ប្រធានាធិបតីកូរ៉េខាងត្បូង គោរពវិញ្ញាណក្ខ័ន្ធកម្មករ ដែលរងគ្រោះថ្នាក់ការងារដល់ស្លាប់ ហើយបានសុំទោស និងសន្យាបង្កើនប្រព័ន្ធសុវត្ថិភាពការងារឱ្យកាន់តែល្អ

កូរ៉េខាងត្បូង៖ កាលពីរសៀលថ្ងៃទី១៣ ឧសភា ២០២១មិ្សលមិញនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអញ្ជើញមានវត្តមានផ្ទាល់ ទៅចូលរួមគោរពវិញ្ញាណក្ខ័ន្ធក្នុងពិធីបុណ្យសពរបស់អតីតពលករកូរ៉េខាងត្បូងមួយរូប ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ការងារ ក្នុងពេលកំពុងតែបំពេញការងារនៅក្នុងកំពង់ផែនៃក្រុងព្យុងថេកកន្លងមកនោះ។

ចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឱកាសដ៏សោកសង្រេងនេះដែរ លោកប្រធានាធិបតី មូន ជេអ៊ីន បានថ្លែងជាសារចូលរួមសោកស្តាយក្នុងករណីគ្រោះថ្នាក់ការងារដែលឈាននាំដល់ការបាត់បង់ជីវិតរបស់ពលករកូរ៉េខាងត្បូងខាងលើរូបនេះ ហើយជាពិសេសអ្វីដែលគួរឱ្យសោកស្តាយទៀតនោះ គឺគ្រោះថ្នាក់នេះកើតឡើងនៅក្នុងទីតាំងកំពង់ផែរបស់រដ្ឋទៅទៀត ដែលមិនត្រឹមតែខ្វះខាតនូវការគ្រប់គ្រងលើប្រព័ន្ធសុវត្ថិភាពប៉ុណ្ណោះទេ តែថែមទាំងមានការយឺតយ៉ាវក្នុងវិធានការឆ្លើយតបនៅពេលដែលជនរងគ្រោះ បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ការងារនេះរួចហើយទៀតផង។

លោកប្រធានាធិបតីបាននិយាយថា កន្លងមកលោកបានសន្យាផ្ទាល់ថានឹងធ្វើឱ្យប្រទេសកូរ៉េខាងត្បូងក្លាយជាប្រទេសមួយ ដែលកម្មករទាំងអស់គ្រប់រូបអាចរស់នៅបានមិនចាំបាច់ព្រួយបារម្ភពីបញ្ហាសុវត្ថិភាពនៅទីតាំងការងារនោះទេ ហើយគាត់បានសុំទោសចំពោះករណីបែបនេះដែលកើតមានឡើង ហើយបានសន្យាថាតាមរយៈគ្រោះថ្នាក់លើកនេះ លោកនឹងប្រឹងប្រែងដើម្បីត្រួតពិនិត្យប្រព័ន្ធការពារសុវត្ថិភាពក្នុងវិស័យឧស្សាហកម្មបន្ថែមទៀត ហើយនឹងកសាងប្រទេសឱ្យមានសុវត្តិភាព។

សូមបញ្ជាក់ផងដែរថា កាលពីកិច្ចប្រជុំផ្ទៃក្នុងមួយកាលពីព្រឹកថ្ងៃទី១៣ ឧសភា ម្សិលមិញនេះ លោកប្រធានាធិបតី មូន ជេអ៊ីន បានចេញបញ្ជាផ្ទាល់ឱ្យគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ ទាំងក្រសួងការងារ និងពលកម្ម ក្រសួងកិច្ចការដែនសមុទ្រ និងនេសាទ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំវិធានការបន្ទាន់ដើម្បីត្រៀមនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅនឹងទីតាំងការងារនេះ។

សូមបញ្ជាក់ថា ករណីពលករដែលបានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ការងារ នៅនឹងកំពង់ផែរបស់រដ្ឋនៅនឹងក្រុងព្យុងថេកនេះ បានកើតឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១កន្លងទៅ។

Leave a Reply

Your email address will not be published. Required fields are marked *