វ៉ាក់សាំង AstraZeneca ជាង៨០ម៉ឺនដូស តាមកម្មវិធីកូវ៉ាក់ ត្រូវបានដឹកមកកូរ៉េខាងត្បូងថ្ងៃនេះ ខណៈអជ្ញាធរកំពុងបារម្ភរឿងផ្គត់ផ្គង់វ៉ាក់សាំងយឺតយ៉ាវ

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដរបស់ AstraZeneca ៨៣៥,០០០ ដូស ត្រូវបានដឹកមកដល់ប្រទេសកូរ៉េខាងត្បូងនៅល្ងាចថ្ងៃព្រហស្បត្តិ៍ទី១៣ ឧសភា ២០២១នេះទៀតហើយ គឺចំពេលដែលរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបារម្ភពីចំនួនវ៉ាក់សាំងនៅសល់ក្នុងស្តុកតិចតួចនេះផង។

វ៉ាក់សាំងកូវីដដឹកមកដល់ជើងនេះដល់ទៅ ៨៣៥,០០០ដូស របស់ AstraZeneca ផលិតដោយក្រុមហ៊ុនវេជ្ជសាស្រ្តដ៏ធំរបស់អង់គ្លេស និងស៊ុយអែត ដោយសហការជាមួយនឹងសាកលវិទ្យាល័យ Oxford នេះ ត្រូវបានដឹកមកឱ្យកូរ៉េខាងត្បូងតាមរយៈកម្មវិធីកូវ៉ាក់ ដែលជាកម្មវិធីផ្តល់វ៉ាក់សាំងកូវីដរបស់អង្គការសុខភាពពិភពលោក។

គិតមកដល់ពេលនេះ កម្មវិធីកូវ៉ាក់នេះបានផ្តល់ និងដឹកជូនដល់ប្រទេសកូរ៉េខាងត្បូងវ៉ាក់សាំង AstraZeneca នេះបានសម្រាប់មនុស្សដល់ទៅ ១.២៦លាននាក់ហើយ ខណៈដែលជើងថ្មីក្រោយទៀតសម្រាប់មនុស្ស ៨៣៥,០០០ នាក់នឹងត្រូវដឹកមកដល់ក្នុងអំឡុងខែមិថុនាខាងមុខផងដែរ។

ថ្មីៗនេះនៅក្នុងប្រទេសកូរ៉េខាងត្បូង អជ្ញាធរសុខាភិបាលបានបង្ហាញពីក្តីបារម្ភចំពោះដំណើរការយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំង បើទោះបីជាប្រទេសនេះបានបញ្ជាទិញ និងទទួលវ៉ាក់សាំងកូវីដតាមរយៈអង្គការសុខភាពពិភពលោកដល់ទៅសម្រាប់មនុស្ស ៩៩លាននាក់ក៏ដោយ។ បញ្ហាយឺតយ៉ាវក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដនេះ អាចនឹងប៉ះពាល់ខ្លាំងដល់ដំណើរការ និងផែនការនៃការចាក់វ៉ាក់សាំងកូវីដ ដែលរដ្ឋាភិបាលកូរ៉េបានគ្រោងនឹងចាក់ជូនប្រជាជនកូរ៉េខាងត្បូងឱ្យបានដល់ ១២លាននាក់ត្រឹមចុងខែមិថុនាខាងមុខនេះ ខណៈដែលប្រធានាធិបតី មូន ជេអ៊ីន បញ្ជាក់ថាតួលេខនេះនឹងអាចកើនដល់ ១៣លាននាក់ផងដែរ។

បើតាមការឱ្យដឹងរបស់អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង វ៉ាក់សាំងទើបនឹងដឹកមកដល់នេះ នឹងត្រូវផ្តល់ជូនជាវ៉ាក់សាំងដូសទី២ សម្រាប់ក្រុមមនុស្សវ័យចំណាស់ អាយុ៧៥ឆ្នាំឡើងទៅ ដែលបានចាក់ដូសទី១កាលពីប៉ុន្មានសប្តាហ៍មុន ហើយក៏នឹងត្រូវផ្តល់ជូនជាដូសទី១ ដល់ក្រុមមនុស្សចំណាស់វ័យ ពី៦៥ ទៅ៧៤ឆ្នាំផងដែរ។

គិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ កូរ៉េខាងត្បូងមានអ្នកចាក់វ៉ាក់សាំងបានដល់ចំនួន ៣,៧១១,០២៣ នាក់ ឬប្រមាណ ៧.២% នៃចំនួនប្រជាជនសរុបក្នុងប្រទេស។

Leave a Reply

Your email address will not be published. Required fields are marked *