កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងក្រុមអនុព័ន្ធការងារនៃស្ថានទូត បានជួបពិភាក្សាការងារជាមួយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទងនឹងផលលំបាករបស់និយោជក និងនិយោជិកកម្ពុជានៅក្នុងប្រទេស នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតនៅរសៀលថ្ងៃទី ២០ ឧសភា ២០២១នេះ។
រៀបចំឡើងនៅស្ថានទូតកម្ពុជាប្រចាំទីក្រុងសេអ៊ូល ជំនួបពិភាក្សានេះមានការចូលរួមពីតំណាងនៃអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស ដឹកនាំដោយ លោក Kim sung-jae អនុប្រធានអង្គភាព ទទួលបន្ទុកពលកម្មបរទេស។ កិច្ចប្រជុំនេះបានលើកឡើងនូវបញ្ហាមួយចំនួន ដែលក្រុមការងារអនុព័ន្ធនៃស្ថានទូតកម្ពុជាបានទទួល ដូចជាព័ត៌មានទាក់ទងនឹងផលលំបាករបស់និយោជក និងនិយោជិក ជួបប្រទះនាពេលបច្ចុប្បន្ន។ ក្នុងនោះដែរភាគីទាំងពីរ ក៏បានស្វែងរកដំណោះស្រាយក្នុងការឆ្លើបតបទៅបញ្ហាទាំងនេះផងដែរ។
លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ ក្នុងឱកាសនោះដែរ ក៏បានកោតសរសើរ និងអរគុណភាគីកូរ៉េ ក្នុងការទទួលយកពលករកម្ពុជា នៅអំឡុងពេលវិបត្តិជំងឺកូវីដ និងស្នើសុំឱ្យភាគីកូរ៉េបង្កើនសហប្រតិបត្តិការដ៏ប្រសើរនេះ ជាមួយកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា លោក Kim sung-jae បានទទួលតំណែងជាអនុប្រធានទទួលបន្ទុកពលកម្មបរទេសនៅខែមេសា ឆ្នាំ២០២១ ហើយគាត់បានកោតសរសើរ និងចាត់ទុកប្រទេសកម្ពុជា គឺជាប្រទេសលំដាប់ទីមួយ ក្នុងការបញ្ជូន និងគ្រប់គ្រងពលករ ក៏ដូចជាការយកចិត្តទុកដាក់ ព្រួយបារម្ភទៅដល់ពលករ បានល្អជាងគេ។ ក្នុងនោះ លោក Kim បានសន្យាក្នុងការជួយដល់ប្រទេសកម្ពុជា និងបង្កើនសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយលោកពិតជារីករាយ និងមានអារម្មណ៍ត្រេកអរ ក្នុងការសហការជាមួយស្ថានទូតកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានថ្នាក់ដឹកនាំ និងបុគ្គលិក ពោរពេញទៅដោយសមត្ថភាព ចំណេះដឹង ភាពរឹងមាំ និងឆន្ទៈមោះមុតក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។