ពលរដ្ឋកូរ៉េខាងត្បូង ជន្លៀសពីប្រទេសឥណ្ឌា ៣៨នាក់ រកឃើញថាមានវិជ្ជមានកូវីដ-១៩ ដែលក្នុងនោះ ៤នាក់ រកឃើញមានកូវីដប្រភេទបម្លែងខ្លួនថ្មី

កូរ៉េខាងត្បូង៖ យ៉ាងហោច មានជនជាតិកូរ៉េខាងត្បូងដល់ទៅ ៣៨នាក់ ដែលទើបនឹងមកដល់ពីប្រទេសឥណ្ឌា តាមជើងហោះហើរពិសេស ក្នុងខែឧសភានេះ ត្រូវបានរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ បើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

ក្នុងចំណោមជនជាតិកូរ៉េខាងត្បូងដល់ ១,០៣៩នាក់ ដែលត្រូវបានរៀបចំឱ្យហោះហើរមកពីប្រទេសឥណ្ឌាវិញតាមជើងហោះហើរពិសេសកន្លងមកនេះ ប្រមាណជា ៣.២% នៃអ្នកទាំងអស់នោះត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នេះ​បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូរ៉េ (KDCA) ។

ក្នុងចំណោមអ្នកទាំង ៣៨នាក់ ដែលរកឃើញថាមានវិជ្ជមានកូវីដពេលត្រឡប់ពីប្រទេសឥណ្ឌាវិញនោះ មាន១៥នាក់ ត្រូវបានរកឃើញភ្លាមៗនៅនឹងព្រលានយន្តហោះពេលចុះចត ខណៈអ្នកនៅសល់ប៉ុន្មានទៀតត្រូវបានរកឃើញវិជ្ជមានក្រោយពេលកំពុងធ្វើចត្តាឡីស័ក។

ពាក់ព័ន្ធនឹងប្រភេទមេរោគបម្លែងខ្លួនថ្មីពីប្រទេសឥណ្ឌានេះ ក្នុងចំណោមអ្នកជំងឺ ៣៨នាក់ដែលរកឃើញវិជ្ជមានកូវីដនោះ មាន៤នាក់បានឆ្លងនូវប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មីពីប្រទេសឥណ្ឌានេះ។

គិតចាប់ពីថ្ងៃទី៤ឧសភា​ មកដល់ថ្ងៃនេះ កូរ៉េខាងត្បូងបានរៀបចំជើងហោះហើរពិសេស ចំនួន៦ជើងហើយ ដើម្បីដឹកយកប្រជាជនកូរ៉េខាងត្បូង ពីប្រទេសឥណ្ឌា ដែលមានករណីផ្ទុះកូវីដកំពុងឡើងខ្លាំង ជាតួលេខច្រើនបំផុតក្នុងពិភពលោកក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ និងជាពិសេសគឺមាននូវវត្តមានប្រភេទមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី ដែលមានសមត្ថភាពឆ្លងបានលឿនជាងមេរោគកូរ៉ូណាធម្មតាទូទៅ។

ដោយសារតែហានិភ័យនៃការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដនៅក្នុងប្រទេសឥណ្ឌានេះហើយ តាំងពីខែមីនា ឆ្នាំមុនមក ជើងហោះហើរផ្ទាល់រវាងប្រទេសឥណ្ឌា និងប្រទេសកូរ៉េខាងត្បូងត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយប្រទេសទាំងពីរប្រតិបត្តិជើងហោះហើរ តែប្រភេទជើងហោះហើរពិសេសទូទៅប៉ុណ្ណោះ ហើយចាប់តាំងពីខែមេសាឆ្នាំ២០២១នេះ កូរ៉េខាងត្បូងបានផ្អាកជើងហោះហើរប្រភេទពិសេសទូទៅនេះផងដែរ ដោយអនុញ្ញាតឱ្យមានតែជើងហោះហើរពិសេសដែលដឹកតែប្រជាពលរដ្ឋកូរ៉េវិញប៉ុណ្ណោះ។

អ្នកធ្វើដំណើរទាំងអស់ជាប្រជាពលរដ្ឋកូរ៉េមកពីឥណ្ឌាតាមជើងហោះហើរពិសេសនេះ គឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដោយក្នុងនោះ ៧ថ្ងៃដំបូងត្រូវធ្វើនៅទីតាំងកំណត់ដោយអជ្ញាធរ ហើយក៏ត្រូវធ្វើតេស្តកូវីដដល់ទៅ៣ដងផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *