សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់ស្ថានីយ៍ប្រេងឥន្ធនៈជាង ១០០០ ទីតាំងនៅភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក បានអស់សាំង និងឥន្ធនៈសម្រាប់ផ្គត់ផ្គង់ពីក្នុងស្តុករបស់ខ្លួនរលីង ដែលកើតឡើងដោយសារតែអ្នកប្រើប្រាស់យានយន្តសឹងតែគ្រប់គ្នា នាំគ្នាបុកបង្ខំទៅទិញសាំងទុក ដោយសារបារម្ភករណីដែលពួកហេកឃឺ (Hacker) បានលួចបញ្ជាបិទប្រព័ន្ធបំពង់ផ្គត់ផ្គង់ប្រេងដ៏ធំក្នុងស្រុក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
ករណីនេះកើតមានឡើង ក្រោយពីប្រព័ន្ធបំពង់ផ្គត់ផ្គង់ប្រេងដ៏ធំក្នុងតំបន់ ដែលមានឈ្មោះថា The Colonial Pipeline ត្រូវបានពួកឧក្រិដ្ឋជនអ៊ីនធើណែត ហេកឃឺ (Hacker) បញ្ជាឱ្យបិទដំណើរការកាលពីថ្ងៃសុក្រ ទី៧ ឧសភា កន្លងទៅនេះ ដោយទាមទារឱ្យរដ្ឋាភិបាលបង់ប្រាក់ឱ្យពួកខ្លួន ជាថ្នូរនឹងការបើកឱ្យប្រព័ន្ធនេះដំណើរការឡើងវិញ។ ប្រព័ន្ធបំពង់ផ្គត់ផ្គង់ប្រេង The Colonial Pipeline នេះផ្គត់ផ្គង់ប្រេងប្រមាណដល់ទៅ ៤៥% នៃចំនួនប្រេងសរុបប្រើក្នុងតំបន់ភាគអាគ្នេយ៍នៃសហរដ្ឋអាម៉េរិក។
ករណីដ៏កម្រនេះហើយ ដែលនាំឱ្យអ្នកប្រើប្រាស់យានយន្តជាច្រើន មានការបារម្ភ និងសម្រុកទៅបញ្ជាទិញប្រេងចាក់ក្នុងយានយន្តខ្លួនឱ្យពេញៗ រហូតដល់នាំឱ្យអស់ប្រេងពីក្នុងស្តុកនៃស្ថានីយ៍ប្រេងឥន្ធនៈដល់ទៅជាង ១០០០ ទីតាំងនៅតាមរដ្ឋផ្សេងៗជាច្រើននៅទូទាំងតំបន់។ បើតាមអ្នកជំនាញលើកឡើងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចំណុះប្រេងប្រចាំថ្ងៃដែលត្រូវបានលក់ឱ្យអតិថិជនដែលសម្រុកមកទិញ កើនឡើងលើសថ្ងៃធម្មតាដល់ទៅជាង ៣ ឬ៤ដងឯណោះ។
បំពង់ផ្គត់ផ្គង់ប្រេងនេះ មានប្រភពនាំប្រេងពីឆ្នេរនៃរដ្ឋតិចសាស់ភាគខាងត្បូង ទៅកាន់តំបន់ទីក្រុងញូវយ៉ក ហើយរដ្ឋធំៗដែលពឹងផ្អែកខ្លាំងទៅនឹងបំពង់ផ្គត់ផ្គង់ប្រេងនេះមានដូចជារដ្ឋអាឡាបាម៉ា (Alabama) ចរចា (Georgia) ធេណេស៊ី (Tennessee) ការ៉ូឡៃណា (Carolinas) និងខ្លូហ្សា (Kloza)ជាដើម។
ក្នុងនោះដែរ គេក៏ទទួលបានរបាយការណ៍មួយចំនួនបញ្ជាក់ថាមានការលួចកេងចំណេញតម្លើងថ្លៃប្រេង ខណៈពេលដែលប្រជាជនសម្រុកមកទិញប្រេងទាំងភាពភ័យខ្លាចថាអស់ប្រេងពីស្តុកនេះផងដែរ។ ក្នុងករណីបែបនេះ រដ្ឋមន្ត្រីថាមពលអាម៉េរិកបានលើកឡើងថា រដ្ឋាភិបាលនឹងមិនលើកលែងឡើយករណីដែលមានស្ថានីយ៍ប្រេងឥន្ធនៈណាឆ្លៀតឱកាសតម្លើងថ្លៃប្រេងនាពេលនេះ។
ឆ្លើយតបទៅនឹងស្ថានការណ៍បន្ទាន់បែបនេះ រដ្ឋាភិបាលសហព័ន្ធបាននឹងកំពុងសម្រួលឱ្យមានការបង្កើនការដឹកជញ្ជូនប្រេងតាមរថយន្តធំៗ តាមកប៉ាល់ និងតាមផ្លូវរថភ្លើង រួមនឹងមធ្យោបាយផ្សេងៗទៀតតាមគ្រប់រូបភាពផងដែរ ដើម្បីធានាកុំឱ្យមានភាពចលាចលច្រាលកើនឡើងក្នុងចំណោមសាធារណជនបន្តទៀត។
ក្នុងនោះដែរ អជ្ញាធរតាមរដ្ឋនីមួយៗក៏បានចេញមុខ និងថ្លែងទៅកានប្រជាជនរបស់ខ្លួនស្នើកុំឱ្យមានភាពភ័យខ្លាច និងមិនត្រូវនាំគ្នាទៅសម្រុកទិញប្រេងមកទុកខុសពីធម្មតានោះទេ ដែលនាំឱ្យដំណើរការផ្គត់ផ្គង់ជួបបញ្ហា និងប្រឈមឈានដល់កើតមានជាបញ្ហាពាក់ព័ន្ធដទៃទៀតផងដែរ។
យ៉ាងណាមិញ បើទោះជារងគ្រោះពីការលួច hack ដោយពួកឧក្រិដ្ឋជនក៏ដោយ អជ្ញាធរបានបើកឱ្យដំណើរការផ្នែកខ្លះនៃប្រព័ន្ធបំពង់ផ្គត់ផ្គង់ចាប់តាំងពីថ្ងៃចន្ទមក ហើយគេរំពឹងថាបំពង់ប្រេងទាំងមូលនឹងអាចដំណើរការឡើងវិញបាននៅចុងសប្តាហ៍នេះ។ តែយ៉ាងណាក៏ដោយ នេះជាសញ្ញាណនៃក្តីបារម្ភថ្មី ដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ជាតិ អាចនឹងប្រឈមពីការលុកលុយតាមប្រព័ន្ធបច្ចេកវិទ្យាដូចនេះទៀតនៅពេលខាងមុខផងដែរ។