កូរ៉េខាងត្បូងកំពុងឃ្លាំមើលប្រតិកម្មពីចិន ជុំវិញកិច្ចព្រមព្រៀងថ្មី ដែលអាម៉េរិកឯកភាពឱ្យកូរ៉េខាងត្បូង អាចផលិត ឬប្រើមីស៊ីលបានចម្ងាយឆ្ងាយជាងមុន

កូរ៉េខាងត្បូង៖ គិតមកលដល់ពេលនេះ គេហាក់មិនទាន់ឃើញប្រទេសចិនបានបញ្ចេញប្រតិកម្មណាមួយ ជុំវិញកិច្ចព្រមព្រៀងថ្មីអនុញ្ញាតឱ្យកូរ៉េខាងត្បូង អភិវឌ្ឍក្បាលគ្រាប់មីស៊ីលខ្លួន​ឯង ជាកិច្ចព្រមព្រៀងដែលប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីសហរដ្ឋអាម៉េរិក សម្រេចបានកាលពីចុងសប្តាហ៍នេះ។

កិច្ចព្រមព្រៀងថ្មីដែលសម្រេចបាននេះ គឺអនុញ្ញាតឱ្យកូរ៉េខាងត្បូងលុបចោលនូវគោលការណ៍កំណត់ទ្វេភាគីចាស់ ដែលកូរ៉េខាងត្បូងបានឯកភាពជាមួយនឹងសហរដ្ឋអាម៉េរិកកន្លងមក ក្នុងការហាមឃាត់កូរ៉េខាងត្បូងមិនឱ្យមានសមត្ថភាពផលិត ឬកាន់កាប់ក្បាលគ្រាប់មីស៊ីល ដែលមានសមត្ថភាពហោះឆ្ងាយជាង ៨០០គីឡូមែ៉ត្រ។

ការលុបចោលកិច្ចព្រមព្រៀងចាស់នេះ នឹងត្រួសត្រាយផ្លូវឱ្យកូរ៉េខាងត្បូងអាចបង្កើនសមត្ថភាពការពារខ្លួន ដោយមានកាន់កាប់នូវក្បាលគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចហោះផុតពីឧបទ្វីបកូរ៉េ។ អ្នកវិភាគមួយចំនួនលើកឡើងថា កិច្ចព្រមព្រៀងថ្មីនេះ ជាផ្នែកមួយនៃផែនការមេរបស់អាម៉េរិកក្នុងការទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិនក្នុងតំបន់ផងដែរ។

យ៉ាងណាមិញ ក្រោយពីកិច្ចព្រមព្រៀងថ្មីនេះបានចេញជាលទ្ធផលក្រោយកិច្ចប្រជុំកាលពីចុងសប្តាហ៍នេះមក គេហាក់ចាប់អារម្មណ៍អំពីប្រតិក​ម្មរបស់ចិនទៅកិច្ចព្រមព្រៀងនេះ តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានលើកឡើងកាលពីថ្ងៃចន្ទម្សិលមិញថា ប្រទេសចិនមិនទាន់មានការបញ្ចេញប្រតិកម្មណាមួយឡើយជុំវិញបញ្ហានៃការអនុញ្ញាតឱ្យកូរ៉េខាងត្បូងមានក្បាលគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយជាងមុននេះ។

អ្នកវិភាគលើកឡើងថា កិច្ចព្រមព្រៀងថ្មីនេះក៏បញ្ជាក់ផងដែរ អំពីការផ្តល់សារៈសំខាន់ពីរដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃឌិន ចំពោះសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ហើយក៏ជាការផ្តល់ជំនឿជាក់លើសមត្ថភាពរបស់កងកម្លាំងយោធាកូរ៉េខាងត្បូងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *