ធនាគារជាតិកូរ៉េខាងត្បូង គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បង ដើម្បីតេស្តមុខងារនៃរូបិយប័ណ្ណឌីជីថល ត្រៀមសម្រាប់ការបោះពុម្ភពេលអនាគត បើចាំបាច់

កូរ៉េខាងត្បូង៖ ធនាគារជាតិកូរ៉េខាងត្បូង (BOK) ប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹងធ្វើកម្មវិធីតេស្តសាកល្បងមុខងារនៃរូបិយប័ណ្ណឌីជីថល ដែលចេញផ្សាយដោយធនាគារជាតិផ្ទាល់ (CBDC) អាចជាការសិក្សាមើលទៅលើសក្តានុពលនៃការបើកឱ្យមាននូវប្រភេទរូបិយប័ណ្ណឌីជីថល ប្រភេទថ្មីមួយទៀតក្នុងទីផ្សារ Cryptocurrency។

តាមរយៈការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ធនាគារជាតិកូរ៉េខាងត្បូង គ្រោងនឹងជ្រើសរើសតាមរយៈការដេញថ្លៃ នូវប្រតិបត្តិការសម្រាប់អនុវត្តការធ្វើតេស្តសាកល្បងរូបិយប័ណ្ណឌីជីថលនេះ ដើម្បីអាចពិនិត្យមើលថា រូបិយប័ណ្ណឌីជីថល (CBDC) នឹងអាចមានមុខងារបែបណាខ្លះក្នុងដំណើរការនៃលំហអនឡាញជាក់ស្តែង។ ការធ្វើតេស្តសាកល្បងនេះគ្រោងនឹងធ្វើឡើងនៅខែសីហា និងអាចដំណើរការរហូតដល់ខែមិថុនា ឆ្នាំ២០២២ខាងមុខ។

គោលបំណងធំដែលធនាគារជាតិកូរ៉េខាងត្បូង ចង់បានពីការធ្វើតេស្តសាកល្បងនេះ គឺចង់ដឹងថាតើនៅពេលដែលដាក់ឱ្យមានរូបិយប័ណ្ណឌីជីថល ដែលចេញផ្សាយដោយធនាគារជាតិផ្ទាល់ (CBDC) ប្រភេទនេះ តើវានឹងអាចមានមុខងារជារូបិយប័ណ្ណសម្រាប់ការទូទាត់ និងការផ្ញើប្រាក់ឱ្យគ្នាទៅវិញទៅមកដូចម្តេចខ្លះ ហើយតើអ្នកដែលមានរូបិយប័ណ្ណឌីជីថលប្រភេទនេះ អាចប្រើវាសម្រាប់ទិញទំនិញ និងសេវាកម្មទូទៅបានដូចម្តេចខ្លះ។

ធនាគារជាតិកូរ៉េខាងត្បូងបានចាប់ផ្តើមពិនិត្យលើទិដ្ឋភាពផ្នែកច្បាប់ និងផ្នែកបច្ចេកទេសនៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថលប្រភេទនេះ ចាប់តាំងពីខែមីនា ឆ្នាំកន្លងទៅមកម្លេះ។ យ៉ាងណាមិញ ធនាគារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ច្បាស់ថា គម្រោងនេះមិនទាន់មានអ្វីដែលអាចបញ្ជាក់ថា ធនាគារជាតិកូរ៉េខាងត្បូងនឹងបោះពុម្ភផ្សាយប្រភេទរូបិយប័ណ្ណឌីជីថល cryptocurrency ដោយផ្ទាល់ជាផ្លូវការនោះទេ ដោយធនាគារជាតិគ្រាន់តែធ្វើការសាកល្បង និងពិនិត្យមើលលទ្ធភាព ប្រសិនបើជាត្រូវបោះពុម្ភផ្សាយក្នុងពេលណាមួយខាងមុខមែននោះ។

សូមបញ្ជាក់ថា ស្របពេលដែលទីផ្សាររូបិយប័ណ្ណឌីជីថល ដែលមិនមានការគ្រប់គ្រងបានពីធនាគារកណ្តាល ដែលគេស្គាល់ថាជា cryptocurrency កំពុងតែពេញនិយមខ្លាំងក្នុងចំណោមអ្នកវិនិយោគហិរញ្ញវត្ថុនោះ វាក៏មាននូវហានិភ័យខ្លាំងដោយសារតែទីផ្សារមិនមានស្ថេរភាព ហើយតម្លៃក៏អាចឡើងចុះខ្លាំងភ្លាមៗ ធ្វើឱ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់ជាច្រើន ហើយរដ្ឋាភិបាលជាច្រើនបានប្រឆាំងមិនទទួលស្គាល់ ហើយរដ្ឋាភិបាលខ្លះក៏បានចាត់ទុកជាការវិនិយោគខុសច្បាប់ផងដែរ។

ហេតុនេះហើយ ក៏មាននិន្នាការដែលប្រទេសធំៗមួយចំនួនដូចជាប្រទេសចិន និងស៊ុយអែត រួមទាំងកូរ៉េខាងត្បូងនេះជាដើមបានកំពុងត្រៀមខ្លួនក្នុងការបោះពុម្ភផ្សាយប្រភេទរូបិយប័ណ្ណឌីជីថល ដែលគ្រប់គ្រងដោយខ្លួនឯងផ្ទាល់ ដើម្បីអាចឈានជើងចូលទៅក្នុងទីផ្សារ cryptocurrency នេះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *