តើអ្វីទៅជាបំណុលរដ្ឋ? ហើយជះឥទ្ធិពលអ្វីខ្លះដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ? ហើយតើកម្ពុជាយើងមានបំណុលរដ្ឋនេះ សរុបដល់ប៉ុន្មានហើយ?

កាក់សេន៖ នៅប្រទេសកម្ពុជា បំណុលរបស់រដ្ឋ ត្រូវបានគ្រប់គ្រងដោយអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ដែលបំពេញមុខងារជាសេនាធិការឱ្យក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

👉 ប៉ុន្តែ បំណុលរដ្ឋមានន័យដូចម្ដេច?
បំណុលរបស់រដ្ឋ ឬ Government Debt គឺទំហំទឹកប្រាក់ ដែលរដ្ឋាភិបាលនៃប្រទេសមួយបានជំពាក់ភាគីផ្សេងទៀតដែលជាម្ចាស់បំណុល នៅក្នុងកំឡុងពេលជាក់លាក់មួយ។ បើនិយាយឱ្យងាយយល់​ បំណុលរបស់រដ្ឋ គឺជាបំណុលដែលរដ្ឋាភិបាលនៃប្រទេសមួយបានខ្ចីពីភាគីនៅក្នុងស្រុករបស់ខ្លួន ឬពីភាគីនៅក្រៅប្រទេស នៅអំឡុងពេលណាមួយ ដែលអាចជាឆមាស ឬឆ្នាំ។
បំណុលរបស់រដ្ឋ កើតចេញមកពីឱនភាព​ថវិកា (Budget Deficits) ប្រចាំឆ្នាំរបស់រដ្ឋ ដែលឱនភាព​ថវិកានេះកើតមាននៅពេលចំណាយរដ្ឋលើសពីចំណូលរបស់រដ្ឋ។​ តួយ៉ាង រដ្ឋាភិបាលរបស់ប្រទេសមួយអាចរកប្រាក់ចំណូលតាមរយៈគោលនយោបាយសារពើពន្ធនិងគោលនយោបាយផ្សេងៗទៀតជាដើម។
*បំណុលរដ្ឋក៏អាចហៅបានផ្សេងទៀតដែរថា បំណុលសាធារណៈ (Public Debt) ឬ បំណុលជាតិ (National Debt)

👉 តើបំណុលរដ្ឋជះឥទ្ធិពលអ្វីខ្លះដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ?
ដើម្បីកាត់បន្ថយបំណុលរដ្ឋ ក៏ដូចជាឱនភាពថវិកា រាជរដ្ឋាអាចប្រើប្រាស់មធ្យោបាយមួយចំនួនដូចជា ការបង្កើនពន្ធ ការបោះផ្សាយមូលបត្ររដ្ឋាភិបាល ខ្ចីប្រាក់ពីទីផ្សារមូលធនក្នុងស្រុក ផលិតក្រដាសក្រដាសប្រាក់បន្ថែម(មធ្យោបាយអាចប៉ះពាល់បង្កើតមានអតិផរណា) និងកាត់បន្ថយចំណាយថវិកាជាតិជាដើម។
នោះបានន័យថា ប្រសិនបើរាជរដ្ឋាភិបាលជ្រើសរើសយកវិធីសាស្ត្របង្កើនពន្ធ នោះប្រជាពលរដ្ឋក៏មានកាតព្វកិច្ចបង់ពន្ធច្រើនជាងមុនដែរ។ ក្រៅពីនេះ នៅមានឥទ្ធិពលដទៃទៀត តែដោយវាទាមទារការបកស្រាយស៊ីជម្រៅបន្ថែមទៀត។

បើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយលើកទី១១ – ទិន្នន័យត្រឹមដំណាច់ឆ្នាំ២០២០ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសកម្ពុជាមានសន្និធិបំណុលសាធារណៈសរុប (Total Public Debt Outstanding) ចំនួន ៨.៨១ ប៊ីលានដុល្លារអាមេរិក ដោយសុទ្ធសឹងតែជាបំណុលសាធារណៈក្រៅប្រទេស។ ចំណែកឯបំណុលសាធារណៈក្នុងប្រទេស ត្រូវបានទូទាត់បញ្ចប់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ប្រទេសដែលបានផ្ដល់កម្ចីដល់ប្រទេសកម្ពុជារួមមាន ចិន ជប៉ុន កូរ៉េ បារាំង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) ជាដើម ខណៈបំណុលទាំងនេះត្រូវបានយកប្រើប្រាស់លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យនានាក្នុងប្រទេសកម្ពុជា។ យើងឃើញថា រាជរដ្ឋាភិបាលមានការប្រុងប្រយ័ត្នខ្ពស់ជាមួយបំណុលទាំងនេះ តាមរយៈការចេញនូវយុទ្ធសាស្ត្រសំខាន់ចំនួនពីរ គឺ យុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣ និងយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩ – ២០២៥ ផងដែរ៕

‣ ពាក្យគន្លឹះ៖ សន្និធិបំណុល សំដៅដល់ទំហំបំណុលជាក់ស្ដែងដែលភាគីជំពាក់បំណុលមិនទាន់បានទូទាត់ជូនភាគីម្ចាស់បំណុល។

ប្រភព៖ កាក់សេន – Kakcent

Leave a Reply

Your email address will not be published. Required fields are marked *