កូរ៉េខាងត្បូង៖ ករណីឆ្លងកូវីដដំបូងបង្អស់ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ត្រូវបានអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ប្រកាសរកឃើញនៅថ្ងៃសុក្រនេះ បើតាមការចុះផ្សាយដោយសារព័ត៌មាន Yonhap News។
បើតាមការបញ្ជាក់ពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថា ករណីដំបូងដែលគេរកឃើញវិជ្ជមានកូវីដលើអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់នេះ គឺត្រូវបានរកឃើញលើអ្នកដែលមានអាយុ២០ឆ្នាំជាង ហើយយ៉ាងណាមិញអត្តសញ្ញាណរបស់អ្នកឆ្លងដំបូងនេះមិនត្រូវបានគេបញ្ចេញនោះទេ។ ករណីអ្នកឆ្លងកូវីដក្រោយបានចាក់វា៉ក់សាំងរួចរាល់នេះ គឺត្រូវរកឃើញថាបានឆ្លងក្រោយពីលើស១៤ថ្ងៃ រាប់ពីថ្ងៃបានចាក់វ៉ាក់សាំងកូវីដរួចរាល់មក។
ករណីនេះគេចាត់ទុកជាករណីរកឃើញពិសេស ដែលគេសំដៅដល់អ្នកដែលរកឃើញវិជ្ជមានកូវីដ ក្នុងចន្លោះពេលដែលបានចាក់វ៉ាក់សាំងកូវីដលើកទី១ហើយកំពុងរង់ចាំចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ឬអ្នកដែលរកឃើញវិជ្ជមានកូវីដ ២សប្តាហ៍ឡើងទៅក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់អស់ហើយនោះ។
មន្ត្រីជំនាញនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានបញ្ជាក់ថាករណីនេះជាករណីទីមួយដែលគេរកឃើញអ្នកដែលវិជ្ជមានកូវីដក្រោយពីបានចាក់វ៉ាក់សាំងកូវីដ ១៤ថ្ងៃរួចមក។ ក្នុងនោះដែរ អជ្ញាធរសុខាភិបាលបញ្ជាក់ថា ករណីបែបនេះនឹងត្រូវរកឃើញបន្តបន្ទាប់ទៀត ខណៈដែលអជ្ញាធរកំពុងបង្កើនល្បឿននៃកម្មវិធីចាក់វ៉ាក់សាំងនេះឱ្យបានកាន់តែលឿននោះ ដែលក្នុងហេតុផលនេះ ដែលអជ្ញាធរសុខាភិបាលបានបញ្ជាក់ថាបើទោះបីជាបានចាក់វ៉ាក់សាំងកូវីដរួចរាល់ ក៏ត្រូវតែបន្តពាក់ម៉ាស់ជាប្រចាំផងដែរ។
គិតត្រឹមថ្ងៃសុក្រព្រឹកនេះ ចំនួនអ្នកចាក់វ៉ាក់សាំងសរុបមានដល់ ៣,៧៧២,៥៩៩ នាក់ ខណៈដែលអ្នកបានទទួលវ៉ាក់សាំងកូវីដរួចរាល់ទាំងពីរដូស មាន ១,១៨០,៥១៦ នាក់ ឬប្រមាណ ២.៥% នៃប្រជាជនទូទាំងប្រទេស។