របាយការណ៍សិក្សា៖ ពលករបរទេសនៅកូរ៉េខាងត្បូង ជាមធ្យមធ្វើការ ៥០ម៉ោងក្នុងមួយសប្តាហ៍ ហើយពលករបុរស ទទួលបានប្រាក់ឈ្នួលមធ្យម ច្រើនជាងស្ត្រី

កូរ៉េខាងត្បូង៖ ជាមធ្យមពលករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង បំពេញការងារប្រហែលជាង ៥០ម៉ោង ក្នុងមួយសប្តាហ៍ ហើយក្នុងនោះពលករបរទេសស្រ្តីប្រឈមនឹងបញ្ហាពាក់ព័ន្ធឹនឹងលក្ខខណ្ឌការងារច្រើនជាងបុរស នេះបើតាមរបាយការណ៍សិក្សាមួយចេញដោយវិទ្យាស្ថានកិច្ចការសុខាភិបាល និងសង្គមកូរ៉េ (KIHSA) នៅថ្ងៃព្រហស្បត្តិ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times លទ្ធផលនៃរបាយការណ៍សិក្សាដែលធ្វើការដកស្រង់ទិន្នន័យតាមរយៈការសម្ភាសន៍ជាមួយពលករបរទេសចំនួន ១,៤២៧នាក់នេះបង្ហាញថា ពលករបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលគេសំដៅដល់ពលករកាន់ទិដ្ឋាការ E-9, H-2 និង F-4 នោះ ជាមធ្យមធ្វើការក្នុងរង្វង់ចន្លោះ ៥០ម៉ោង ក្នុងមួយសប្តាហ៍ ហើយក្នុងនោះមានប្រមាណជាង ២០.៧% ធ្វើការជាមធ្យមក្នុងមួយសប្តាហ៍លើសពី ៦០ម៉ោងទៅទៀត។ របាយការណ៍សិក្សានេះក៏បានរកឃើញថា ១៩.៣% នៃពលករជាបុរស និង២៤.១%នៃពលករជាស្រ្តី បានបញ្ជាក់ថាខ្លួនធ្វើការលើសពី៦០ម៉ោងជាមធ្យមក្នុងមួយសប្តាហ៍។

ត្រង់ចំណុចនេះ បើតាមច្បាប់បទដ្ឋានការងារ បានចែងថាម្ចាស់ក្រុមហ៊ុន និយោជកត្រូវធានាដាច់ខាតថាបុគ្គលិករបស់ខ្លួនធ្វើការមិនលើសពី ៥២ម៉ោង ជាមធ្យមក្នុងមួយសប្តាហ៍នោះទេ។

ក្នុងនោះដែរ ប្រាក់ឈ្នួលជាមធ្យមប្រចាំខែសម្រាប់ពលករបរទេសគឺប្រហែល ២.១១លានវ៉ុន (ប្រមាណ ១,៨៧០ដុល្លារ) ក្នុងឆ្នាំ២០១៩ តែសម្រាប់ពលករបរទេសដែលចាប់ផ្តើមធ្វើការថ្មីៗក្នុងអំឡុងពេលដែលស្ថានការណ៍កូវីដចាប់ផ្តើមវាយប្រហារមកនោះ ប្រាកឈ្នួលប្រចាំខែមធ្យមចុះមកនៅត្រឹមប្រមាណជាង ១.៨៦លានវ៉ុនប៉ុណ្ណោះ។

គេរកឃើញថាផងដែរ ថាមានគម្លាតរវាងបុរស និងស្រ្តីក្នុងការទទួលបានប្រាក់ឈ្នួលប្រចាំខែនេះ ដោយជាមធ្យមពលករជាបុរសទទួលបានប្រាក់ឈ្នួល ២.១៨លានវ៉ុន ក្នុងមួយខែ ខណៈពលករជាស្រ្តីទទួលបានប្រាក់ឈ្នួល ១.៩៥លានវ៉ុន ក្នុងមួយខែ។

របាយការណ៍នេះបានស្ទាប់ស្ទង់ឃើញថាក្នុងចន្លោះវាយតម្លៃពីការពេញចិត្តទៅលើប្រាក់ឈ្នួលរបស់ខ្លួន ពលករបរទេសភាគច្រើនវាយតម្លៃជាមធ្យមពេញចិត្តគួរសមចំពោះប្រាក់ឈ្នួលរបស់ខ្លួន ដែលការវាយតម្លៃជាមធ្យមគឺកម្រិត ៣.១៥ ក្នុងកម្រិតពី ១ ដល់ ៥ ដែល៥ជាកម្រិតពេញចិត្តបំផុត។ តែក្នុងនោះក៏គេរកឃើញថា មានដល់ទៅ ៤០.៣% នៃអ្នកដែលបានធ្វើការសម្ភាសន៍ទាំងអស់ មិនបានចុះកុងត្រាការងារជាមួយនឹងនិយោជករបស់ខ្លួននោះទេ។

លើសពីនោះទៀត គេរកឃើញថា មានពលករបរទេស ៤.៧% លើកឡើងខ្លួនត្រូវបានថៅកែឈប់ឱ្យធ្វើការដោយមិនសមហេតុផល ខណៈ​ពលករ ១២.៣% ទៀតលើកឡើងថាពួកខ្លួនមិនទទួលបានការគោរពនៅកន្លែងការងាររបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *