កូរ៉េខាងត្បូង៖ គណៈកម្មការជំនាញសុខាភិបាលបាននិយាយថាវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាម៉េរិក Moderna បង្ហាញលទ្ធផលប្រសិទ្ធភាពដល់ទៅលើស ៩៤% និងសមស្របដាក់ឱ្យប្រើប្រាស់បាន ដែលលទ្ធផលនេះបង្ហាញថាវ៉ាក់សាំងនេះនឹងឈានទៅទទួលបានការទទួលស្គាល់ជាផ្លូវការឱ្យប្រើប្រាស់ក្នុងប្រទេសកូរ៉េខាងត្បូងឆាប់ៗនេះហើយ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News គណៈកម្មការជំនាញដែលមានសមាសភាពពីអ្នកជំនាញវេជ្ជសាស្រ្ត និងមន្ត្រីជំនាញផ្នែកសុខាភិបាលផងនោះ បានប្រកាសពីលទ្ធផលវាយតម្លៃលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ដោយបានបញ្ជាក់ថា វ៉ាក់សាំងរបស់ Moderna ដែលតម្រូវឱ្យប្រើចំនួន ២ ដូសនេះ មានលទ្ធផលប្រសិទ្ធភាពខ្ពស់ដល់ទៅ ៩៤.១% ក្នុងការបង្ការជំងឺកូវីដ-១៩ និងមានប្រសិទ្ធភាពដល់ទៅ ៨៦% សម្រាប់បង្ការជំងឺកូវីដចំពោះអ្នកដែលមានអាយុចាស់ និងមានជំងឺប្រចាំកាយ។
គណៈកម្មការក៏បានបញ្ជាក់ថា ជាទូទៅក្រោយចាក់វ៉ាក់សាំង Moderna នេះហើយនឹងមានប្រតិកម្មបន្តិចបន្តួចដែលអាចមានរយៈពេលពីមួយថ្ងៃ ទៅ២ថ្ងៃ ដែលក្រោយមកនឹងបាត់ទៅវិញ។
លទ្ធផលវិជ្ជមានបែបនេះ នឹងត្រួសត្រាយផ្លូវបន្តបន្ទាប់ទៀតសម្រាប់ឈានដល់ការផ្តល់អជ្ញាប័ណ្ណសម្រាប់ឱ្យវ៉ាក់សាំងនេះអាចដំណើរការចាក់ជូនប្រជាជនក្នុងប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗនេះ។ លទ្ធផលនៃការវាយតម្លៃរបស់គណៈកម្មការជំនាញនេះ ជាជំហានទី២ នៅក្នុងជំហានសរុបចំនួន ៣ ដើម្បីអាចឈានដល់ការផ្តល់អជ្ញាប័ណ្ណដោយក្រសួងជំនាញជាផ្លូវការ។
សូមបញ្ជក់ថា កូរ៉េខាងត្បូងបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សដល់ទៅ ៩៩លាននាក់ឯណោះ ដែលក្នុងនោះមានវ៉ាក់សាំង Moderna នេះផងដែរចំនួន ៤០លានដូស សម្រាប់មនុស្ស ២០លាននាក់។
គិតមកដល់ពេលនេះ កូរ៉េខាងត្បូងបានផ្តល់អជ្ញាប័ណ្ណអនុញ្ញាតជូនវ៉ាក់សាំងកូវីដ ៣ ហើយមានដូចជាវ៉ាក់សាំង Pfizer វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Johnson & Johnson (J&J)។