សហរដ្ឋអាម៉េរិកគ្រោងបញ្ចេញវ៉ាក់សំាងកូវីដរបស់ខ្លួន ៨០លានដូស ចែកចាយឱ្យប្រទេសនានា ហើយសន្យាធ្វើខ្លួនជា “កាំភ្លើងធំនៃវ៉ាក់សាំងកូវីដ” របស់ពិភពលោក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ថាគ្រោងនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ បន្ថែមចំនួន ២០លានដូសទៀត ពីលើវ៉ាក់សាំង AstraZeneca ៦០លានដូសទៀត សម្រាប់បញ្ចេញជូនទៅក្រៅប្រទេសនៅចុងខែមិថុនាខាងមុខនេះ ជាអ្វីដែលលោកប្រធានាធិបតីអាម៉េរិកសន្យាថា នឹងធ្វើឱ្យសហរដ្ឋអាម៉េរិកក្លាយទៅជា កាណុងកាំភ្លើងធំ បាញ់បញ្ចេញវ៉ាក់សាំងសម្រាប់ពិភពលោកទាំងមូល។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News ការប្រកាសថ្មីនេះមានន័យថាសហរដ្ឋអាម៉េរិកគ្រោងនឹងបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ដល់ទៅ ៨០លានដូស សម្រាប់ទៅប្រទេសនានានៅលើពិភពលោក ហើយក៏ជាលើកទីមួយផងដែរ ដែលសហរដ្ឋអាម៉េរិកប្រកាសបញ្ចេញវ៉ាក់សាំងកូវីដដល់ទៅ២០លានដូសនេះ ដែលជាវ៉ាក់សាំងអជ្ញាធរសុខាភិបាលរបស់ខ្លួនបានទទួលស្គាល់ និងអនុញ្ញាតឱ្យកំពុងប្រើប្រាស់ក្នុងប្រទេសផ្ទាល់ មានដូចជាវ៉ាក់សាំង Pfizer, Moderna និង Johnson and Johnson ផងដែរ។

កាលពីមុនពេលប្រកាសនេះបន្តិច សហរដ្ឋអាម៉េរិកក៏បានប្រកាសផ្តល់វ៉ាក់សាំង AstraZeneca ចំនួន ៦០លានដូសទៅឱ្យប្រទេសនានានៅលើពិភពលោកផងដែរ តែគេដឹងថាវ៉ាក់សាំង AstraZeneca ត្រូវបានអជ្ញាធរសុខាភិបាលអាម៉េរិកប្រកាសឱ្យផ្អាកប្រើប្រាស់សិន ដោយសារតែហេតុផលបារម្ភពីផលប៉ះពាល់សុខភាពដែលអាចកើតមានឡើងកន្លងមក ដូចនេះអាម៉េរិកសម្រេចបញ្ចេញវ៉ាក់សាំង AstraZeneca របស់ខ្លួននៅក្នុងស្តុកដែលមិនប្រើប្រាស់ឱ្យទៅប្រទេសផ្សេងៗ ដែលអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងនេះបាន។

លោកប្រធានាធិបតីបញ្ជាក់ថា ក្នុងរយៈពេល ៦សប្តាហ៍ខាងមុខនេះ សហរដ្ឋអាម៉េរិកនឹងបញ្ចេញវ៉ាក់សាំងសរុបដល់ទៅ ៨០លានដូសទៅក្រៅប្រទេស គឺ១៣% នៃវ៉ាក់សាំងទាំងអស់ដែលបានផលិតនៅក្នុងប្រទេសនេះផ្ទាល់ ដែលចំនួននៃការចែករំលែកវ៉ាក់សាំងនេះ គឺច្រើនជាងប្រទេសនានាទាំងអស់ដែលបានចែករំលែកវ៉ាក់សាំងកូវីដកន្លងមក ដល់ទៅ ៥ដងឯណោះ មានទាំងចិន និងរុស្ស៊ីផងដែរ ដែលបានចែកវ៉ាក់សាំងកូវីដត្រឹមចំនួន ១៥លានដូសប៉ុណ្ណោះ។

លោក ចូ បៃឌិន បានបន្តថា សហរដ្ឋអាម៉េរិកនឹងសហការជាមួយកម្មវិធីចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក កូវ៉ាក់ ដើម្បីធានាឱ្យបានការចែកចាយវ៉ាក់សាំងអាម៉េរិកនេះ ឱ្យបានស្មើភាព ទៅកាន់ប្រទេសនានាលើពិភពលោក និងដើម្បីចូលរួមចំណែកក្នុងការបញ្ចប់មេរោគរាតត្បាតជាសាកលមួយនេះ។

លោកប្រធានាធិបតីក៏បានប្រៀបប្រដូចការចែករំលែកវ៉ាក់សាំងកូវីដនេះ ថាជា កាណុងកាំភ្លើងធំនៃវ៉ាក់សាំងកូវីដ ដែលដូចទៅនឹងកាលជំនាន់សង្គ្រាមលោកលើកទី២ ដែលកាលនោះអាម៉េរិកត្រូវបានគេដាក់ឈ្មោះឱ្យថា ជាកាណុងកាំភ្លើងនៃប្រជាធិបតេយ្យ។

សូមបញ្ជាក់ថា នៅក្រោមកម្មវិធីចែកចាយវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក កូវ៉ាក់ បានទទួលស្គាល់ប្រភេទការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំងកូវីដដូចជា Pfizer, AstraZeneca, Moderna, Johnson and Johnson និង Sinopharm របស់ចិនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *