កូរ៉េខាងត្បូង៖ ស្របពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងចង់បង្កើនល្បឿននៃកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ដំណើរការចូលរៀនក្នុងថ្នាក់ផ្ទាល់ពេញលេញវិញ ក៏គ្រោងនឹងអាចចាប់ផ្តើមបានវិញ នៅអំឡុងពេលចុងឆ្នាំនេះដែរ នេះបើតាមការបញ្ជាក់ចុងក្រោយរបស់នាយករដ្ឋមន្ត្រីទើបនឹងឡើងកាន់តំណែងថ្មីរបស់កូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News លោកនាយករដ្ឋមន្ត្រី គីម បូឃ្យ៉ុម (Kim Boo-kyum) បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការបន្តអូសបន្លាយនៃស្ថានការណ៍កូវីដ អាចនឹងបង្កឱ្យមាននូវគម្លាតលើការអប់រំរវាងសិស្សគ្រប់ៗរូប និងជាពិសេសគឺកង្វះខាតនៃអារម្មណ៍ស្និទ្ធស្នាលតភ្ជាប់គ្នាទៅវិញទៅមក និងកង្វះខាតនៃសកម្មភាពទូទៅរបស់សិស្សផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចធ្វើការចាក់វ៉ាក់សាំងកូវីដជូនលោកគ្រូ អ្នកគ្រូទាំងអស់ពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់វិទ្យាល័យ ឱ្យបានត្រឹមខែសីហាខាងមុខ ដោយការផ្តល់អាទិភាពមុនគេជូនដល់លោកគ្រូ អ្នកគ្រូ អាចនឹងត្រូវចាប់ផ្តើមធ្វើឡើងជាបន្តបន្ទាប់ឆាប់ៗនេះ ខណៈដែលបច្ចុប្បន្ននេះគេកំពុងផ្តោតអាទិភាពលើមន្ត្រីសុខាភិបាល និងអ្នកដែលមានវ័យចំណាស់សិន។
កន្លងមកថ្មីៗនេះ មន្ត្រីនៃក្រសួងអប់រំកូរ៉េខាងត្បូងក៏បានលើកឡើងប្រហាក់ប្រហែលគ្នានេះថា ក្រសួងអប់រំកូរ៉េខាងត្បូង កំពុងពិនិត្យលទ្ធភាពអនុញ្ញាតឱ្យសិស្សមករៀនផ្ទាល់ នៅក្នុងថ្នាក់រៀនវិញ ចាប់ពីឆមាសទី២ទៅ អំឡុងខែកញ្ញាខាងមុខនេះ។
គិតតាំងពីចុងខែកុម្ភៈដែលជាការចាប់ផ្តើមនៃកម្មវិធីចាក់វ៉ាក់សាំង មកដល់បច្ចុប្បន្ននេះ កូរ៉េខាងត្បូងទើបនឹងធ្វើការចាក់វា៉ក់សាំងជូនប្រជាជនខ្លួនបានជាង ៧.៣%ប៉ុណ្ណោះ ហើយព្រឹកថ្ងៃអាទិត្យនេះមានដល់ ៣,៧៣៣,៧៩៦ នាក់ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់។ យ៉ាងណាមិញ ចំនួននេះហាក់បង្ហាញពីភាពយឺតយ៉ាវនៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង ខណៈដែលបញ្ហានៃកង្វះខាតវ៉ាក់សាំងផ្គត់ផ្គង់នៅតែជាបញ្ហាចោទ មិនទាន់អាចឱ្យគេបង្កើនល្បឿនសម្រាប់កម្មវិធីចាក់វ៉ាក់សាំងបាននៅឡើយ។
បើតាមផែនការរបស់រដ្ឋាភិបាល ត្រឹមខែមិថុនាចុងខែ គេគ្រោងនឹងធ្វើការចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់ ១៣លាននាក់ឯណោះ ហើយនឹងសម្រេចបានប្រព័ន្ធភាពស៊ាំសហគមន៍ (Herd Immunity) ឱ្យបានត្រឹមខែវិច្ឆិកាខាងមុខ។