ជនល្មើសជាម្តាយចិញ្ចឹម ដែលវាយធ្វើបាបកូនចិញ្ចឹមខ្លួនអាយុ ១៦ ខែ រហូតដល់ស្លាប់នោះ ត្រូវតុលាការកាត់ទោសឱ្យជាប់ឃុំឃាំងអស់មួយជីវិតហើយ

កូរ៉េខាងត្បូង៖ ស្ត្រីជនល្មើស ដែលបានប្រើហឹង្សាវាយធ្វើបាបកូនចិញ្ចឹមខ្លួនឯង អាយុត្រឹម១៦ខែ រហូតដល់ស្លាប់កាលពីដើមឆ្នាំ២០២១នេះ ទីបំផុតត្រូវបានតុលាការកូរ៉េខាងត្បូង សម្រេចកាត់ទោសឱ្យជាប់ឃុំឃាំងមួយជីវិតហើយ នេះបើតាមការប្រកាសផ្លូវការរបស់តុលាការក្រុងសេអ៊ូលនៅថ្ងៃសុក្រ ទី១៤ ឧសភា ២០២១នេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមសាលដីការរបស់តុលាការ បានសម្រេចកាត់ក្តីឱ្យស្រ្តីជាជនល្មើសដែលមានឈ្មោះថា ជុង នេះជាប់ទោសឃុំឃាំងពេញមួយជីវិត ដោយតុលាការបានសម្រេចវិនិច្ឆ័យថាស្រ្តីជាជនល្មើសមានបំណងក្នុងការប្រើហឹង្សាលើកូនចិញ្ចឹមតូចរបស់ខ្លួនដែលឈានដល់ការបាត់បង់ជីវិតទាំងវ័យក្មេងក៏គួរឱ្យសោកសង្រេងនេះ ហើយតុលាការបានទាត់ចោលការអះអាងរបស់ជនល្មើសថាការបាត់បង់ជីវិតរបស់កុមាររងគ្រោះ កើតឡើងដោយឧបតិវហេតុប៉ុណ្ណោះ។

កូនចិញ្ចឹមរងគ្រោះដែលបាត់បង់ជីវិតក្រោមស្នាដៃដ៏ឃោរឃៅរបស់ជនល្មើសជាម្តាយចិញ្ចឹមនេះ មានអាយុត្រឹម ១៦ខែប៉ុណ្ណោះ ហើយត្រូវបានជនល្មើសយកមកចិញ្ចឹមកាលពីខែកុម្ភៈឆ្នាំ២០២០ និងបានបាត់បង់ជីវិតនៅខែតុលា ឆ្នាំ២០២០ ត្រឹមប៉ុន្មានខែប៉ុណ្ណោះក្រោយមករស់នៅជាមួយម្តាយចិញ្ចឹមរូបនេះ។

បើតាមការធ្វើកោសល្យវិច្ច័យរបស់គ្រូពេទ្យជំនាញ កុមាររងគ្រោះមានរបួសគ្រឿងក្នុងធ្ងន់ធ្ងរ និងមានការហូរឈាមខាងក្នុងខ្លួន ដែលត្រូវបានសន្និដ្ឋានថាបង្កឡើងពីការវាយដោយសារកម្លាំងខ្លាំងពីអ្នកដទៃ។ ក្នុងនោះដែរ គ្រូពេទ្យក៏បានរកឃើញសញ្ញាដែលបញ្ជាក់ថាកុមាររងគ្រោះ ត្រូវរងគ្រោះដោយការវាយតប់ហឹង្សានេះជាយូរមកហើយ ដោយសារគេរកឃើញថាជនរងគ្រោះមានឆ្អឹងបាក់ និងស្នាមជាំជាច្រើនកន្លែង ដែលបានកើតឡើងក្នុងរយៈពេលពីមុនៗមកផងដែរ។

ជនល្មើសជាឪពុកចិញ្ចឹម ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ឃុំឃាំង ៥ឆ្នាំ

តុលាការបញ្ជាក់ថា តាមការធ្វើកោសល្យវិច្ច័យហាក់ឱ្យយើងសន្និដ្ឋានបានថា ស្រ្តីជនល្មើសជាម្តាយចិញ្ចឹមធ្លាប់ជាន់ពីលើពោះរបស់កូនតូចអាយុត្រឹម១៦ខែនេះទៀត។ ពីដំបូងឡើយស្រ្តីជនល្មើសត្រូវបានរងការចោទប្រកាន់ពីបទប្រើអំពើហឹង្សា ឈាននាំឱ្យជនរងគ្រោះបាត់បង់ជីវិត ប៉ុន្តែក្រោយមកទៀតព្រះរាជអជ្ញាបានធ្វើការចោទប្រកាន់ជនល្មើសបន្ថែមនូវបទឃាតកម្មដោយចេតនា ក្រោយពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យបញ្ជាក់បានថា សកម្មភាពជនល្មើសទំនងជាអាចបញ្ជាក់ពីគោលបំណងក្នុងការសម្លាប់កូនតូចនោះតែម្តង។

ដោយឡែកចំពោះប្តីរបស់ស្រ្តីជនល្មើស ក៏ត្រូវបានកាត់ទោសឱ្យជាប់ទោសឃុំឃាំងរយៈពេល ៥ឆ្នាំផងដែរ លើករណីប្រើហឹង្សាលើកុមារ និងរួមគំនិតជួយដល់ជនល្មើសជាម្តាយប្រើហឹង្សារហូតនាំឱ្យកូនតូចនេះបាត់បង់ជីវិត។

សូមបញ្ជាក់ថា ថ្មីៗនេះក្នុងប្រទេសកូរ់េខាងត្បូងមានលេចឡើងជាបន្តបន្ទាប់ករណីហឹង្សាយ៉ាងធ្ងន់ធ្ងរលើកុមារ ដែលនាំឱ្យមតិសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំងលើស្ថាប័នសមត្ថកិច្ចដែលបណ្តែតបណ្តោយឱ្យករណីបែបនេះអាចបន្តកើតមានឡើងជាបន្តបន្ទាប់ ហើយកន្លងមកក៏មានការប្រមូលផ្តុំគ្នាតវ៉ាជាញឹកញយដើម្បីទាមទារយុត្តិធម៌ជូនកុមារជាជនរងគ្រោះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *