កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងសហការីនៃស្ថានទូតបានអញ្ជើញ បំពេញការងារការទូតសេដ្ឋកិច្ច នៅមន្ទីរពិសោធសុខាភិបាលសេអ៊ូល (Seoul Clinical Laboratory) តបទៅនឹងការអញ្ជើញ និងការសម្របសម្រួលរបស់លោកសាស្រ្តាចារ្យសកលវិទ្យាល័យ Yonsei នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកឯកអគ្គរាជទូតនៅរសៀលថ្ងៃអង្គារនេះ។
ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង តបតាមការអញ្ជើញ និងការសម្របសម្រួលរបស់លោកសាស្រ្តាចារ្យ RYU John សាស្រ្តាចារ្យសកលវិទ្យាល័យ Yonsei និងជាអតីតប្រធានប្រព័ន្ធធានារ៉ាប់រងសុខភាព (HIRA) ដែលមានគោលបំណងជំរុញការផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយកម្ពុជា ជាពិសេសក្នុងដំណាក់កាលអន្តរកាលនៃជំងឺកូវីដ-១៩ ដោយលោកប្រធានមន្ទីរពិសោធនឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងបង្កើតរោងចក្រផលិតឧបករណ៍វិនិច្ឆ័យមេរោគកូវីដ-១៩ មេរោគផ្សេងៗ និងថ្នាំបង្កាវាក់សាំងផងដែរ។
ជាផ្នែកមួយនៃបេសកកម្មការទូតសេដ្ឋកិច្ចថ្មី បើតាមការបញ្ជាក់របស់លោកឯកអគ្គរាជទូតផ្ទាល់ ក្រុមការងារបានទៅពិនិត្យ និងទស្សនកិច្ចនៅមន្ទីរពិសោធសុខាភិបាលសេអ៊ូល (Seoul Clinical Laboratory) ដែលជាមន្ទីរពិសោធល្បី បំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ជំនាញលើការវិភាគមេរោគ ថ្នាំបង្កាមេរោគ និងផលិតម៉ាស៊ីនវិភាគមេរោគផ្សេងៗនៅកូរ៉េ ក៏ដូចជានៅតាមបណ្តាប្រទេសមួយចំនួនធំនៅលើពិភពលោក។ បើតាមការបញ្ជាក់ផងដែរនោះ បច្ចេកវិទ្យានៃមន្ទីរពិសោធនេះទៀតសោត បាននាំចេញទៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយក្នុងនោះឆ្នាំ២០២០ បាននាំចូលបច្ចេកវិទ្យាថ្មីពិនិត្យកូវីដ១៩ ទៅប្រទេសឥណ្ឌូនេស៊ីផងដែរ។