អ្នកបើកបរកង់អគ្គិសនី មិនមានប័ណ្ណបើកបរ មិនគ្រប់អាយុ និងល្មើសករណីផ្សេងទៀត នឹងរងផាកពិន័យដល់ ១០ម៉ឺនវ៉ុន ក្រោយច្បាប់ចរាចរថ្មី ចូលជាធរមាន

កូរ៉េខាងត្បូង៖ អ្នកបើកបរប្រភេទកង់អគ្គិសនី (electric scooters) និងឧបករណ៍ធ្វើដំណើរដទៃទៀតនៅលើដងផ្លូវដែលមិនមានប័ណ្ណបើកបរ នឹងត្រូវផាកពិន័យដល់ ១០ម៉ឺនវ៉ុន ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែឧសភា ២០២១នេះហើយ បើតាមការបញ្ជាក់របស់ប៉ូលីសកូរ៉េខាងត្បូង ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ស្ថាប័នប៉ូលីសកូរ៉េខាងត្បូងបានបញ្ជាក់ឱ្យដឹងថា តាមច្បាប់ចរចរណ៍ថ្មីដែលទើបនឹងធ្វើវិសោធនកម្ម (កែប្រែ) រួចមក ហើយនឹងចូលជាធរមានចាប់ពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះទៅ នឹងតម្រូវឱ្យរាល់អ្នកបើកបរទាំងអស់នៅលើដងផ្លូវ ត្រូវមានប័ណ្ណបើកបរយ៉ាងហោចណាស់ ក៏ប័ណ្ណបើកបរម៉ូតូផងដែរ ហើយដែលអាយុអប្បបរមាសម្រាប់អាចធ្វើការបើកបរបានគឺអាយុ១៦ឆ្នាំ។

សម្រាប់ច្បាប់បច្ចុប្បន្ននេះ អ្នកដែលមានអាយុលើសពី១៣ឆ្នាំឡើងទៅ អាចបើកបរប្រភេទកង់អគ្គិសនី (electric scooters) ដោយមិនចាំបាច់មានប័ណ្ណបើកបរ។

ក្នុងនោះដែរ ច្បាប់ដែលកែប្រែថ្មីនេះ ក៏មានកំណត់ការផាកពិន័យដល់ ២ម៉ឺនវ៉ុន សម្រាប់ការល្មើសបើកបរកង់អគ្គិសនី (electric scooters) ដោយមិនមានមួកសុវត្ថិភាព និងសម្ភារៈការពារខ្លួនដទៃទៀត និងការផាកពិន័យ ៤ម៉ឺនវ៉ុន សម្រាប់ការជិះកង់អគ្គិសនី (electric scooters) ដោយមានឌុបមនុស្សម្នាក់ ឬច្រើននាក់ទៀតជាមួយ។

ក្នុងករណីដែលមានក្មេងអាយុក្រោម ១៣ឆ្នាំ ត្រូវរកឃើញថាបើកបរកង់ប្រភេទកង់អគ្គិសនី (electric scooters) នេះ អាណាព្យាបាលជាឪពុកម្តាយនឹងរកការផាកពិន័យដល់ ១០ម៉ឺនវ៉ុន។

ច្បាប់ថ្មីនេះដែលអនុវត្តលើកអ្នកប្រើប្រាស់កង់អគ្គិសនី (electric scooters)នេះ គឺអនុវត្តទាំងលើអ្នកជាម្ចាស់កង់ផ្ទាល់ ឬអ្នកដែលជួលកង់ជិះផងដែរ។

យ៉ាងណាមិញ ក្នុងអំឡុងខែក្រោយនេះ ប៉ូលីសក៏បានបញ្ជាក់ថា នឹងផ្តោតលើយុទ្ធនាការផ្សព្វផ្សាយជាមួយស្ថាប័ន និងដៃគូពាក់ព័ន្ធ អំពីការចូលជាធរមាន និងខ្លឹមសារនៃច្បាប់ថ្មីនេះ មុននឹងចាប់ផ្តើមអនុវត្តការផាកពិន័យដូចមានចែងក្នុងច្បាប់ថ្មីនេះ។

សូមបញ្ជាក់ថា ការប្រើប្រាស់ប្រភេទកង់អគ្គិសនី (electric scooters) នេះ បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានត្រឹម ៩៨,០០០ គ្រឿងប្រើប្រាស់ ក្នុងឆ្នាំ២០១៧ និងកើនរហូតដល់ ១៩៦,០០០គ្រឿងហើយ គ្នុងឆ្នាំ២០១៩។ ក្នុងនោះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលមានពាក់ព័ន្ធនឹងកង់អគ្គិសនី (electric scooters) នេះក៏កើនផងដែរ ពី២២៥ករណី និង៤នាក់រងគ្រោះបាត់បង់ជីវិត ក្នុងឆ្នាំ២០១៨ រហូតដល់  ៨៩៧ករណី និង១០នាក់រងគ្រោះបាត់បង់ជីវិត ក្នុងឆ្នាំ២០២០។

Leave a Reply

Your email address will not be published. Required fields are marked *