គណបក្សកាន់អំណាចនៅកូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលគួរពិចារណាលើកលែង និងផ្តល់សេរីភាពដើរហើរបន្ថែម សម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដរួចរាល់

កូរេ៉ខាងត្បូង៖ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូង ផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកូរ៉េឱ្យពិនិត្យអនុញ្ញាតឱ្យអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចរាល់ទាំងស្រុង នូវសេរីភាពដើរហើរច្រើនជាងមុន រាប់ទាំងការលើកលែងមិនធ្វើចត្តាឡីស័ក និងការហាមឃាត់ការជួបជុំជាដើម ដើម្បីជំរុញឱ្យប្រជាជនទៅចាក់វ៉ាក់សាំងកូវីដបានកាន់តែច្រើនថែមទៀត នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

អនុសាសន៍បែបនេះ ត្រូវបានលើកឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំ​ផ្ទៃក្នុងនៃបក្សប្រជាធិបតេយ្យ ដោយអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩នៃគណបក្សបានស្នើទៅអជ្ញាធរសុខាភិបាលថា អ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ គួរត្រូវបានលើកលែង និងមានសេរីភាពដើរហើរបានច្រើនជាងមុន រាប់បញ្ចូលទាំងការរួចផុតពីបម្រាមអាជីវកម្មត្រឹមម៉ោង ១០យប់ ការអនុញ្ញាតឱ្យចូលទៅជួបអ្នកជំងឺ និងចាស់ជរានៅមណ្ឌលចាស់ជរា ព្រមទាំងសេរីភាពមួយចំនួនទៀតតាមការគួរ ដើម្បីជាផលប្រយោជន៍បន្ថែមទាក់ទាញឱ្យមនុស្សទៅចាក់វ៉ាក់សាំងកូវីដឱ្យបានច្រើន និងទូលំទូលាយ។

ក្នុងនោះដែរ អនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ-១៩នៃគណបក្សកាន់អំណាចក៏បានលើកឡើងថា ការកំណត់អាយុសម្រាប់អ្នកអាចទៅចាក់វ៉ាក់សាំងបានដូចការអនុវត្តបច្ចុប្បន្ននេះ ក៏គួរលើកលែងផងដែរ សម្រាប់អ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ ដែលមិនត្រូវនឹងអាយុជាអាទិភាពនេះកំណត់ដោយអជ្ញាធរនោះ។ ហើយគេក៏បានលើកឡើងផងដែរថា អជ្ញាធរសុខាភិបាលក៏គួរពិនិត្យលទ្ធភាពផ្តល់អាទិភាពវ៉ាក់សាំងជូនដល់បណ្តាអ្នករកស៊ី ជាពិសេសអ្នករកស៊ីតាមហាងតូចៗផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ​ ក៏បានពិភាក្សាពីប្រធានបទពាក់ព័ន្ធនឹងកូវីដមួយចំនួនទៀតដូចជា ការសម្រាលបទបញ្ជាតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈ និងការប្រើប្រាស់នូវប្រភេទលិខិតឆ្លងដែនវ៉ាក់សាំងកូវីដផងដែរ ដែលសុទ្ធសឹងជាវិធានការ ឬជាគោលនយោបាយសម្រាប់ជំរុញការទៅចាក់វ៉ាក់សាំងកូវីដឱ្យបានទូលំទូលាយនោះ។

Leave a Reply

Your email address will not be published. Required fields are marked *