នៅក្នុងពេលវេលាដ៏លំបាកនេះ អ្នកគប្បីចៀសវាងស្នើយកកម្ចីដែលមិនចាំបាច់ដាច់ខាត ព្រោះវាអាចជាបន្ទុកចំណាយថ្មីមួយ ខណៈប្រាក់ចំណូលអ្នកអាចប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចដ៏ធំនេះ។ ប្រសិនបើអ្នកមិនបានគិតគូរវែងឆ្ងាយទេ នៅពេលដែលអ្នកអស់លទ្ធភាពសងបំណុល នោះអ្នកអាចនឹងត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិចាំបាច់ ប៉ះពាល់ជីវភាព ហើយក៏ដូចឈ្មោះក្នុងកំណត់ត្រាកម្ចីផងដែរ។
ហេតុដូច្នេះហើយមុននឹងទទួលយកកម្ចីឥនទានពីគ្រឹះស្ថាន ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ សូមអ្នកគិតគូរពីចំណុចបីខាងក្រោមនេះសិន។
១. ពិនិត្យលក្ខខណ្ឌកម្ចី
អ្នកផ្តល់សេវាហិរញ្ញវត្ថុនីមួយៗផ្តល់លក្ខខណ្ឌខុសៗគ្នានៅពេលដែលពួកគេផ្តល់ឥណទានទៅអ្នកប្រើប្រាស់ ហេតុដូច្នេះវាចាំបាច់បំផុតដែលអ្នកសិក្សាពីជម្រើសដែលគេមាន ហើយសម្រេចយកមួយណាដែលសាកសម ទៅនឹងស្ថានភាពរបស់អ្នក។ សម័យនេះ យើងអាចស្វែងទទួលបានព័ត៌មានទាក់ទងទៅនឹងលក្ខ័ណ្ឌដោយស្រួលតាមរយៈប្រព័ន្ធ អ៊ីនធឺណែត ឬ ក៏អាចធ្វើការពិភាក្សាផ្ទាល់ជាមួយបុគ្គលិកក៏បាន ដើម្បីទទួលបានព័ត៌មានច្បាស់។ អ្នកក៏គប្បីត្រូវស្វែងរក ធនាគារ អោយបានយ៉ាងហោចណាស់ ៣ ផងដែរ ដើម្បីប្រៀបធៀបថាមួយណាមានអត្រាការប្រាក់ល្អជាង ហើយមានលក្ខខ័ណ្ឌទាមទារ ឯកសារ ឬ រយៈពេលដែលសាកសមនឹងអ្នក។
២. ពិនិត្យមើលទំនួលខុសត្រូវរបស់អ្នក
កម្ចីប្រាក់ គឺជាកិច្ចព្រមព្រាងស្របច្បាប់ ហើយអ្នកនឹងមានកាតព្វកិច្ចមួយចំនួនដូចដែលបានចងក្រងទុកក្នុងកិច្ចសន្យាខ្ចី។ មុននឹងចុះហត្ថលេខា ឬ ផ្តិតមេដៃនៅលើឯកសារ អ្នកដាច់ខាតត្រូវអាន និងស្វែងយល់អោយច្បាស់អំពីកិច្ចព្រមព្រាងនោះ ហើយបើអាចសូមស្វែងរកការប្រឹក្សាពីអ្នកមានបទពិសោធន៍ ឬ ចំណេះដឹងទាក់ទងទៅនឹងកិច្ចសន្យានេះ។ សូមកុំស្ទាក់ស្ទើរក្នុងការសួរអោយសោះ ព្រោះពេលក្រោយបើមានបញ្ហាអ្វីមួយកើតឡើង គឺអ្នកមិនអាចត្រឡប់បកក្រោយបានវិញនោះទេ។
៣. គិតគូរម្តងទៀតអំពីបំណុលដែលអ្នកកំពុងមាន ចំណូល និងទ្រព្យសម្បត្តិអ្នក
មុននឹងខ្ចីលុយ វាចាំបាច់ណាស់ដែលអ្នកត្រូវគិតគូរថា តើអ្នកកំពុងជាប់បំណុលប៉ុន្មានហើយ និងតើប្រាក់ចំណូលអ្នកអាចរ៉ាប់រងសងប្រចាំខែវិញឬអត់។ ប្រសិនបើអ្នកនៅចាំរូបមន្តខ្ចីលុយរបស់ CamboFinance នោះ គឺយើងមិនអាចជាប់បំណុលដែលត្រូវសងប្រចាំខែលើសពី 45% នៃចំណូលយើងឡើយ។
ខ្លឹមសារអត្ថបទទាំងស្រុងពី៖ CamboFinance
