កូរ៉េខាងត្បូង និងអាម៉េរិក ​ឯកភាពពួតដៃគ្នា លើគម្រោងដៃគូសាកលផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ជាលទ្ធផលធំមួយក្នុងដំណើរទស្សនកិច្ចលោក មូន ជេអ៊ីន ទៅអាម៉េរិក

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាក្នុងការអនុវត្តនូវកម្មវិធីភាពជាដៃគូសាកលលើកម្មវិធីវ៉ាក់សាំងកូវីដ-១៩ ជាលទ្ធផលមួយក្នុងចំណោមផ្លែផ្កាជាច្រើនដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មូន ជេអ៊ីន ទៅកាន់សហរដ្ឋអាម៉េរិក ជួបជាមួយប្រធានាធិបតីថ្មី ចូ​ បៃឌិន ជាលើកដំបូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពីជំនួបរវាងថ្នាក់ដឹកនាំទាំងពីរត្រូវបានបញ្ចប់ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ចូ បៃឌិន បានសន្យាថានឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដឱ្យបានពេញលេញសម្រាប់ទាហានរបស់កូរ៉េខាងត្បូងទាំងអស់ចំនួន ៥៥០,០០០ នាក់ ដើម្បីជាប្រយោជន៍ដល់កងទ័ពកូរ៉េខាងត្បូងខ្លួនឯងផង និងសម្រាប់ជាប្រយោជន៍ដល់កងទ័ពអាម៉េរិកដែលតាំងទីនៅលើទឹកដីកូរ៉េខាងត្បូងផង។

ក្នុងនោះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានបញ្ជាក់ថាពួកគេបាន​ឯកភាពគ្នាក្នុងការបង្កើតនូវ កម្មវិធីភាពជាដៃគូសាកលលើកម្មវិធីផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដោយបញ្ចូលគ្នានូវបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់សហរដ្ឋអាម៉េរិក រួមជាមួយនឹងសមត្ថភាពនៃការផលិតរបស់កូរ៉េខាងត្បូងផងដែរ។ កម្មវិធីភាពជាដៃគូនេះ នឹងជាយន្តការពិសេសដើម្បីពន្លឿនការឈានដល់បញ្ចប់ជំងឺកូវីដ-១៩ ជាសាកល តាមរយៈការបង្កើនចំនួនផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសនានាទូទាំងពិភពលោកឱ្យបានកាន់តែរហ័ស។

តាមរយៈកម្មវិធីភាពជាដៃគូនេះ នឹងធ្វើការផ្តល់បន្ថែមការផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្តាប្រទេសនៅតាមតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះនឹងមានទាំងប្រទេសកូរ៉េខាងត្បូងខ្លួនឯងផ្ទាល់ផង ដើម្បីដោះស្រាយបញ្ហាកង្វះខាតវ៉ាក់សាំងកូវីដដែលកំពុងតែជួបប្រទះបច្ចុប្បន្ន និងដែលបាននាំឱ្យដំណើរការនៃការចាក់វ៉ាក់សាំងហាក់មានភាពយឺតយ៉ាវខ្លាំងនោះ។

សម្រាប់កិច្ចជំនួបកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធមិត្តដ៏សំខាន់នេះ បញ្ហាផ្សេងៗទៀតដូចជាបញ្ហាកូរ៉េខាងជើង បញ្ហាវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបញ្ហាបរិស្ថានក៏ត្រូវបានលើកយកមកពិភាក្សាលម្អិតផងដែរ។ ជាក់ស្តែង ដោយផ្អែកទៅនឹងការរំពឹងទុកអំពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗ បានរៀបចំគម្រោងបោះទុនវិនិយោគដល់ជាង ៣៩.៤ ប៊ីលានដុល្លារ ទៅក្នុងទីផ្សារអាម៉េរិក អាចជាការត្រួសត្រាយផ្លូវសម្រាប់ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូង ដូចជា Samsung និង LG ជាដើម ឈានជើងចូលក្នុងទីផ្សារអាម៉េរិកកាន់តែបានជ្រៅជាងមុនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *