៣ ខែដំបូងដើមឆ្នាំ ២០២១ កូរ៉េខាងត្បូងប្រមូលចំណូលពន្ធ កើនដល់ទៅ ១៩ទ្រីលានវ៉ុន ច្រើនជាងឆ្នាំកន្លងទៅ ដោយសារកត្តាធំៗ ២យ៉ាង

កូរ៉េខាងត្បូង៖ ចំណូលពន្ធរបស់កូរ៉េខាងត្បូងដែលប្រមូលបានក្នុងរយៈពេលនៃត្រីមាសដំបូង (៣ខែដំបូង) ឆ្នាំ២០២១ នេះ កើនដល់ទៅ១៩ទ្រីលានវ៉ុន (ប្រមាណជាង ១៧ប៊ីលានដុល្លារ) ពីចំណូលពន្ធដែលប្រមូលបានកាលពីឆ្នាំ២០២០កន្លងមករយៈពេលដូចគ្នា នេះបើតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូងនេះ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១ រដ្ឋាភិបាលបានប្រមូលចំណូលពន្ធដល់ ៨៨.៥ ទ្រីលានវ៉ុន ដែលបើប្រៀបទៅនឹងឆ្នាំ២០២០កន្លងមករយៈពេលដូចគ្នា ប្រមូលចំណូលពន្ធបានត្រឹម ៦៩.៥ ទ្រីលានវ៉ុនប៉ុណ្ណោះ។

របាយការណ៍ដដែលនេះក៏បានបង្ហាញពីមូលហេតុនៃការកើនចំណូលពន្ធនេះដែរ ដោយសារតែកំណើននៃចំណូលពន្ធពីការទិញលក់អចលនទ្រព្យ និងពីការជួញដូរភាគហ៊ុនផងដែរ។ ចំណែកឯពន្ធអាជីវកម្មក៏បានកើនឡើងវិញផងដែរ ក្រោយពីចំណូលតាមអាជីវកម្មនីមួយៗហាក់មានការងើបឡើងវិញនៅដើមឆ្នាំ២០២១នេះ។

ក្នុងនោះដែរ របាយការណ៍ក៏បានបញ្ជាក់ថា ចំណូលរដ្ឋសរុបក្នុងដើមត្រីមាសដំបូងនេះ គឺមានដល់១៥២.១ ទ្រីលានវ៉ុន គឺកើនលើសឆ្នាំមុនដល់ទៅ ៣២.៦ទ្រីលានវ៉ុនផងដែរ។ ចំណូលសរុបនេះ គឺរាប់បញ្ចូលចំណូលពន្ធនេះ រួមនឹងចំណូលពីប្រភពដទៃទៀត។

យ៉ាងណាមិញ ជាមួយនឹងចំណូលប្រចាំត្រីមាសកើនឡើងនេះ ខ្ទង់ចំណាយរបស់រដ្ឋក្នុងត្រីមាសដំបូងនេះក៏មានការកើនឡើងដល់១៨២.២ ទ្រីលានវ៉ុនផងដែរ គឺកើនលើសឆ្នាំមុនដល់ទៅ ១៧.៤ទ្រីលានវ៉ុន ដោយសារតែរដ្ឋបានបញ្ចេញខ្ទង់ចំណាយមួយចំនួនដើម្បីជួយដល់ប្រជាជនតាមវិស័យក្នុងស្ថានការណ៍នៃជំងឺកូវីដនេះ។ ខ្ទង់ចំណាយដ៏ធំនេះ នាំឱ្យទំហំនៃចំណូលរដ្ឋមានឱនភាពដល់ទៅ ៣០.១ ទ្រីលានវ៉ុន ដោយសារតែចំណូលរដ្ឋ មានតិចជាងចំណាយរបស់រដ្ឋសរុប។

Leave a Reply

Your email address will not be published. Required fields are marked *