កូរ៉េខាងត្បូង៖ ជនបរទេស ៥៥នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធជាមួយករណីលួចចែកចាយគ្រឿងញៀន នៅនឹងទីតាំងបនល្បែងខុសច្បាប់ខេត្តឈុងណាម នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Navers News ជាភាសាកូរ៉េ។
តាមរយៈការប្រកាសរបស់ប៉ូលីសទីក្រុងអុីនឆន់នៅថ្ងៃទី១១ ឧសភា ២០២១នេះ បានឱ្យដឹងថាសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើសជាជនបរទេសចំនួន ៥៥នាក់ ពាក់ព័ន្ធករណីលួចនាំចូលគ្រឿងញៀនខុសច្បាប់មកពីស្រុកក្រៅ ហើយនិងបានបើកដំណើរការបនល្បែងស៊ីសងខុសច្បាប់នៅតំបន់អាសាន ខេត្តឈុងណាម ដែលបានប្រតិបត្តិការចាប់តាំងពីខែសីហាឆ្នាំមុន មកដល់ខែមេសាឆ្នាំ២០២១នេះ ទើបអាចចាប់ខ្លួនបាន។
ក្នុងចំណោមអ្នកដែលបានចាប់ខ្លួននោះ មានជនជាតិថៃដល់ទៅ២៩នាក់ និង២៣នាក់ទៀតជាជនជាតិបរទេសមកពីតំបន់អាស៊ីកណ្តាល។ បើតាមការបញ្ជាក់របស់ប៉ូលីស ពួកជនបរទេសទាំងនេះ បានបើកបនល្បែងខុសច្បាប់សម្រាប់តែបណ្តាញពួកជនបរទេសដូចគ្នា ហើយចែកចាយថ្នាំញៀនដូចជា មេតំហ្វេតាមីន ថ្នាំឆ្កួតយ៉ាបា និងថ្នាំញៀនដទៃទៀតតាមការបញ្ជាទិញក្នុងប្រព័ន្ធបណ្តាញសង្គមរបស់ខ្លួនផង និងតាមការមកទិញផ្ទាល់ផង។
ក្នុងប្រតិបត្តិការចាប់ខ្លួននេះ គេឃាត់បានភស្តុតាងជាថ្នាំញៀនមេតំហ្វេតាមីន ២៩៦ក្រាម , កញ្ឆា៤១៦ក្រាម , ថ្នាំឆ្កួតយ៉ាបា ៦២៣គ្រាប់ និង លុយ៦៣លានវ៉ុន។
តាមការបញ្ជាក់របស់ប៉ូលីស តាមរយៈការស៊ើបអង្កេតគ្រោងនឹងសហការជាមួយកម្លាំងប៉ូលីសអន្តរជាតិ ដើម្បីបន្តតាមចាប់មេខ្លោងចែកចាយថ្នាំនៅក្នុងប្រទេសថៃទៀតផង។