កូរ៉េខាងត្បូង៖ កិច្ចជំនួបកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង និងប្រធានាធិបតីសហរដ្ឋអាម៉េរិកកាលពីចុងសប្តាហ៍កន្លងទៅនេះ នឹងបង្កើតបានជាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការបន្តនូវដំណើរការចរចារជាមួយនឹងកូរ៉េខាងជើង នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងរួបរួមជាតិកូរ៉េ នៅព្រឹកថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រកន្លងទៅ ប្រធានាធិបតី ចូ បៃឌិន និងប្រធានាធិបតី មូន ជេអ៊ីន បានឯកភាពគ្នាក្នុងការជ្រើសយកជម្រើសចរចាការទូតជាថ្មីជាមួយនឹងកូរ៉េខាងជើង ដោយសម្រេចយកវិធីសាស្ត្របែបសមស្រប ‘ជាក់ស្តែង’ ដើម្បីអាចកាត់បន្ថយភាពតានតឹង និងឈរលើស្មារតីនៃកិច្ចព្រមព្រៀងដែលសម្រេចបាននាពេលកន្លងមក រួមមានទាំងកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីជំនាន់ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។
ក្នុងនោះដែរ លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ក៏បានប្រកាសអំពីសមាសភាពតំណាងចរចាពិសេសជាមួយកូរ៉េខាងជើងផងដែរ គឺតែងតាំងអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅទីក្រុងសេអ៊ូល លោក ស៊ុង គីម (Sung Kim) សម្រាប់តំណែងថ្មីដ៏សំខាន់នេះ។
ក្នុងស្មារតីដែលថ្នាក់ដឹកនាំនៃសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានព្រមព្រៀងនេះហើយ ដែលលោករដ្ឋមន្ត្រីរួបរួមជាតិកូរ៉េ បានបង្ហាញនូវទស្សនៈវិជ្ជមានថាការសន្ទនារវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកប្រាកដជានឹងអាចបន្តក្នុងពេលឆាប់ៗ ហើយដែលនឹងឈរលើស្មារតីនៃកិច្ចព្រមព្រៀងសំខាន់រវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ផងដែរ ដែលកិច្ចព្រមព្រៀងនេះគឺជាជំហរនៃការចរចា ដែលកូរ៉េខាងជើងរំពឹងពីភាគីអាម៉េរិកផងដែរ។ ក្នុងនោះដែរ សហរដ្ឋអាម៉េរិកធ្វើការតែងតាំងសមាសភាពតំណាងចរចាពិសេសជាមួយកូរ៉េខាងជើងថ្មីនេះ ក៏ជាសញ្ញវិជ្ជមានបង្ហាញពីឆន្ទៈរបស់សហរដ្ឋអាម៉េរិកក្នុងការងាកមករកតុចរចាវិញផងដែរ។
លទ្ធផលទាំងអស់នេះហើយ ដែលបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី នឹងបង្កើតបានជាឱកាសមួយល្អ ដើម្បីបង្កើតជាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ភាគីអាម៉េរិក និងកូរ៉េខាងជើងមកបន្តការសន្ទនាគ្នាឡើងវិញ។
សូមបញ្ជាក់ថា កាលពីអាណត្តិអតីតប្រធានាធិបតី ដូណាល់ ត្រាំ កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកបានបង្កើតឱ្យមានជំនួបកំពូលជាលក្ខណៈប្រវត្តិសាស្រ្ត ដែលលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានជួបទល់មុខគ្នាផ្ទាល់នៅក្នុងប្រទេសសឹង្ហបុរីកាលពីឆ្នាំ២០១៨ និងក្រោយមកទៀតនៅក្នុងប្រទេសវៀតណាម នៅឆ្នាំ២០១៩ តែជាការសោកស្តាយដែលនៅឆ្នាំ២០១៩នោះ មិនមានលទ្ធផលជាផ្លែផ្កាពីកិច្ចប្រជុំរវាងមេដឹកនាំកំពូលទាំងពីរនេះ។
