ក្រសួងអប់រំកូរ៉េខាងត្បូង ពិនិត្យលទ្ធភាពអនុញ្ញាតឱ្យសិស្សមករៀនផ្ទាល់ នៅក្នុងថ្នាក់រៀនវិញ ចាប់ពីឆមាសទី២ទៅ អំឡុងខែកញ្ញាខាងមុខនេះ

កូរ៉េខាងត្បូង៖ ក្រសួងអប់រំកូរ៉េខាងត្បូង កំពុងពិនិត្យលើលទ្ធភាពនៃការអនុញ្ញាតឱ្យសិស្សអាចចូលរៀនក្នុងថ្នាក់ផ្ទាល់បានវិញនៅក្នុងអំឡុងរដូវស្លឹកឈើជ្រុះ (ចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកា) ខាងមុខវិញ នេះបើតាមការបញ្ជាក់របស់មន្ត្រីអប់រំកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្រសួងអប់រំកំពុងត្រៀមរៀបចំការអនុវត្តកម្មវិធីសិក្សាសម្របទៅនឹងវិធានការការពារកូវីដថ្មី ដែលរដ្ឋាភិបាលកូរ៉េរំពឹងនឹងប្រកាសចេញនៅអំឡុងខែកក្កដាខាងមុខ ក្នុងករណីដែលជំងឺកូវីដឆ្លងប្រចាំថ្ងៃមានតិចជាង ១០០០ករណីនោះ។ តាមការបញ្ជាក់របស់អជ្ញាធរ នៅពេលដែលវិធានការគម្លាតសង្គមថ្មីត្រូវបានប្រកាសចេញ ក្រសួងអប់រំនឹងពិនិត្យលទ្ធភាព បើកសាសារៀនឱ្យសិស្សមករៀនផ្ទាល់ក្នុងថ្នាក់រៀនវិញកាន់តែច្រើនតាមតែអាចធ្វើទៅបាន ចំពោះគ្រប់កម្រិតថ្នាក់ពីទី១ ដល់ទី១២ អាចនៅក្នុងអំឡុងពេលនៃឆមាសទី២ខាងមុខ។

សម្រាប់បច្ចុប្បន្ននេះ សាលារៀនទូទាំងប្រទេសកំពុងអនុវត្តទៅតាមវិធានការដាក់ចេញដោយរដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ ដែលក្នុងនោះមានកំណត់ផងដែរនូវចំនួនសិស្សដែលអាចមករៀនផ្ទាល់ក្នុងថ្នាក់ និងសិស្សមួយចំនួនទៀតត្រូវរៀនតាមប្រព័ន្ធអនឡាញដដែល។ ការអនុវត្តបែបនេះ គឺដើម្បីអាចអនុវត្ត ឱ្យមានប្រសិទ្ធភាពនូវវិធានការរក្សាគម្លាត។ ចំនួននៃសិស្សដែលអាចមករៀនផ្ទាល់ក្នុងថ្នាក់រៀនបច្ចុប្បន្នអាចមានត្រឹមចំនួន ២/៣ នៃសិស្សសរុប តែចំនួននេះអាចផ្លាស់ប្តូរជាក់ស្តែងទៅតាមស្ថានការណ៍កូវីដនៅតាមតំបន់នីមួយៗផងដែរ។

តែយ៉ាងណាមិញ តាមរយៈបទពិសោធន៍នៃប្រព័ន្ធអប់រំដែលបានប្រើប្រាស់ប្រព័ន្ធអនឡាញស្ទើរទាំងស្រុង និងក្រោយមកបានអនុញ្ញាតឱ្យសិស្សមួយចំនួនអាចមករៀនផ្ទាល់ក្នុងថ្នាក់បាន ខណៈសិស្សខ្លះត្រូវរៀនតាមប្រព័ន្ធអនឡាញដដែលនេះ ត្រូវបានសាធារណជនកូរ៉េខាងត្បូងផ្តល់មតិរិះគន់ថា មានភាពពិបាកសម្រាប់ឱ្យសិស្សអាចតាមទាន់ទៅនឹងមេរៀនបង្រៀនក្នុងថ្នាក់ ហើយជាពិសេសនៅពេលដែលមានទម្រង់បែងចែកអ្នកខ្លះអាចមករៀនផ្ទាល់ ខណៈអ្នកខ្លះត្រូវរៀនអនឡាញទៀតនេះ ធ្វើឱ្យគម្លាតនៃសមត្ថភាពរបស់សិស្សកាន់តែមានគម្លាត ដោយសិស្សខ្លះពិបាកក្នុងការរៀន ខណៈដែលសិស្សខ្លះដែលអាចមករៀនផ្ទាល់ អាចទទួលយកមេរៀនបានងាយស្រួលជាង។

ដោយសារតែហេតុផលនេះហើយ ដែលនាំឱ្យអជ្ញាធរអប់រំបានបន្តតាមដានស្ថានការណ៍យកចិត្តទុកដាក់ និងពិនិត្យមើលលទ្ធភាពចាប់ផ្តើមថ្នាក់រៀនដោយអនុញ្ញាតឱ្យសិស្សមករៀនផ្ទាល់បានវិញផងដែរ។

ក្នុងនោះដែរ គេរំពឹងថាគ្រូបង្រៀន និងបុគ្គលិកសិក្សានៅតាមសាលារៀននីមួយៗនឹងអាចបញ្ចប់ការចាក់វ៉ាក់សាំងកូវីដទាំងស្រុងនៅពេលមុនពេលចូលកងឆមាសទី២វិញ ដែលនេះនឹងជំរុញឱ្យផែនការនៃការបើកបង្រៀនសិស្សដោយផ្ទាល់ក្នុងសាលារៀនវិញនេះ អាចធ្វើទៅបានមានប្រសិទ្ធភាពផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *