ថៅកែហាង និងបុគ្គលិកហាងផឹកស៊ី កម្សាន្តពេលរាត្រី នៅតាមទីក្រុងធំៗ និងតំបន់មួយចំនួននៅកូរ៉េ ត្រូវឱ្យទៅធ្វើតេស្តកូវីដ ក្រោយរកឃើញករណីពាក់ព័ន្ធច្រើន

កូរ៉េខាងត្បូង៖ បុគ្គលិកនៅតាមបណ្តាប្រភេទហាងផឹកស៊ី កំសាន្ត ជាច្រើនតំបន់ សឹងតែទូទាំងប្រទេសត្រូវបានដាក់ចេញបទបញ្ជាឱ្យទៅធ្វើតេស្តកូវីដ-១៩ នេះបើតាមការបញ្ជាក់របស់មន្ត្រីអជ្ញាធរនៅថ្ងៃអង្គារនេះ ខណៈដែលអជ្ញាធរតាមតំបន់ និងទីក្រុងជាច្រើនហាក់មានបញ្ហាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ដែលកំពុងកើនឡើងគួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ប្រភេទហាងផឹកស៊ី កំសាន្ត ដូចជាបាររាត្រី ក្លឹបកម្សាន្ត និងបន្ទប់ខារ៉ាអូខេជាដើម នៅទីក្រុងដេហ្គូ ទីក្រុងដេជុន ទីក្រុងអ៊ុលសាន និងតំបន់នានាដទៃទៀតសឹងទូទាំងប្រទេសត្រូវបានអជ្ញាធរតាមតំបន់រៀងៗខ្លួនដាក់ចេញបទបញ្ជាឱ្យបណ្តាបុគ្គលិកទាំងអស់ធ្វើការនៅតាមទីតាំងខាងលើ ទៅធ្វើតេស្តកូរ៉ូណាឱ្យបានគ្រប់ៗគ្នា។

ជាក់ស្តែង សម្រាប់ទីក្រុងដេជុន នៅថ្ងៃអង្គារនេះបានដាក់ចេញបទបញ្ជាឱ្យម្ចាស់ និងបុគ្គលិកនៃបណ្តាហាងផឹកស៊ី កំសាន្ត ដូចជាបាររាត្រី ក្លឹបកម្សាន្ត និងបន្ទប់ខារ៉ាអូខេជាដើមនេះ ត្រូវទៅធ្វើតេស្តកូវីដឱ្យបានគ្រប់ៗគ្នាក្នុងរយៈពេលមួយសប្តាហ៍។ មន្ត្រីនៃសាលាក្រុងដេជុន បានបញ្ជាក់ថាវិធានការនេះជាផ្នែកមួយនៃការឆ្លើយតប និងព្យាយាមកាត់បន្ថយប្រព័ន្ធឆ្លងនៃជំងឺកូវីដជាចង្កោម ដែលមានប្រភពចេញមកពីទីតាំងផឹកស៊ីទាំងអស់នេះ ហើយឆ្លងបន្តទៅក្នុងសហគមន៍ទាំងមូល។

ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុនមក ទីក្រុងដេជុនបានរកឃើញករណីវិជ្ជមានកូវីដចំនួន ១០ករណីហើយដែលមានប្រភពពាក់ព័ន្ធទៅនឹងបណ្តាកន្លែងកន្លែងផឹកស៊ីពេលរាត្រីនៅក្នុងទីក្រុង ដែលក្នុងនោះមាន ៥នាក់ជាបុគ្គលិកបម្រើការតាមហាងផឹកស៊ី។ បើតាមតួលេខ នៅក្នុងក្រុងដេជុនមានយ៉ាងហោចណាស់ប្រជាជន ៤០០០ នាក់ជាងដែលកំពុងធ្វើការតាមបណ្តាប្រភេទហាងផឹកស៊ី កំសាន្តទាំងអស់នៅក្នុងទីក្រុង។

បើតាមការបញ្ជាក់ដដែល ការធ្វើតេស្តកូវីដនឹងធ្វើឡើងដោយមិនគិតថ្លៃ តែចំពោះអ្នកដែលត្រូវតម្រូវឱ្យទៅធ្វើតេស្ត ហើយមិនបានធ្វើតេស្តតាមបទបញ្ជារដ្ឋបាលដែលបានដាក់ចេញនេះ នឹងត្រូវរងពិន័យរហូតដល់ ៣លានវ៉ុន (ប្រមាណ ២,៦៧០ ដុល្លារ)។

ចំណែកឯនៅក្រុងដេហ្គូវិញ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន អជ្ញាធរបានដាក់ចេញបទបញ្ជារដ្ឋបាលដូចគ្នានេះដែរ ដោយតម្រូវឱ្យអ្នកដែលធ្វើការតាមប្រភេទហាងផឹកស៊ី កំសាន្តទាំងអស់នៅក្នុងទីក្រុងត្រូវធ្វើតេស្តកូវីដ ហើយនឹងបានដាក់ចេញបញ្ជាហាមឃាត់មិនឱ្យមានការជួបជុំនៅតាមទីតាំងកម្សាន្តទាំងអស់នោះផងដែរ។

នៅក្នុងទីក្រុងដេហ្គូ គិតត្រឹមថ្ងៃអង្គារនេះ គេរកឃើញករណីវិជ្ជមានកូវីដ ១៧៩ ករណីហើយដែលមានពាក់ព័ន្ធប្រភពចេញពីបណ្តាហាងផឹកស៊ី កំសាន្តនៅក្នុងក្រុងនាពេលកន្លងមក។

ក្រៅពីទីក្រុងទាំងពីរធំៗនេះ តំបន់មួយចំនួនទៀតដែលហាក់មានការកើនឡើងនៃករណីឆ្លងកូវីដពាក់ព័ន្ធចេញពីបណ្តាហាងផឹកស៊ីនានាតាមមូលដ្ឋានរ​បស់ខ្លួនក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ក៏បានដាក់ចេញបទបញ្ជាដូចគ្នានេះដែរ គឺតម្រូវឱ្យបុគ្គលិក និងអ្នកពាក់ព័ន្ធនឹងទីតាំងទាំងអស់នេះ ទៅធ្វើតេស្ត។ តំបន់ទាំងនោះរួមមានដូចជាទីក្រុងអ៊ុលសាន ខេត្តចូឡាខាងត្បូងជាដើម។

Leave a Reply

Your email address will not be published. Required fields are marked *