កូរ៉េខាងត្បូង៖ វិធានការគម្លាតសង្គមដើម្បីការពារជំងឺកូវីដ-១៩ ដែលមានបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវបន្តអនុវត្តរយៈពេល ៣សប្តាហ៍បន្តទៀត នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ ខណៈដែលករណីឆ្លងបន្តមានការកើតឡើងលក្ខណៈជាចង្កោមតាមទីតាំងផ្សេងៗ និងមានការបន្តឆ្លងប្រភេទមេរោគបម្លែងខ្លួនថ្មីផងដែរ។
តាមរយៈសេចក្តីប្រកាសថ្មីនេះ តំបន់ប្រជុំជនធំៗជុំវិញសេអ៊ូល មានខេត្តឃ្យ៉ុងគី ទីក្រុងសេអ៊ូល និងអ៊ីនឆន់នឹងបន្តស្ថិតនៅក្រោមវិធានការគម្លាតសង្គមកម្រិត២ ខណៈដែលទីតាំងផ្សេងៗទូទាំងប្រទេសនឹងបន្តស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត១.៥ដដែល ដោយនឹងបន្តអនុវត្តចាប់ពីថ្ងៃចន្ទទី ២៤ ឧសភា ២០២១នេះទៅ រយៈពេលបីសប្តាហ៍បន្តទៀត។
ក្នុងនោះដែរ ការហាមឃាត់ជួបជុំចាប់ពី ៥នាក់ឡើងទៅ និងការហាមឃាត់ ឬការរឹតបន្តឹងអនុវត្តវិធានការគម្លាតសង្គមលើរបរអាជីវកម្មប្រភេទមួយចំនួន ដូចជាហាងកាហ្វេ និងភោជនីយដ្ឋាននឹងនៅតែបន្តអនុវត្តដូចគ្នាផងដែរ។
រាយការណ៍ក្នុងសារព័ត៌មាន Yonhap News លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum បានបញ្ជាក់ថា ករណីចំនួនឆ្លងកូវីដប្រចាំថ្ងៃជាមធ្យមនៅតែស្ថិតនៅកម្រិត៥០០ករណីជាងដដែល ដែលនេះជាអ្វីដែលអជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ ដោយសារតែវានៅតែមានឥទ្ធិពលអវិជ្ជមានមកលើជីវភាពប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រីក៏បានកត់សម្គាល់ចំណុចអវិជ្ជមានដែលរដ្ឋាភិបាល និងអជ្ញាធរសុខាភិបាលទទួលបានសមិទ្ធផល ក្នុងការបង្ការជំងឺកូវីដ-១៩ នេះ ចំនួនអ្នកជំងឺឈឺធ្ងន់ហាក់មានការធ្លាក់ចុះច្រើន ដោយសារតែវិធានការផ្តល់វ៉ាក់សាំងកូវីដដល់ប្រជាជនក្រុមអាយុច្រើនដែលទទួលហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ជាងគេ បើមានកូវីដនោះ ហើយចំនួនគ្រែពេទ្យសម្រាប់ទទួលព្យាបាលអ្នកជំងឺក៏មានស្ថានភាពគ្រប់គ្រាន់ផងដែរ។
ស្ថិតនៅចំពោះមុខនៃការបន្តកម្មវិធីចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងនេះ បញ្ហាកង្វះខាតវ៉ាក់សាំងក្នុងស្តុកនៅតែបន្តនាំឱ្យដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយយឺតយ៉ាវមែនទែន ខណៈដែលគម្រោងរបស់រដ្ឋាភិបាលសម្រេចចាក់វ៉ាក់សាំងឱ្យបានដល់ ១៣លាននាក់ ត្រឹមចុងខែមិថុនានេះ នៅតែជាមន្ទិលសង្ស័យនៅឡើយ។
គិតត្រឹមថ្ងៃសុក្រព្រឹកនេះ ចំនួនអ្នកចាក់វ៉ាក់សាំងសរុបមានដល់ ៣,៧៧២,៥៩៩ នាក់ ខណៈដែលអ្នកបានទទួលវ៉ាក់សាំងកូវីដរួចរាល់ទាំងពីរដូស មាន ១,១៨០,៥១៦ នាក់ ឬប្រមាណ ២.៥% នៃប្រជាជនទូទាំងប្រទេស។