ម្ចាស់ហាង និងក្លឹបកម្សាន្តនៅអ៊ីនឆន់ ប្រកាសពន្យារពេលបើកដំណើរការអាជីវកម្មឡើងវិញសិន ក្រោយតវ៉ាគម្រាមបើកដំណើរការ ទោះល្មើសនឹងវិធានការអជ្ញាធរ

កូរ៉េខាងត្បូង៖ ម្ចាស់ក្លឹបកម្សាន្ត និងបាររាត្រីនៅទីក្រុងអ៊ីនឆន់ ប្រកាសនឹងពន្យារពេលបណ្តោះអាសន្ន ក្នុងគម្រោងការបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅថ្ងៃចន្ទនេះ ដើម្បីបន្តចរចាជាមួយអជ្ញាធរក្រុងអ៊ីនឆន់សិន ស្វែងរកដំណោះស្រាយសមស្រប មុននឹងបើកដំណើរការអាជីវកម្មឡើងវិញ ដែលនឹងល្មើសទៅនឹងបទបញ្ជារបស់អជ្ញាធរមូលដ្ឋាន នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្រុមអ្នកតំណាងម្ចាស់ក្លឹបកម្សាន្ត និងបាររាត្រីនៅក្នុងតំបន់អ៊ីនឆន់ បាននិយាយគ្រោងការរបស់ខ្លួនដែលនឹងបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញនៅថ្ងៃចន្ទនេះ បើទោះបីជាត្រូវល្មើសនឹងវិធានការរដ្ឋាភិបាលកូរ៉េខាងត្បូងក៏ដោយនោះ នឹងត្រូវបន្តពន្យារពេលសិនរហូតដល់ថ្ងៃសុក្រទី ១៤ ឧសភា នេះវិញ ដោយសារក្រុមរបស់ខ្លួនកំពុងបន្តចរចាស្វែងរកដំណោះស្រាយពីភាគីរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រុមម្ចាស់ក្លឹបកម្សាន្ត និងបាររាត្រីនៅក្នុងតំបន់អ៊ីនឆន់ ប្រមាណជាង៧០នាក់ បានមកចូលរួមក្នុងការតវ៉ាមួយធ្វើឡើងនៅមុខសាលាក្រុងអ៊ីនឆន់ ដែលក្នុងនោះដែរ ពួកអ្នកតវ៉ាបានយកមកកម្រងផ្កាកាន់ទុក្ខ ដោយមានពាក្យថា “ការដាក់ទណ្ឌកម្មឱ្យស្លាប់ដោយរដ្ឋាភិបាល” ផងដែរ។ ក្នុងការតវ៉ានោះ ក្រុមអ្នកតវ៉ាបានថ្លែងប្រាប់ទៅសន្នីសីទសារព័ត៌មានថា ពួកខ្លួននឹងធ្វើការបើកអាជីវកម្មក្លឹបកម្សាន្ត និងបាររាត្រី រៀងៗខ្លួនចាប់ពីថ្ងៃទី១០ ឧសភា ខាងមុខនេះតែម្តង ដើម្បីអាចសម្រាលបន្ទុកជីវភាពរបស់ពួកគេ​មកវិញខ្លះ បើទោះបីជាត្រូវប្រឈមនឹងការផាកពិន័យ ឬប្រឈមនឹងការបិទអាជីវកម្មពីអជ្ញាធរក៏ដោយ។

ក្រុមអ្នកតវ៉ាបានលើកហេតុផលថា ក្នុងរយៈពេលជាង១៥ខែចុងក្រោយនេះ រដ្ឋាភិបាលបានបង្ខំឱ្យហាងប្រភេទក្លឹបកម្សាន្ត និងបាររាត្រីនេះបិទទ្វារអស់ជាង ៣០០ថ្ងៃមកហើយ ដោយរដ្ឋាភិបាលបន្តយកឈ្មោះក្លឹបកម្សាន្ត និងបាររាត្រី ដាក់បន្ទុកជាហេតុផលដែលនាំឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដរហូតមក។ ស្ថានការណ៍ពេលនេះ កត្តាជីវភាពជាអ្វីដែលគួរឱ្យខ្លាចជាងកូវីដ-១៩ទៅទៀត ហើយពួកខ្លួនជាម្ចាស់អាជីវកម្មដែលត្រូវហាមឃាត់ទាំងនេះ មិនអាចទ្រាំទ្រផ្នែកជីវភាពបានទៀតនោះទេ។

បើតាមបទបញ្ជារបស់សាលាក្រុងអ៊ីនឆន់ បានតម្រូវឱ្យរាល់អាជីវកម្មបែបកម្សាន្តនានា បិទទ្វាបណ្តោះអាសន្នតាំងពីថ្ងៃទី ១២ មេសា ២០២១កន្លងមក ដោយសារតែការបន្តកើនឡើងនៃករណីកូវីដ-១៩នៅក្នុងមូលដ្ឋានរបស់ខ្លួន។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះ ក្រុងអ៊ីនឆន់ស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត ២ ដែលក្រោមវិធានការនេះតម្រូវឱ្យអាជីវកម្មប្រភេទកម្សាន្តទាំងអស់ត្រូវបិទ តែយ៉ាងណាមិញ រដ្ឋាភិបាលបានអនុញ្ញាតដល់អជ្ញាធរមូលដ្ឋានអាចពិនិត្យលទ្ធភាពឱ្យប្រភេទអាជីវកម្មទាំងនេះដំណើរការបានរហូតត្រឹមម៉ោង ១០យប់ ទៅតាមលក្ខខណ្ឌនៃស្ថានការណ៍ជំងឺកូវីដជាក់ស្តែងនៅនឹងតំបន់នោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *