កូរ៉េខាងត្បូង៖ ខណៈដែលពេលថ្មីៗនេះសាធារណជនកូរ៉េខាងត្បូងបានបង្ហាញចំណាប់អារម្មណ៍លើបែបបទថ្មីនៃការទទួលវ៉ាក់សាំងកូវីដ ដែលគេហៅថា “ទេសចរណ៍វ៉ាក់សាំង” នោះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានលើកឡើងថាកម្មវិធីបែបនេះមិនត្រូវបានអជ្ញាធរជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងអនុវត្តនោះទេ ដោយសារវាមានផលប៉ះពាល់មួយចំនួនដែលគួរគិតពិចារណា។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Time កម្មវិធីទទួលវ៉ាក់សាំងកូវីដ ដែលគេហៅថា “ទេសចរណ៍វ៉ាក់សាំង” នេះ គឺសម្តៅដល់ការធ្វើដំណើរចេញពីប្រទេសខ្លួន ទៅប្រទេសណាមួយផ្សេងទៀត ដើម្បីក្នុងគោលបំណងទៅទទួលយកវ៉ាក់សាំងកូវីដនៅប្រទេសនោះផ្ទាល់។ បច្ចុប្បន្ន មានប្រទេសមួយចំនួនដូចជាសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឌីវ ជាដើម បានប្រកាសថានឹងអាចផ្តល់វ៉ាក់សាំងកូវីដសម្រាប់អ្នកធ្វើដំណើរមកពីបរទេស។
យ៉ាងណាមិញពាក់ព័ន្ធនឹងលើវិធីសាស្រ្តទទួលវ៉ាក់សាំងកូវីដបែបថ្មីនេះ មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) បានលើកឡើងថា បើទោះជាកម្មវិធី “ទេសចរណ៍វ៉ាក់សាំង” នេះស្របច្បាប់ និងអាចធ្វើទៅបានក៏ពិតមែន តែលោកមិនលើកទឹកចិត្តឱ្យប្រជាជនកូរ៉េខាងត្បូងទៅទទួលវ៉ាក់សាំងនៅប្រទេសផ្សេងតាមកម្មវិធីបែបនេះនោះទេ ដោយសារតែធ្វើបែបនេះ យ៉ាងហោចណាស់តម្រូវឱ្យអ្នកទៅទទួលវ៉ាក់សាំងត្រូវស្នាក់នៅប្រទេសផ្សេងដូចជាសហរដ្ឋអាម៉េរិកជាដើម ដល់ទៅមួយខែជាងឯណោះ ដើម្បីអាចបញ្ចប់ទទួលបានវ៉ាក់សាំងកូវីដ ទាំងពីរដូស ហើយប្រឈមនឹងហានិភ័យ និងបញ្ហាស្មុគស្មាញជាច្រើនទៀត។
ជាទូទៅ គេត្រូវចំណាយពេលយ៉ាងហោច ១ថ្ងៃ ទៅ២ថ្ងៃ ដើម្បីធ្វើដំណើរទៅប្រទេសដែលមានផ្តល់វ៉ាក់សាំងកូវីដសម្រាប់អ្នកទេសចរណ៍ ដូចជាសហរដ្ឋអាម៉េរិកនេះ ហើយត្រូវស្នាក់នៅទីនោះយ៉ាងហោចណាស់ដល់៤សប្តាហ៍បន្ទាប់ទៀត ដើម្បីនៅរង់ចាំរហូតអាចទទួលបានវ៉ាក់សាំងដូសទី២ នៅនឹងទីនោះដដែល ប្រសិនបើវ៉ាក់សាំងដែលគេចាក់នោះត្រូវការគម្លាតរវាងទទួលដូសទី១ និងដូសទី២ ត្រឹម៣សប្តាហ៍នោះ។ ហើយបន្ទាប់ពីបានទទួលវ៉ាក់សាំងកូវីដនៅស្រុកក្រៅទាំង២ដូសហើយ ពេលត្រឡប់មកប្រទេសកូរ៉េខាងត្បូងវិញ ត្រូវប្រឈមនឹងការធ្វើចត្តាឡីស័ក ២សប្តាហ៍ថែមទៀត។
លើសពីនោះទៀត ក្នុងករណីប្រសិនបើអ្នកទៅទទួលវ៉ាក់សាំងកូវីដនៅស្រុកក្រៅនោះ មានបញ្ហាប្រតិកម្មនឹងវ៉ាក់សាំង នឹងអាចក្លាយជាបញ្ហាឈឺក្បាលមួយជំហានទៀតសម្រាប់ទាំងអជ្ញាធរសុខាភិបាលក្នុងស្រុក និងអ្នកទទួលវ៉ាក់សាំងនោះផ្ទាល់ ដោយសារតែអជ្ញាធរសុខាភិបាលនៅកូរ៉េខាងត្បូងមិនមានការធានាទទួលស្គាល់ និងសំណងបែបណាមួយសម្រាប់អ្នកទទួលវ៉ាក់សាំងនៅប្រទេសដទៃនោះទេ។
សូមបញ្ជាក់ថា ថ្មីៗនេះរដ្ឋាភិបាលកូរ៉េបានប្រកាសថាអ្នកដែលបានទទួលវ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់រួចរាល់ទាំងស្រុង នឹងត្រូវលើកលែងមិនចាំបាច់ធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលប៉ះពាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ ឬនៅពេលដែលមកពីស្រុកក្រៅនោះទេ តែការលើកលែងធ្វើចត្តាឡីស័កអនុវត្តសម្រាប់តែអ្នកទទួលវ៉ាក់សាំងក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ ហើយសម្រាប់អ្នកដែលទទួលវ៉ាក់សាំងកូវីដពីស្រុកក្រៅវិញ គឺមិនអាចទទួលបានការលើកលែងនេះនោះទេ។
ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់សុខាភិបាលកូរ៉េខាងត្បូងរូបនេះ ក៏បានលើកឡើងពីហានិភ័យនៃការឆ្លងកូវីដនៅក្នុងប្រទេសក្រៅដូចជាសហរដ្ឋអាម៉េរិកជាដើម ដែលអាចនាំអ្នកទៅទទួលវា៉ក់សាំងកូវីដតាមកម្មវិធី “ទេសចរណ៍វ៉ាក់សាំង” នេះ បែរជាអាចប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដទៅវីញផងដែរ។