២នាក់ បាត់បង់ជីវិត និង៦នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលឈានដល់ការផ្ទុះ និងរលំអាគារមួយកន្លែងនៅក្នុងទីក្រុងសេអ៊ូល

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្ស២នាក់ បាត់បង់ជីវិត និង៦នាក់ទៀតរងរបួស នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងករណីផ្ទុះដ៏រន្ធត់មួយកើតឡើងនៅនៅក្នុងទីក្រុងសេអ៊ូលតែម្តង វេលាថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ២០២១នេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលនាំឈានដល់ការផ្ទុះដ៏ខ្លាំងមួយទៀតនេះ គឺកើតឡើងនៅលើដងផ្លូវមួយកន្លែងនៅភាគខាងត្បូង ឈាងខាងលិចក្នុងទីក្រុងសេអ៊ូលតែម្តង ប្រហែលជានៅវេលាម៉ោង ១១ ថ្ងៃត្រង់ (ម៉ោងក្នុងប្រទេសកូរ៉េ)។ បើតាមការរៀបរាប់ពីកម្លាំងសមត្ថកិច្ច ករណីនេះកើតឡើងដោយសារតែមានរថយន្តដឹកទំនិញ ២ គ្រឿងបានបុកគ្នាពេញទំហឹង ហើយក្រោយពីបានបុកគ្នានោះ រថយន្តមួយគ្រឿងបានហួសទៅបុកខ្ទប់នឹងអាគារកម្ពស់៥ជាន់មួយកន្លែងនៅជិតនោះទៀត។

ក្រោយពីរថយន្ត១គ្រឿងដែលហួសទៅបុកខ្ទប់នឹងអាគារនោះរួចមក ក៏បានបានផ្ទុះឆាបឆេះឡើងនៅនឹងអាគារនោះតែម្តងដោយសារតែការលេចធ្លាយបំពង់ហ្គាសនៅនឹងអាគារនោះ ដោយសារតែត្រូវរថយន្តដឹកទំនិញ ហួសមកបុកខ្ទប់នេះឯង។ កម្លាំងនៃការផ្ទុះនេះបានបណ្តាលឱ្យមានការបាក់រលំអាគារកម្ពស់១ជាន់ដែលនៅជាប់គ្នានោះ ដែលក្រោយពីការរុករកក្នុងគំនរបាក់បែកនៃអាគាររហូតដល់ម៉ោង ១២:៤០ ថ្ងៃត្រង់ ទើបគេរកឃើញមានសាកសពស្រ្តី២នាក់ បានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះ។

ក្នុងនោះ បើតាមការបញ្ជាក់របស់សមត្ថកិច្ច ស្រ្តីម្នាក់ដែលបានបាត់បង់ជីវិត បើពិនិត្យមើលតាមកាំមេរ៉ាសុវត្ថិភាព ខណៈពេលកំពុងតែដើរឆ្លងកាត់ទីតាំងអគារកើតហេតុ ប្រហែលជាត្រូវបានបុកដោយរថយន្តដឹកទំនិញធំនោះ មកខ្ទប់នឹងអាគារដែលកើតហេតុនោះតែម្តងបណ្តាលឱ្យបាត់បង់ជីវិត ខណៈដែលស្រ្តីម្នាក់ទៀត ទំនងជាបានស្ថិតនៅក្នុងអាគារកើតហេតុនោះតែម្តង នៅពេលដែលផ្ទុះ ដែលបណ្តាលឱ្យបាត់បង់ជីវិតដូចគ្នា។ យ៉ាងណាមិញ អត្តសញ្ញាណនៃជនរងគ្រោះមិនទាន់ត្រូវបានស្វែងរកដឹងនោះទេ។

ចំណែកឯមនុស្ស ៦នាក់ផ្សេងទៀតដែលរងរបួស រួមមានទាំងអ្នកបើកបររថយន្តផង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ អគ្គីភ័យដែលឆាបឆេះ ក្រោយពេលដែលផ្ទុះនោះ ត្រូវគេចំណាយពេលដល់ទៅ ៣ម៉ោង ១២នាទី ទើបបានពន្លត់ទាំងស្រុង។

Leave a Reply

Your email address will not be published. Required fields are marked *