កូរ៉េខាងត្បូង៖ កងទ័ពអាម៉េរិកប្រចាំការនៅលើទឹកដីកូរ៉េខាងត្បូង (USFK) បានស្នើផ្តល់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួនជូនដល់រដ្ឋាភិបាលកូរ៉េខាងត្បូង ជាវិធានការមួយដើម្បីជួយសម្រួលដោះស្រាយបញ្ហាកង្វះខាតវ៉ាក់សាំងកូវីដ ដែលអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំពុងប្រឈមសព្វថ្ងៃ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលកូរ៉េ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
កងទ័ពអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូង បានស្នើផ្តល់វ៉ាក់សាំងកូវីដរបស់ខ្លួនដល់ទៅប្រហែល ១៣,០០០ ដូស ជាវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Johnson & Johnson (J&J) ដល់ក្រសួងការពារជាតិកូរ៉េខាងត្បូង ហើយដែលពេលនេះក្រសួងការពារជាតិ កំពុងសហការជាមួយនឹងអជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំពុងពិភាក្សាថាគួរយកវ៉ាក់សាំងដែលទទួលបានពីកងទ័ពសហរដ្ឋអាម៉េរិកនេះមកប្រើប្រាស់ដូចម្តេចខ្លះ និងគួរផ្តល់អាទិភាពជូនក្រុមណា នេះបើតាមការបញ្ជាករបស់ប្រភពមន្ត្រីរដ្ឋាភិបាលកូរ៉េដដែលនេះ។
កាលពីខែមីនាកន្លងទៅ កងទ័ពអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដោយឡែកសម្រាប់កងទ័ពរបស់ខ្លួនដោយប្រើប្រាស់វ៉ាក់សាំង Johnson & Johnson (J&J) ជាមួយនឹងវ៉ាក់សាំង Moderna ហើយគិតមកដល់ពេលនេះប្រមាណជាង ៧០% នៃចំនួនកងទ័ពអាម៉េរិកប្រចាំការនៅកូរ៉េខាងត្បូងទាំងអស់បានទទួលវ៉ាក់សាំងរួចរាល់ហើយ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងបច្ចុប្បន្នហាក់កំពុងប្រឈមនឹងកង្វះខាតវ៉ាក់សាំងកូវីដ ខណៈដែលផែនការនៃកម្មវិធីចាក់វ៉ាក់សាំងដែលគ្រោងនឹងផ្តល់ជូនពលរដ្ឋឱ្យបានដល់ ១៣លាននាក់ ត្រឹមចុងខែមិថុនានោះ កាន់តែមានភាពលំបាកក្នុងការអនុវត្ត។ បញ្ហានេះត្រូវបានក្លាយជាបញ្ហាក្តៅសម្រាប់អជ្ញាធរសុខាភិបាល និងរដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវដោះស្រាយ។
កន្លងមក ក្រសួងការបរទេស និងរដ្ឋាភិបាលកូរ៉េខាងត្បូង រួមទាំងទូតកូរ៉េខាងត្បូងនៅសហរដ្ឋអាម៉េរិកផងបានព្យាយាមតាមពិភាក្សា និងបញ្ចុះបញ្ចូលជាមួយរដ្ឋាភិបាលអាម៉េរិក ក៏ដូចជាក្រុមហ៊ុនរបស់អាម៉េរិកដែលផលិតវ៉ាក់សាំងកូវីដ ដូចជាក្រុមហ៊ុន Pfizer, Johnson & Johnson (J&J), Moderna និង Novavax ជាដើម ដើម្បីអាចសម្រួលដឹកបញ្ជូនវ៉ាក់សាំងកូវីដដែលកូរ៉េខាងត្បូងបានបញ្ជាទិញ មកឱ្យកូរ៉េខាងត្បូងឱ្យបានលឿនតាមតែអាចធ្វើទៅបាន។
យ៉ាងណាមិញ គោលការណ៍ក្នុងការប្រើប្រាស់វ៉ាក់សាំងដែលគ្រោងនឹងទទួលបានពីកងទ័ពអាម៉េរិកនេះ ថានឹងចែកចាយសម្រាប់ក្រុមអាទិភាពណានោះ មិនទាន់ត្រូវបានកំណត់នោះទេ តែគេប៉ាន់ស្មានថា វ៉ាក់សាំងរបស់ Johnson & Johnson (J&J) ដែលនឹងទទួលបាននេះ ទំនងជានឹងត្រូវផ្តល់អាទិភាពជូនសម្រាប់ប្រជាជនសាមញ្ញទូទៅវិញ ដោយសារតែកងទ័ពកូរ៉េខាងត្បូងអាយុ៣០ឆ្នាំឡើង ត្រូវបានផ្តល់អាទិភាពកំពុងចាក់វ៉ាក់សាំងនាពេលបច្ចុប្បន្នជិតនឹងបញ្ចប់ទៅហើយ រីឯកងទ័ពដែលមានអាយុក្រោម២០ឆ្នាំ គ្រោងនឹងទទួលវ៉ាក់សាំង Pfizer នៅពាក់កណ្តាលខែមិថុនាឯណោះ។