ចែករំលែក! ថ្ងៃចន្ទសប្តាហ៍ទី៣ នៃខែឧសភា រៀងរាល់ឆ្នាំ ជាថ្ងៃឆ្លងវ័យ ពីវ័យជំទង់ ចូលភាពពេញវ័យ ក្នុងប្រពៃណីកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ថ្ងៃចន្ទ រៀងរាល់សប្តាហ៍ទី៣ នៃខែឧសភា ត្រូវបានគេកំណត់ជាថ្ងៃឆ្លងវ័យ សម្រាប់ប្រទេសកូរ៉េខាងត្បូង។

សម្រាប់ឆ្នាំ២០២១នេះ ថ្ងៃឆ្លងវ័យ ឬភាសាអង់គ្លេសគេហៅថា Coming-of-Age Day ត្រូវចំនឹងថ្ងៃទី ១៧ ខែឧសភា ២០២១នេះ ដែលជាថ្ងៃចន្ទនៃសប្តាហ៍ទី៣ ក្នុងខែឧសភា។ ជាទូទៅ ថ្ងៃពិសេសនេះ គឺជាថ្ងៃអបអរសាទរការឆ្លងវ័យពីវ័យជំទង់ មកជាមនុស្សពេញវ័យ ទៅតាមប្រតិទិន និងការកំណត់ឆ្នាំជាប្រពៃណីរបស់កូរ៉េខាងត្បូង។

សម្រាប់ប្រពៃណីកូរ៉េខាងត្បូង អ្នកដែលឈានចូលអាយុ​​ ២០ឆ្នំា (ឆ្នាំកូរ៉េ) ទាំងប្រុស និងស្រី នឹងត្រូវរៀបចំអបអរសាទរក្នុងថ្ងៃឆ្លងវ័យពិសេសនេះ ដោយមានការរៀបចំកម្មវិធីបែបប្រពៃណីផ្សេងៗ។ ក្នុងនោះក៏មានការរៀបចំជាពិសេសនៅនឹងភូមិប្រពៃណី ណាមសាងហ្គុល ហាណុក – Namsangol Hanok Village (남산골하옥마을) នៅក្នុងទីក្រុងសេអ៊ូលផងដែរ។

អ្នកដែលចូលរួមស្លៀកពាក់ប្រពៃណីបែបកូរ៉េ និងឱនគោរពម្តាយឪពុករបស់ខ្លួនជាការដឹងគុណទៅវិញទៅមក ហើយមានពិធីរៀនផឹកស្រា ដែលតំណាងឱ្យការឆ្លងចូលភាពពេញវ័យ តែជាទម្លាប់គេអាចជំនួសស្រាជា តែវិញក៏បានផងដែរ។ ពិធីប្រពៃណីចុងក្រោយ គឺការពោលពាក្យសម្បថជានិមិត្តរូប ដើម្បីធ្វើខ្លួនជាមនុស្សពេញវ័យឱ្យបានត្រឹមត្រូវ។ ក្រោយពីចប់ពិធីប្រពៃណីជានិមិត្តរូបនេះហើយ អ្នកដែលចូលរួមត្រូវគេចាត់ទុកជាមនុស្សពេញវ័យជាផ្លូវការតាមបែបប្រពៃណីហើយ។

បើតាមប្រពៃណីកូរ៉េខាងត្បូង ពិធីឆ្លងវ័យនេះ ប្រហាក់ប្រហែលទៅនឹងប្រពៃណីនៃប្រទេសផ្សេងដែរ តែខុសត្រង់កូរ៉េខាងត្បូងកំណត់តាមឆ្នាំកូរ៉េយកអាយុ២០ឆ្នាំជាការឈានចូលភាពពេញវ័យ ខណៈប្រពៃណីភាគច្រើនសន្មតថាមនុស្សពេញវ័យនៅអាយុ១៨ឆ្នាំ។ យ៉ាងណាមិញ សម្រាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ឆ្នាំកូរ៉េគឺរាប់ចាប់តាំងពីពេលទារកមិនទាន់កើតមក ដូចនេះនៅពេលទារកចាប់កំណើតមកភ្លាម គឺមានអាយុ ១ឆ្នាំរួចជាស្រេចទៅហើយ។

Leave a Reply

Your email address will not be published. Required fields are marked *