រោងចក្រផលិតរថយន្ត Hyundai Motor នៅឥណ្ឌា ត្រូវផ្អាកដំណើរការមួយរយៈ ដោយសារមានករណីឆ្លងរាតត្បាតកូវីដ-១៩ ខ្លាំង

កូរ៉េខាងត្បូង៖ ក្រុមហ៊ុនផលិតយានយន្តធំជាងគេរបស់កូរ៉េខាងត្បូង Hyundai Motor ប្រកាសនឹងផ្អាកដំណើរការផលិតរបស់ខ្លួននៅក្នុងរោងចក្រប្រទេសឥណ្ឌាមួយរយៈសិន ដោយសារតែការស្ថានការណ៍ឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាផ្ទាល់ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ក្រុមហ៊ុន Hyundai Motor នឹងផ្អាកដំណើរការផលិតរបស់ខ្លួននៅក្នុងរដ្ឋតាម៉ិលណាឌូ (Tamil Nadu) ប្រទេសឥណ្ឌា រយៈពេល៥ថ្ងៃសិន ចាប់ពីថ្ងៃអង្គារនេះទៅ ដោយសារតែគេរកឃើញករណីមានកម្មករ២នាក់ រកឃើញឆ្លងវិជ្ជមានកូវីដ-១៩ ខណៈដែលមានកម្មករមួយចំនួនធ្វើការតវ៉ាដោយសារការភ័យខ្លាចនៃការឆ្លងជំងឺកូវីដនេះផងដែរ។ នៅក្នុងប្រទេសឥណ្ឌា រដ្ឋតាម៉ិលណាឌូ (Tamil Nadu) នេះជារដ្ឋមួយដែលមានការរងគ្រោះខ្លាំងពីការឆ្លងជំងឺកូវីដ-១៩ ហើយរដ្ឋនេះក៏បានចេញបទបញ្ជាបិទខ្ទប់រោងចក្រមួយចំនួនធំផងដែរ លើកលែងមួយចំនួន​ រហូតដល់ចុងខែឧសភានេះ។

ក្រុមហ៊ុន Hyundai Motor មានរោងចក្រក្នុងស្រុកកូរ៉េខាងត្បូងចំនួន ៧ ដែលក្នុងនោះ ៥ រោងចក្រនៅតំបន់អ៊ុលសាន ១ នៅតំបន់អាសាន និង១ទៀតនៅតំបន់ជុនជូ ហើយក៏មានរោងចក្រតាំងទីនៅក្រៅស្រុកដល់ទៅ ១០ រោងចក្រផងដែរ ដែលក្នុងនោះមាន ៤នៅប្រទេសចិន និង១រោងចក្រនៅតាមប្រទេសដូចជាសហរដ្ឋអាម៉េរិក ឆេក តួកគី រុស្ស៊ី ឥណ្ឌា និងប្រេស៊ីល។ គិតជាសមត្ថភាពផលិតរួម រោងចក្រទាំងអស់នេះមានសមត្ថភាពផលិតបានដល់ ៥.៥លានយានយន្តក្នុងមួយឆ្នាំ។

ក្រៅពីបញ្ហាកូវីដនេះផងដែរ រោងចក្ររបស់ក្រុមហ៊ុន Hyundai Motor មួយចំនួនក៏ជួបប្រទះបញ្ហាកង្វះវត្ថុធាតុផលិតមួយចំនួនដូចជាបន្ទះឈីប និងសឺមីកុងដាក់ទ័រជាដើម។ ជាក់ស្តែងរោងចក្រមួយចំនួនរបស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង បានផ្អាកផលិតកម្មរបស់ខ្លួនដែរដោយសារកង្វះខាតសឺមីកុងដាក់ទ័រ ហើយសូម្បីតែរោងចក្រមួយចំនួននៅក្រៅស្រុកក៏ជាប់ប្រទះកង្វះខាតនេះដែរ តែនៅតែបន្តដំណើរការផលិតជាប្រក្រតី។

Leave a Reply

Your email address will not be published. Required fields are marked *