ដើមឆ្នាំ ២០២១នេះ គយកូរ៉េខាងត្បូង ចាប់បានបារីលួចរត់ពន្ធ ដល់ទៅជាង ១.៧៩លានកញ្ចប់ តម្លៃជិត ៦.៣លានដុល្លារ ភាគច្រើនមកពីប្រទេសចិន

កូរ៉េខាងត្បូង៖ ការិយាល័យគយកូរ៉េខាងត្បូងបានបញ្ជាក់ថាក្នុងឆ្នាំ២០២១នេះ ខ្លួនបានចាប់ និងដកហូតនូវបារីរត់ពន្ធខុសច្បាប់ដល់ទៅ ១.៧៩លានកញ្ចប់ ដែលមានតម្លៃសរុបដល់ទៅ ៧.២ប៊ីលានវ៉ុន (ប្រមាណ ៦.៣លានដុល្លារ) និងបានឃាត់ខ្លួនជនល្មើសលួចរត់ពន្ធ និងអ្នកចែកចាយខុសច្បាប់ក្នុងស្រុកសរុបដល់ទៅ ៤១នាក់ផងដែរ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

អជ្ញាធរគយកូរ៉េខាងត្បូងបានបញ្ជាក់ថា តួលេខដែលចាប់បានក្នុងឆ្នាំ២០២១នេះ គឺកើនលើសដល់ទៅ២ដង បើប្រៀបទៅនឹងចំនួនបារីរត់ពន្ធខុសច្បាប់ ដែលអជ្ញាធរចាប់បានកាលពីឆ្នាំ២០២០ ដែលកាលនោះក្នុងរយៈពេលដូចគ្នានេះ គេចាប់បានត្រឹមតែ ៧៥៤,០០០ កញ្ចប់បារីរត់ពន្ធប៉ុណ្ណោះ។ ការកើនឡើងនៃចំនួនករណីល្មើសរត់ពន្ធដែលចាប់បាននេះ ក៏ដោយសារតែអជ្ញាធរប្រើវិធានការក្តៅបង្កើនការអនុវត្តការត្រួតពិនិត្យករណីល្មើសលួចរត់ពន្ធបារី និងគ្រឿងថ្នាំជក់នេះក្នុងត្រីមាសដំបូងនៃឆ្នាំ២០២១នេះ។

ក្នុងចំណោមបារីរត់ពន្ធដែលចាប់បាន មានដល់ទៅ ៨៩០,០០០ កញ្ចប់ជាបារីនាំយកមកពីប្រទេសចិនច្រើនជាងគេ ប្រមាណដល់ទៅ ៤៩% នៃបារីខុសច្បាប់ដែលចាប់បាននេះ។

ចាប់តាំងពីស្ថានការណ៍កូវីដចាប់ផ្តើមវាយលុកពីឆ្នាំ២០២០មក ដែលនាំឱ្យការធ្វើដំណើរមានការកាត់បន្ថយ និងត្រួតពិនិត្យាកាន់តែតឹងរ៉ឹងនោះ ពួកអ្នករត់ពន្ធបារីខុសច្បាប់នេះបានប្រើវិធីសាស្ត្រលួចនាំចូលបារីមកកូរ៉េខាងត្បូង ដោយបន្លំជាឥវ៉ាន់ធម្មតាទូទៅ ដើម្បីគេចឱ្យផុតពីការត្រួតពិនិត្យរបស់ប៉ូលីស។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០២០ក្នុងអំឡុងពេលកូវីដនោះ អ្នកជក់បារីបានទិញបារីសរុបដល់ទៅ ៣.៥៩ ពាន់លានកញ្ចប់ឯណោះ គឺកើនឡើងលើសឆ្នាំ២០១៩ ដល់ទៅ៤.១%បន្ថែម នេះបើតាមទិន្នន័យផ្តល់ដោយក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង។

បើតាមទិន្នន័យដោយឡែកមួយចុះផ្សាយដោយសារព័ត៌មាន Korea Herald នៅក្នុងឆ្នាំ២០១៨ ជនជាតិកូរ៉េខាងត្បូងជាបុរស ដែលជក់បារីមានដល់ទៅ ៣៦.៧% ខណៈដែលអ្នកជក់ជាស្រ្តីមានដល់ ៧.៦% ក្នុងឆ្នាំ២០១៨ដូចគ្នា។

កញ្ចប់បារីរត់ពន្ធពីប្រទេសចិន ដែលគយកូរ៉េខាងត្បូងចាប់ និងដកហូតបាន

 

Leave a Reply

Your email address will not be published. Required fields are marked *