សហរដ្ឋអាម៉េរិក អាចនឹងពិចារណាចែករំលែកវ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ឱ្យទៅកូរ៉េខាងជើង ប្រសិនបើមានសំណើផ្លូវការណាមួយពីកូរ៉េខាងជើងនេះ

កូរ៉េខាងជើង៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកអាចនឹងធ្វើការពិចារណាក្នុងការចែករំលែកវ៉ាក់សាំងកូវីដ-១៩ ជាមួយនឹងប្រទេសកូរ៉េខាងជើង ប្រសិនបើប្រទេសកូរ៉េខាងជើងនេះធ្វើការស្នើសុំជាផ្លូវការ នេះបើតាមការរាយការណ៍ក្នុងសារព័ត៌មានដ៏ធំរបស់សហរដ្ឋអាម៉េរិក CNN នៅថ្ងៃអង្គារម្សិលមិញនេះ។

សារព័ត៌មាន CNN បានពិព័ណ៌នាថាការចែករំលែកវ៉ាក់សាំងកូវីដ-១៩ ពីសហរដ្ឋអាម៉េរិក ទៅកាន់កូរ៉េខាងជើង អាចនឹងជាវិធានការល្អក្នុងការជួយសម្របសម្រួលនំាដល់ការបន្តឡើងវិញនូវការសន្ទនាផ្នែកការទូតរវាងប្រទេសទាំងពីរ ដែលគេអាចសន្និដ្ឋានដោយហេតុផលមួយថាកូរ៉េខាងជើងទំនងជានឹងមិនចាប់ផ្តើមដំណើរការចរចាការទូតជាមួយសហរដ្ឋអាម៉េរិក ឬកូរ៉េខាងត្បូងនោះទេប្រសិនបើហានិភ័យនៃការបន្តឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើតមាន។

ប៉ុន្តែមកដល់វេលានេះ សហរដ្ឋអាម៉េរិកនៅតែមិនមានសំណើរណាមួយមកពីភាគីកូរ៉េខាងជើងនោះទេ។ ហើយ សម្រាប់បច្ចុប្បន្នសហរដ្ឋអាម៉េរិកក៏មិនទាន់មានផែនការផ្លូវការណាមួយក្នុងការរៀបចំចែករំលែកវ៉ាក់សាំងកូវីដ-១៩ ឱ្យប្រទេសកូរ៉េខាងជើងនោះដែរ។ ក្នុងនោះ បច្ចុប្បន្នរដ្ឋកុំម្មុយនីស្តកូរ៉េខាងជើងនេះ ក៏បានបដិសេធមិនទទួលយកជំនួយវ៉ាក់សាំងនានាពីសំណាក់ប្រទេសកូរ៉េខាងត្បូង ក៏ដូចជាពីសំណាក់អង្គការអន្តរជាតិនានាដូចជាកម្មវិធីកូវ៉ាក់ (COVAX) ដែលជាកម្មវិធីផ្តល់វ៉ាក់សាំងកូវីដរបស់អង្គការសុខភាពពិភពលោកផងដែរ។

ផ្ទុយមកវិញ ប្រទេសកូរ៉េខាងជើងបានអនុវត្តវិធានការផ្ទៃក្នុង និងបិទប្រទេសយ៉ាងតឹងរ៉ឹង ដោយបានប្រកាសបិទព្រំដែនរបស់ខ្លួនជាប់នឹងប្រទេសចិនភា្លមៗ កាលពីពេលដែលប្រទេសចិនចាប់ផ្តើមផ្ទុះឆ្លងមេរោគកូវីដ-១៩ នេះតាំងពីដំណាក់កាលដំបូងមក ហើយលើសពីនោះទៀត ក៏មានការរាយការណ៍មកថាកូរ៉េខាងជើងថែមទាំងមានការអនុវត្តវិធានការបាញ់សម្លាប់ចោល ចំពោះអ្នកណាដែលលួចឆ្លងព្រំដែនចូលមកក្នុងប្រទេសកូរ៉េខាងជើងដោយគ្មានការអនុញ្ញាតទៀតផង។

គិតមកដល់ពេលនេះ កូរ៉េខាងជើងមិនទាន់មានរាយការណ៍នូវករណីវិជ្ជមានកូវីដ-១៩ ណាមួយនោះទេ។

យ៉ាងណាមិញ មន្ត្រីម្នាក់ក្នុងរដ្ឋបាលរបស់សហរដ្ឋអាម៉េរិក ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ថា បើទោះបីជាសហរដ្ឋអាម៉េរិកអាចនឹងស្វាគមន៍ចំពោះសំណើរបស់កូរ៉េខាងជើងនេះ ដោយឈរលើមូលដ្ឋានជំនួយផ្នែកមនុស្សធម៌ក៏ដោយ ក៏សហរដ្ឋអាម៉េរិកនឹងនៅតែបន្តតាមពិនិត្យទៅលើជំនួយទាំងនោះផងដែរ ដើម្បីធានាយ៉ាងណាឱ្យបានដល់ដៃរបស់អ្នកដែលត្រូវការពិតប្រាកដមែន។

សូមបញ្ជាក់ថា កិច្ចសន្ទនារវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកត្រូវបានជាប់គាំងតាំងពីដើមឆ្នាំ២០១៩មកម្លេះ ដែលកាលនោះលោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានជួបគ្នានៅក្នុងប្រទេសវៀតណាម តែមិនមានលទ្ធផលណាមួយជាដុំកំភួននោះ។

Leave a Reply

Your email address will not be published. Required fields are marked *