កូរ៉េខាងត្បូង៖ តំណាងការទូតកូរ៉េខាងត្បូងនៅរដ្ឋធានីវ៉ាស៊ីងតោន កំពុងបន្តព្យាយាមប្រើមធ្យោបាយការទូត ដើម្បីជំរុញឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិកជួយសម្រួលក្នុងការនាំចេញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ផ្គតផ្គង់ដល់ប្រទេសកូរ៉េខាងត្បូង ឱ្យបានឆាប់រហ័សមុនខែមិថុនាខាងមុខ នេះបើតាមការបញ្ជាក់របស់អគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាម៉េរិក នៅថ្ងៃចន្ទនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លី សូយ៉ុក (Lee Soo-hyuck) បានបញ្ជាក់ពីក្តីសង្ឃឹមថាសហរដ្ឋអាម៉េរិកឆាប់ៗខាងមុខនេះ អាចនឹងបង្កើនការនាំចេញវ៉ាក់សាំងកូវីដ-១៩ មកកាន់កូរ៉េខាងត្បូង នៅមុនខែមិថុនាខាងមុខ។ លោកអគ្គរដ្ឋទូតបានទំនាក់ទំនងផ្ទាល់ជាមួយវិមានប្រធានាធិបតី និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក ដើម្បីអាចបញ្ចុះបញ្ចូលតាមការទូតបន្ថែម ដើម្បីឱ្យសម្ព័ន្ធមិត្តខ្លួនអាចសម្របសម្រួលជាមួយភាគីក្រុមហ៊ុនឯកជនរបស់ខ្លួន ដើម្បីអាចបង្កើនទំហំនាំចេញវ៉ាក់សាំងកូវីដ-១៩ មកប្រទេសកូរ៉េខាងត្បូងឱ្យបានកាន់តែឆាប់ ហើយជាការឆ្លើយតបសហរដ្ឋអាម៉េរិកក៏បញ្ជាក់ថាខ្លួនយល់ពីតម្រូវការ និងស្ថានការណ៍នៃប្រទេសកូរ៉េខាងត្បូង ទាក់ទងនឹងតម្រូវការវ៉ាក់សាំងនេះ។
ក្នុងនោះដែរ លោកទូតក៏បានលើកឡើងថា ខ្លួនកំពុងបន្តចរចាផងដែរជាមួយភាគីក្រុមហ៊ុន Pfizer ដើម្បីធានាឱ្យបានការផ្គត់ផ្គង់វ៉ាក់សាំងកូវីដឱ្យបានកានតែឆាប់ផងដែរ។
សម្រាប់អ្វីដែលជាគោលបំណងនៃការព្យាយាមបញ្ចុះបញ្ចូលតាមការទូតរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនេះ គឺដោយសារតែកូរ៉េខាងត្បូងជឿជាក់ថា នៅពេលដែលវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer ត្រូវបានផ្គត់ផ្គង់ជាអាទិភាពនៅក្នុងស្រុកសម្រាប់សហរដ្ឋអាម៉េរិកខ្លួនឯងរួចរាល់ហើយនោះ កូរ៉េខាងត្បូងអាចនឹងបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាលអាម៉េរិក និងក្រុមហ៊ុន Pfizer ងាកមកផ្តល់អាទិភាពនាំចេញវ៉ាក់សាំងកូវីដ Pfizer នេះទៅប្រទេសកូរ៉េខាងត្បូងមុនគេវិញ។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងបានបញ្ជាទិញបានវ៉ាក់សាំងកូវីដ-១៩ ដល់ទៅសម្រាប់មនុស្ស ៩៩លាននាក់ឯណោះ បើទោះប្រជាជនខ្លួនមានត្រឹមជាង ៥២លាននាក់ក៏ដោយ តែសម្រាប់បច្ចុប្បន្ននេះបញ្ហាគឺការយឺតយ៉ាវក្នុងការផ្គត់ផ្គត់វ៉ាក់សាំង ដោយសារតែកង្វះខាតនៃស្តុកវ៉ាក់សាំងពីក្រុមហ៊ុនដែលផលិតវ៉ាក់សាំង និងដោយសារតែវ៉ាក់សាំងរបស់ក្រុមហ៊ុនមួយចំនួន នៅមិនទាន់ផលិតសម្រេចរួចរាល់ដូចជាវ៉ាក់សាំង Novavax ដែលកំពុងបន្តក្នុងដំណាក់កាលសាកល្បងនៅឡើយ និងបញ្ហាមួយចំនួនលើសុវត្ថិភាពនៃវ៉ាក់សាំងផងដែរ ដូចជាវ៉ាក់សាំង AstraZeneca និង Johnson Johnson ដែលបច្ចុប្បន្នក៏កំពុងមានបញ្ហាកង្វល់លើសុវត្ថិភាពនៃវ៉ាក់សាំងផងដែរ។
ក្នុងនោះដែរ កន្លងមកកូរ៉េខាងត្បូងក៏ធ្លាប់លើកជាសំណើក្នុងការផ្តោះប្តូរវ៉ាក់សាំងកូវីដពីអាម៉េរិកមកប្រើបណ្តោះអាសន្នសិនផងដែរ ដោយសារតែសហរដ្ឋអាម៉េរិកបានប្រកាសផ្អាកការផ្តល់វ៉ាក់សាំងកូវីដរបស់ AstraZeneca សិន ដែលនាំឱ្យវ៉ាក់សាំងនេះមាននៅសល់ចោលក្នុងស្តុក។ ដូចនេះ កូរ៉េខាងត្បូងបានលើកជាសំណើសុំខ្ចីវ៉ាក់សាំងកូវីដរបស់ AstraZeneca ដែលសហរដ្ឋអាម៉េរិកមិនទាន់ប្រើសិន ដើម្បីយកមកប្រើសិន ហើយនឹងសងជាវ៉ាក់សាំងទៅវិញនៅពេលក្រោយ។ តែសំណើរនេះមិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយនោះទេ។