កូរ៉េខាងត្បូង៖ ឯកអគ្គរាជទូតកម្ពុជានៅប្រទេកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានដឹកនាំក្រុមការងារស្ថានទូត ក្រុមការងារពលករ ក្រុមការងារស្ត្រី និងក្រុមការងារយុវជន ចូលរួមកម្មវិធីបុណ្យភូមិខ្មែរយើងយ៉ាងសប្បាយរីករាយ និងអធិកអធមនៅទីក្រុងថាំងជីន កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាផ្ទាល់។
កម្មវិធីបុណ្យភូមិនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលគាំពារពលករទីក្រុងថាំងជីន និងសមាគមកូនខ្មែរសាមគ្គីទីក្រុងថាំងជីន ហើយក្នុងឱកាសដ៏អធិកអធមនោះដែរក្រៅពីមានវត្តមានរបស់លោកទូត និងក្រុមការងារទាំងអស់ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកអភិបាលក្រុងថាំងជីន និងលោកប្រធានក្រុមប្រឹក្សាភិបាលក្រុងផ្ទាល់ផងដែរ។
លោកអភិបាលក្រុងថាំងជីនបានបញ្ជាក់ប្រាប់លោកឯកអគ្គរាជទូត និងក្រុមការងារថា ទីក្រុងដែលថិតនៅភាគខាងលិចប្រទេសកូរ៉េមួយនេះមានពលរដ្ឋខ្មែរជាស្ត្រីរៀបការ និងពលករកំពុងរស់នៅ និងធ្វើការជាង២០០នាក់។
ក្នុងកម្មវិធីបុណ្យភូមិនេះមានការបង្ហាញពីរបាំប្រពៃណីខ្មែរ ការលេងល្បែងប្រជាជាប្រិយខ្មែរ ការចាប់រង្វាន់អនុស្សាវរីយ៍ និងការចូលរួមរាំលេងកម្សាន្តសប្បាយទាំងលោកអភិបាលក្រុង លោកប្រធានក្រុមប្រឹក្សាភិបាលក្រុង លោកទូត និងក្រុមការងារ បងប្អូនខ្មែរនៅទីនោះប្រកបដោយបរិយាកាសសប្បាយរីករាយ។
អ្វីដែលជាគោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍បុណ្យភូមិនេះ គឺចង់ផ្សព្វផ្សាយវប្បធម៌ខ្មែរយើងអោយកាន់តែទូលំទូលាយទៅកាន់បរទេស ជាពិសេសគឺប្រជាជនកូរ៉េផ្ទាល់តែម្តង។ ហើយបើតាមការបញ្ជាក់របស់តំណាងប្រធានក្រុមសមាគមន៍កូនខ្មែរសាមគ្គីក្រុងថាំងជីន បានឱ្យដឹងថាក្រុមរបស់ខ្ញុំទើបតែបានបង្កើតឡើង ហើយបានហាត់សមទើបតែបាន២ខែ បើគិតជាសាច់ថ្ងៃហាត់បានត្រឹមតែ៨ដងគត់ប៉ុណ្ណោះ។
តំណាងបានរៀបរាប់បន្តថា ត្បិតតែក្រុមខ្លួននៅមានកង្វះខាតក្តី ប៉ុន្តែក្នុងនាមជាតំណាងក្រុមនឹងខំតស៊ូប្រឹងប្រែងបង្ហាត់បង្រៀនទៅកាន់កូនក្រុមខ្លួនអោយកាន់តែស្ទាត់ល្អដើម្បីឆ្ពោះទៅរកភាពជោគជ័យផងដែរ។
ក្នុងឱកាសនោះដែរ ក្រុមការងារស្ថានទូតក៏បានពាំនាំមកជាមួយនូវភេសជ្ជៈបាកាស៥០០ដប និងម៉ាស់២០០០សន្លឹកសម្រាប់ជូនដល់សមាគមផងដែរ។