«The Taste of Angkor» សៀវភៅមុខម្ហូបខ្មែរ ចងក្រងដោយក្រសួងការបរទេស ត្រូវដាក់តាំងបង្ហាញពិសេសក្នុងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោក

ស៊ុយអែត៖ សៀវភៅ «The Taste of Angkor» ជាកេរ្តិ៍ដំណែលសិល្បៈនៃការធ្វើម្ហូបខ្មែរ នឹងមានកិត្តិយសចូលរួមក្នុងពិធីតាំងពិព័រណ៍សៀវភៅមុខម្ហូបលំដាប់ពិភពលោកនៅគេហដ្ឋានរបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ទី ២១ ខែតុលា ឆ្នាំ ២០២១ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុកលោក​ឯកអគ្គរាជទូត ឡុង​ ឌីម៉ង់។

សៀវភៅ «The Taste of Angkor» ត្រូវបានរៀបចំ និងសម្រិតសម្រាំងចងក្រងផ្ទាល់ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិ បានមានប្រសាសន៍ថា “… សៀវភៅមុខម្ហូបនេះ បានប្រែក្លាយប្រពៃណីខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ទៅជារូបមន្តធ្វើម្ហូបជាក់ស្តែង សម្រាប់មុខម្ហូបដែលប្រជាជនខ្មែរចូលចិត្តបំផុត។ សៀវភៅនេះ ក៏បង្ហាញពីភាពសម្បូរបែបនៃកេរ្តិ៍តំណែលមុខម្ហូបខ្មែរ ដែលគួរតែចែករំលែកជាមួយមិត្តភក្តិទាំងអស់ នៅទូទាំងពិភពលោកផងដែរ … ”។

ការរៀបចំតាំងពិព័រណ៍សៀវភៅមុខម្ហូបឆ្នាំនេះ គឺជាខួបលើកទី ២៥ឆ្នាំ នៃពានរង្វាន់ហ្គ័រម៉ង់ (Gourmand)។ នៅក្នុងរូបថតនេះ លោក Pelle Aorelius កំពុងកាន់សៀវភៅ «The Taste of Angkor» ឈរនៅក្បែររូបសំណាករបស់លោក អាល់ហ្វ្រេត ណូបែល (Alfred Nobel) នៅទីក្រុង Björkborn ប្រទេសស៊ុយអែត។ លោក Pelle Aorelius ជាអ្នកទទួលបន្ទុករៀបចំពិព័រណ៍ សៀវភៅមុខម្ហូបដែលល្អបំផុតចំនួន ៥០០ ក្បាល មកពីប្រទេសចំនួន ៥០ នៅលើពិភពលោក ។

Leave a Reply

Your email address will not be published. Required fields are marked *