បាក់រលំដងស្ទូចសង្កត់អ្នកនៅខាងក្រោម នៅរោងចក្រស៊ីម៉ង់មួយនៅខេត្តហ្គាងវ៉ុន បាត់បង់ជីវិតម្នាក់ ជាករណីគ្រោះថ្នាក់ការងារថ្មីទៀតនៅកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ កម្មករនៅរោងចក្រស៊ីម៉ង់មួយកន្លែងនៅទីក្រុងកំពង់ផែដុងហេ (Donghae) បានបាត់បង់ជីវិត ក្រោយពីមានករណីបាក់ដងស្ទូចនៅនឹងកន្លែងរោងចក្រស៊ីម៉ង់របស់ខ្លួន នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលីសកូរ៉េនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមព័ត៌មានដែលរាយការណ៍ដោយប៉ូលីសក្រុងដុងហេ និងមន្ត្រីពន្លត់អគ្គិភ័យនៅហ្គាងវ៉ុន បានឱ្យដឹងថាជនរងគ្រោះដែលជាកម្មកររងគ្រោះបាត់បង់ជីវិតនេះ មានអាយុ៦៣ឆ្នាំ និងជាអ្នកបញ្ជាដងសន្ទូចនៅនឹងរោងចក្រស៊ីម៉ង់នេះផ្ទាល់ ហើយត្រូវបានដងស្ទូចធំធ្លាក់ត្រូវពីលើកម្ពស់ជាង ១០ម៉ែត្រ កាលពីវេលាម៉ោង១១:៤២ យប់ យប់ថ្ងៃសុក្រកន្លងទៅនេះ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែបានបាត់បង់ជីវិតទៅហើយ។

បើតាមការរៀបរាប់ពីកន្លែងកើតហេតុ ឱ្យដឹងថាគ្រោះថ្នាក់នេះកើតឡើងនៅពេលដែលជនរងគ្រោះកំពុងបញ្ជាដងស្ទូចនេះ ដើម្បីលើកឥវ៉ាន់ចុះឡើង។ ជនរងគ្រោះជាកម្មករស៊ីឈ្នួលកុងត្រាដោយក្រុមហ៊ុន SsangYong C&E ហើយនៅថ្ងៃកើតហេតុនោះ គឺគាត់ចូលបំពេញការងារនៅវេនពេលយប់ជាមួយនឹងកម្មករ ៣នាក់ផ្សេងទៀត។

ចំពោះករណីនេះ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្ថែមទៀតដើម្បីអាចកំណត់ច្បាស់ពីមូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់នេះកើតឡើង។ សូមបញ្ជាក់ថានេះជាករណីគ្រោះថ្នាក់នៅនឹងទីតាំងការងារថ្មីទៀត ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

កន្លងមកថ្មីៗនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអញ្ជើញមានវត្តមានផ្ទាល់ ទៅចូលរួមគោរពវិញ្ញាណក្ខ័ន្ធក្នុងពិធីបុណ្យសពរបស់អតីតពលករកូរ៉េខាងត្បូងមួយរូប ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ និងបានសុំអភ័យទោសចំពោះការបន្តកើតមាននូវគ្រោះថ្នាក់ការងារជាបន្តបន្ទាប់ និងបានសន្យាថា លោកនឹងប្រឹងប្រែងដើម្បីត្រួតពិនិត្យប្រព័ន្ធការពារសុវត្ថិភាពក្នុងវិស័យឧស្សាហកម្មបន្ថែមទៀត ហើយនឹងកសាងប្រទេសឱ្យមានសុវត្តិភាព។

Leave a Reply

Your email address will not be published. Required fields are marked *