ។