តុលាការកូរ៉េខាងត្បូង ផ្តល់សំណងជំងឺចិត្ត ១៧២លានវ៉ុន ដល់គ្រួសារជនរងគ្រោះម្នាក់ ដែលរងចោទប្រកាន់ខុសថាជាចារកម្មឱ្យកូរ៉េខាងជើង កាលពី ៥០ឆ្នាំមុន

កូរ៉េខាងត្បូង៖ តុលាការកូរ៉េខាងត្បូងកាលពីថ្ងៃពុធនេះ បានកាត់សេចក្តីចេញសំណងប្រមាណដល់ ១៧២លានវ៉ុន (ប្រមាណ ១៥២,០០០ ដុល្លារ) ឱ្យទៅក្រុមគ្រួសាររបស់បុរសម្នាក់ដែលត្រូវបានរងការចោទប្រកាន់ខុសកន្លងមកថាជាជនបន្លំធ្វើចារកម្មឱ្យប្រទេសកូរ៉េខាងជើង ជាករណីថ្មីមួយទៀតនៃប្រព័ន្ធតុលាការកូរ៉េខាងត្បូង ដែលពាក់ព័ន្ធនឹងការផ្តល់សំណងជំងឺចិត្តដល់ជនរងគ្រោះ ដែលរងការចោទប្រកាន់ខុសនោះ។

រាយការណ៍ក្នុងសារព័ត៌មាន Korea Times ឱ្យដឹងថាបុរសម្នាក់ត្រូវបានគេចាប់ជម្រិតយកទៅកូរ៉េខាងជើង ខណៈដែលកំពុងធ្វើនេសាទនៅលើដែនទឹកនៅតំបន់ព្រំដែនកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅនឹងប្រជុំកោះ Yeonpyeong កាលពីខែឧសភា ឆ្នាំ១៩៦៨ ហើយក្រោយពីត្រូវបានគេដោះលែងមកផ្ទះក្នុងខែតុលា ប្រមាណប៉ុន្មានខែបន្ទាប់វិញនោះ បុរសរូបនេះក៏ត្រូវបានសមត្ថកិច្ចកូរ៉េខាងត្បូងឃាត់ខ្លួនវិញ ដោយចោទប្រកាន់ថាបានលួចឆ្លងព្រំដែនប្រទេសកូរ៉េ នៅពេលដែលធ្វើនេសាទនោះ មុនពេលដែលត្រូវបានគេចាប់ជម្រិតទៅកូរ៉េខាងជើងទៅទៀត ដែលគេសន្និដ្ឋានថាជាការលួចធ្វើចារកម្ម ធ្វើ់ឱ្យលេចធ្លាយព័ត៌មានសម្ងាត់យោធាទៅឱ្យកូរ៉េខាងជើង ដែលល្មើសផងដែរទៅនឹងច្បាប់ប្រឆាំងពួកកុំម្មុយនីស្ត និងច្បាប់ពាក់ព័ន្ធការធ្វើនេសាទនៅក្នុងប្រទេសកូរ៉េខាងត្បូងជាដើម។

ពាក់ព័ន្ធនឹងការរងការចោទប្រកាន់ថាបានធ្វើជាចារកម្មលួចផ្តល់ព័ត៌មានសម្ងាត់ជាតិឱ្យទៅកូរ៉េខាងជើងនេះហើយ បុរសរូបនេះកាលនោះត្រូវបានតុលាការឃុំខ្លួនមួយឆ្នាំនៅក្នុងគុករហូតដល់ខែធ្នូ ឆ្នាំ១៩៦៩ ហើយក្រោយមកត្រូវបានដាក់ឱ្យរស់នៅក្រៅឃុំ តែស្ថិតក្នុងការបន្តឃ្លាំមើលពីអជ្ញាធររយៈពេល១០ឆ្នាំបន្ត ពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ ថែមទៀត។

យ៉ាងណាមិញ ក្រោយពីបានឆ្លងកាត់រឿងហេតុទាំងអស់នេះរួចមក បុរសខាងលើបានបាត់បង់ជីវិតកាលពីឆ្នាំ២០០៦កន្លងទៅហើយ តែក្រុមគ្រួសាររបស់បុរសរូបនេះ បានសើរើករណីនេះទៅកាន់តុលាការនៅឆ្នាំ២០១៩ ស្នើឱ្យមានការកាត់សេចក្តីឡើងវិញ និងក្រោយពីការតាមដានពិនិត្យករណីនេះជាថ្មីរួចមក តុលាការរកឃើញថាបុរសរូបនេះ ត្រូវបានសមត្ថកិច្ចកាលពីជំនាន់ឆ្នាំ១៩៦៩នោះ ធ្វើការឃាត់ខ្លួនមកស៊ើបអង្កេតដោយមិនមានដីកាចាប់ខ្លួន ឬអាចនិយាយបានថាដំណើរការស៊ើបអង្កេតករណីទាំងមូលនោះជាការអនុវត្តខុសនីតិវិធីច្បាប់។ ដូចនេះហើយក្រុមគ្រួសាររបស់បុរសខាងលើនេះបានប្តឹងទៅតុលាការទាមទារនូវសំណងសងជំងឺចិត្តដល់ជនរងគ្រោះវិញ។

ជុំវិញករណីនេះ តុលាការក្រុងសេអ៊ូលនាពេលបច្ចុប្បន្នបានចេញសាលដីកា ដោយសម្រេចថារដ្ឋកូរ៉េខាងត្បូងមានកាតព្វកិច្ចសងនូវសំណងខូចខាតចំពោះការរងគ្រោះ ប៉ះពាល់ផ្លូវចិត្តជុំវិញករណីខាងលើ ដែលបុរសរងគ្រោះត្រូវបានចោទប្រកាន់ជាចារកម្មខុស និងត្រូវបានចាប់យកមកស៊ើបអង្កេតដោយខុសនីតិវិធីច្បាប់នេះ។ តុលាការក៏បានបញ្ជាក់ពីការរងគ្រោះរបស់បុរសខាងលើ ក្នុងខណៈពេលនោះដែលរដ្ឋាភិបាលកូរ៉េខាងត្បូងស្ថិតក្រោមការគ្រប់គ្រងរបស់យោធា និងដែលបានជះឥទ្ធិពលនោះទៅលើករណីស៊ើបអង្កេតរបស់បុរសខាងលើនេះ។

ជាលទ្ធផល តុលាការសម្រេចផ្តល់សំណងជំងឺចិត្តត្រឹមតែ ១៧១.៦លានវ៉ុន ប៉ុណ្ណោះចំពោះការទាមទារសំណងដល់ទៅ ៥៤០លានវ៉ុនពីក្រុមគ្រួសារជនរងគ្រោះ ដែលបានប្តឹងសើរើករណីនេះទៅតុលាការវិញនោះ។

Leave a Reply

Your email address will not be published. Required fields are marked *