កូរ៉េខាងត្បូង៖ ក្រុមហ៊ុនជីវវេជ្ជសាស្ត្រ Samsung Biologics របស់កូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងរួចរាល់ក្នុងការផលិតវ៉ាក់សាំងកូវីដ Moderna នៅនឹងរោងចក្ររបស់ខ្លួនក្នុ្នងប្រទេសកូរ៉េខាងត្បូង ជាសមិទ្ធផលថ្មីមួយទៀតនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មូន ជេអ៊ីន ទៅកាន់សហរដ្ឋអាម៉េរិកនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ក្រោមកិច្ចព្រមព្រៀងថ្មីដែលភាគីទាំងពីរបានចុះកាលពីថ្ងៃសៅរ៍នេះ ក្រុមហ៊ុនជីវវេជ្ជសាស្រ្ត Samsung Biologics ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Samsung នឹងធ្វើជាដៃគូផលិតកម្មរបស់វ៉ាក់សាំងកូវីដ Moderna នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានន័យថាមួយផ្នែកនៃផលិតកម្មវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna នឹងត្រូវផលិតឡើងក្នុងប្រទេសកូរ៉េខាងត្បូង។
ភាគីក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងនេះ ក្នុងឱកាសនៃកម្មវិធីពិសេសរៀបចំឡើងសម្រាប់អនុវត្តភាពជាដៃគូនៃកិច្ចព្រមព្រៀងវ៉ាក់សាំងកូវីដរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ដែលជាកម្មវិធីអមមួយក្នុងចំណោមកម្មវិធីជាច្រើនដែលបានរៀបចំឡើងនាឱកាសទស្សនកិច្ចរបស់ប្រធានាធិបតី មូន ជេអ៊ីនទៅសហរដ្ឋអាម៉េរិក។ ពិធីចុះកិច្ចព្រមព្រៀងនេះ ក៏មានវត្តមានជាអធិបតីផ្ទាល់របស់ប្រធានាធិបតី មូន ជេអ៊ីនផងដែរ។
បើតាមការបញ្ជាក់របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង កិច្ចព្រមព្រៀងផលិតកម្មវ៉ាក់សាំងកូវីដនេះ នឹងធានាឱ្យការផ្គត់ផ្គង់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចប្រព្រឹត្តិទៅដោយមានភាពរលូន លឿននិងមានស្ថេរភាព ហើយលោកប្រធានាធិបតី មូន ជេអ៊ីន ដែលអញ្ជើញមានវត្តមានជាអធិបតីជាសាក្ខីភាពក្នុងពិធីចុះហត្ថលេខានេះបានសន្យាថានឹងផ្តល់ការគំាទ្រយ៉ាងពេញទំហឹងដល់ភាគីក្រុមហ៊ុនទាំងពីរ ដើម្បីអាចសម្រេចនូវគោលដៅរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីក្លាយជាទីតាំងស្តុកផលិតវ៉ាក់សាំងរបស់ពិភពលោក។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានហៅលទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុនឯកជនទាំងពីរនេះ ជាលទ្ធផលផ្លែផ្កាថ្មីនៃកិច្ចព្រមព្រៀងដៃគូវ៉ាក់សាំងកូវីដ-១៩ជាសាកល ដែលលោក និងប្រធានាធិបតីអាម៉េរិក បានឯកភាពគ្នាជាផ្លូវការកាលពីជំនួបថ្ងៃសុក្រម្សិលមិញ ហើយលោកបានហៅកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកនេះថាជា “សម្ព័ន្ធមិត្តវ៉ាក់សាំងកូវីដ” ផងដែរ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានក្រុមហ៊ុនវ៉ាក់សាំងធំៗបីហើយ កំពុងមានកុងត្រាដូចគ្នានេះផលិតវ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង មានដូចជាវ៉ាក់សាំង AstraZeneca របស់អង់គ្លេស និងស៊ុយអែត វ៉ាក់សាំង Novavax របស់អាម៉េរិក និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ីផងដែរ។