កាក់សេន៖ Cryptocurrency ជាប្រធានបទក្ដៅមួយសម្រាប់អ្នកចាប់អារម្មណ៍លើការវិនិយោគ ហើយយើងឃើញថា នៅកម្ពុជាក៏មានគេនិយាយពីរឿង Cryptocurrency និងការ Mine Bitcoin ផងដែរ។ ទោះបីជាមានការចាប់អារម្មណ៍ច្រើនក៏ពិតមែន កាក់សេនជឿថាអ្នកអានភាគច្រើនមិនសូវបានយល់ពីរូបិយប័ណ្ណឌីជីថលមួយនេះនៅឡើយទេ។
១- អ្វីទៅជា Cryptocurrency?
Cryptocurrency គឺជារូបិយប័ណ្ណឌីជីថល បំពាក់ដោយបណ្តាញសុវត្ថិភាព Cryptography ដែលប្រើសម្រាប់ជួញដូរ ប្រតិបត្តិការ ជាវទំនិញ ឬសេវាកម្មតាមប្រព័ន្ធអនឡាញ។
ឧបករណ៍ហិរញ្ញវត្ថុអរូបីនេះ ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (blockchain) និងមិនស្ថិតក្រោមការត្រួតពិនិត្យគ្រប់គ្រងពីធនាគារកណ្តាល ដូចក្រដាសលុយនោះទេ។
រាល់អ្នកកាន់កាប់ Cryptocurrency Address នីមួយៗគឺមិនត្រូវបានស្គាល់អត្តសញ្ញាណជាក់លាក់ដូចគណនីធនាគារនោះឡើយ។
២- តម្លៃនៃទីផ្សារ Cryptocurrency
តម្លៃនៃទីផ្សារនេះ បានកើនឡើងដល់ ២.២ សែនកោដិដុល្លារ ជាលើកដំបូងនៅដើមខែឧសភា ឆ្នាំ២០២១ នេះ ហើយនឹងនៅតែបន្តកើនឡើងបន្ថែមទៀត នេះបើតាមប្រភពទិន្នន័យពី CoinMarketCap។
៣- ប្រភេទនៃ Cryptocurrency ធំៗមួយចំនួន
Cryptocurrency ធំៗ ដែលមានតម្លៃទីផ្សារធំៗជាងគេទាំង៥នោះគឺ៖
– Bitcoin (BTC)៖ មានតម្លៃទីផ្សារសរុបដល់ទៅ ១.០៨ សែនកោដិដុល្លារ
Cryptocurrency ដំបូងគេមានវត្តមាននៅឆ្នាំ ២០០៩ គឺ Bitcoin
– Ethereum (ETH)៖ មានតម្លៃទីផ្សារសរុបដល់ទៅ ៤៨៥ ពាន់លានដុល្លារ
– Binance Coin (BNB)៖ មានតម្លៃទីផ្សារសរុបដល់ទៅ ១០២ ពាន់លានដុល្លារ
– Dogecoin (DOGE)៖ មានតម្លៃទីផ្សារសរុបដល់ទៅ ៦៤ ពាន់លានដុល្លារ
Dogecoin រចនាឡើងតាមរូបថ្លុកអ៊ីនធើណែត meme នៃរូបសុនខជប៉ុនមួយពូជ Shiba Inu
– Cardano (ADA)៖ មានតម្លៃទីផ្សារសរុបដល់ទៅ ៥៥ ពាន់លានដុល្លារ
ទិន្នន័យនេះគឺធ្វើបច្ចុប្បន្នភាពគិតត្រឹមយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២១ តាមរយៈទីផ្សារ Binance។
៤- កត្តាអ្វីខ្លះដែលធ្វើឱ្យមានការបង្កើតនៃ Cryptocurrency?
មានកត្តាច្រើន តែយើងសូមលើកនូវកត្តាធំៗមួយចំនួនដូចជា៖
– មនុស្សចាប់ផ្តើមបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាល និងធនាគារដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ ២០០៨
– ងាយស្រួលទុកដាក់ និងទូទាត់ជំនួសលុយក្រដាស ដោយមិនអស់ថ្លៃសេវាប្រតិបត្តិការ
– ខ្វះ ឬសឹងតែមិនមានការពិនិត្យសង្កេតពីរដ្ឋាភិបាល ដែលបង្កសេរីភាពដល់អ្នកជួញដូរ
– បញ្ចៀស ឬលុបបំបាត់នូវការក្លែងបន្លំក្រដាសប្រាក់ និងការដាក់ឱ្យចរារចររូបិយប័ណ្ណក្លែងក្លាយ
– ជាមធ្យោបាយលាងលុយកង្វក់ គេចពន្ធ ជួញដូរគ្រឿងញៀនរបស់ជនទុច្ចរិតមួយចំនួនក្នុងទីផ្សារងងឹត។
៥- តើគួរមានការប្រុងប្រយ័ត្នយ៉ាងណាខ្លះ ពេលវិនិយោគលើ Cryptocurrency?
មុននឹងសម្រេចចិត្តវិនិយោគលើ Cryptocurrency អ្នកគួរស្រាវជ្រាវឱ្យយល់ដឹងអំពីកត្តាមួយចំនួនជាមុនសិន៖
– ប្រភេទ Cryptocurrency ថាតើ cryptocurrency នោះមានឈ្មោះអ្វី? បង្កើតនៅឆ្នាំណា ដោយនរណា? មានមុខងារសម្រាប់អ្វី ជួញដូរ ទូទាត់ចំណាយ ឬដើម្បីវិនិយោគរយៈពេលវែង? អាចទុកចិត្តបាន និងមានគេវិនិយោគច្រើននាក់ដែរឬទេ?
– តម្លៃរបស់ Cryptocurrency នោះ ទីផ្សាររបស់វាមានតម្លៃសរុបប៉ុុន្មាន តើតម្លៃក្នុងមួយឯកតាកាក់មានតម្លៃប៉ុន្មាន តើការហក់ឡើងចុះនៃតម្លៃរបស់វាជារៀងរាល់ថ្ងៃប្រែប្រួលដល់កម្រិតណា?
– ឈ្មួញកណ្តាល (Broker) ឬទីផ្សារលក់ ថាតើមានភាគីឈ្មួញជើងសារណាចាំសម្របសម្រួលដូចទីផ្សារមូលបត្រ ដែរឬទេ? តើការលក់ទិញ ដោះដូរប្រព្រឹត្តទៅតាមមធ្យោបាយអ្វី? តើទីផ្សារលក់មានស្ថិរភាព និងកំណើនដែរឬអត់?
– ហានិភ័យ ដែលអាចកើតមានចំពោះការវិនិយោគនេះ ថាតើអ្នកមានលទ្ធភាពរ៉ាប់រងវាដល់កម្រិតណា? តើនឹងមានដំណោះស្រាយអ្វីទេ ក្នុងករណីយើងត្រូវគេឆបោក ឬខាតបង់ទឹកប្រាក់ដោយប្រការណាមួយ?
– ស្វែងរកការយល់ដឹង និងបទពិសោធន៍ផ្ទាល់ៗពីអ្នកដែលធ្លាប់មានបទពិសោធន៍ ដោយអ្នកគួរដែលប្រមូលផ្ដុំដោយអ្នករីករាយក្នុងការវិនិយោគ Cryptocurrency និងសាកសួរព័ត៌មាន របៀបជួញដូរឲ្យមានប្រសិទ្ធភាព ពីអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ជាពិសេសអានការណែនាំ តម្រង់ទិសរបស់ Cryptocurrency ដែលយើងចង់វិនិយោគឲ្យបានល្អិតល្អន់។
៦- ស្ថានភាព Cryptocurrency នៅក្នុងស្រុកខ្មែរ
យោងទៅតាមសេចក្តីថ្លែងការណ៍រួមរបស់ ធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចុះផ្សាយក្នុងឆ្នាំ២០១៨ បានបញ្ជាក់ថាការផ្សព្វផ្សាយ ចរាចរ ទិញ លក់ និងជួញដូរកាសអេឡិចត្រូនិក (Cryptocurrency) ដោយមិនមានអជ្ញាប័ណ្ណពីអជ្ញាធរមានសមត្ថកិច្ច ជាសកម្មភាពខុសច្បាប់។
សូមបញ្ជាក់ថា ប្រទេសដែលចាត់ទុកការវិនិយោគ Cryptocurrency ជាសកម្មភាពស្របច្បាប់ ប៉ុន្តែមានស្ថាប័ន និងប្រព័ន្ធច្បាប់ត្រួតពិនិត្យត្រឹមត្រូវ ជាអាទិ៍រួមមាន សហរដ្ឋអាមេរិក បារាំង ស្វ៊ីស អាឡឺម៉ង់ អូស្ត្រាលី កូរ៉េខាងត្បូង ហូឡង់ ជប៉ុន ថៃ សាំងហ្គាពួរជាដើម។
ចំណែកឯប្រទេសដែលចាត់ទុក cryptocurrency ជាការជួញដូរខុសច្បាប់ និងហាមឃាត់ការជួញដូរផងនោះមានដូចជាចិន បង់ក្លាដេស អាល់ហ្សេរីយ៉ា កាតា នេប៉ាល់ អេក្វាឌ័រ បូលីវា។ល។
ប្រភព៖ កាក់សេន – KAKCENT
សូមព្យាយាមស្វែងយល់បន្ថែមឱ្យបានកាន់តែច្រើនបំផុត តាមតែអាចធ្វើបាន មុននឹងសម្រេចចិត្តណាមួយនៅក្នុងទីផ្សារវិនិយោគ Cryptocurrency ដែលរាល់ការវិនិយោគគឺជាជម្រើសផ្ទាល់ខ្លួនរបស់លោកអ្នក។