សេអ៊ូល៖ របបកូរ៉េខាងជើង កាលពីថ្ងៃសុក្រ បានព្រលយពាក្យថា ខ្លួនអស់ទំនុកចិត្តលើរដ្ឋាភិបាលកូរ៉េខាងត្បូងទាំងស្រុងទៅហើយ ព្រមទាំងបានព្រមានថាកូរ៉េខាងត្បូងនឹង «ស្តាយក្រោយ ហើយឈឺចាប់» នាពេលខាងមុខមិនខាន។
បើទោះជារដ្ឋាភិបាលក្រុងសេអ៊ូល ជាការឆ្លើយតប បានសន្យាថានឹងចាត់ការឱ្យបានតឹងរ៉ឹង មិនឱ្យមានហេតុការណ៍ដូចនេះកើតឡើងម្តងទៀតក៏ដោយ ក៏របបកូរ៉េខាងជើងបានទាត់ចោល ហើយលើកឡើងថាការឆ្លើយតបកម្រិតនេះ មិនស្មើនឹងកម្រិតនៃការប្រមាថមើលងាយដល់កូរ៉េខាងជើង តាមរយៈការបង្ហោះសារប្រឆាំងកូរ៉េខាងជើង ចូលក្នុងទឹកដីខ្លួននោះទេ។
ការកើនឡើងកម្តៅចុងក្រោយនេះ បណ្តាលមកពីការចោទប្រកាន់របស់កូរ៉េខាងជើង ថារដ្ឋាភិបាលកូរ៉េខាងត្បូងអនុញ្ញាតឱ្យមានការបង្ហោះសារប្រឆាំងកូរ៉េខាងជើង ចូលក្នុងទឹកដីខ្លួន ដែលកូរ៉េខាងជើងលើកឡើងថាជាទង្វើទទួលយកមិនបានដាច់ខាត។
សារប្រឆាំងរបបកូរ៉េខាងជើងដែលគេបង្ហោះទៅនោះ គឺបង្ហោះដោយពួកសកម្មជនប្រឆាំងនឹងកូរ៉េខាងជើង រួមមានអ្នកដែលបានលួចរត់ចេញរួចពីកូរ៉េខាងជើងផងដែរ។ ក្នុងសារដែលគេបង្ហោះតាមបាឡុងឆ្លងព្រំដែននោះ មានខិតប័ណ្ណប្រឆាំងរបប និងថ្នាក់ដឹកនាំកូរ៉េខាងជើង រួមនឹងឧបករណ៍ផ្សេងៗដូចជា USB Flash និងក្រដាសប្រាក់ ១ ដុល្លារ ដើម្បីឱ្យប្រជាជនក្រីក្រកូរ៉េខាងជើងរើសយក។