ពីសប្តាហ៍ក្រោយទៅ រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងទទួលបន្ទុកព្យាបាល ដល់១០លានវ៉ុន សម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដរួច ហើយមានអាការៈប្រតិកម្មខ្លាំង

កូរ៉េខាងត្បូង៖ ចាប់អនុវត្តពីសប្តាហ៍ក្រោយទៅ ប្រាក់សំណងច្រើនបំផុតដល់ទៅ ១០លានវ៉ុន (ប្រមាណជាង ៨,៩៧០ដុល្លារ) នឹងត្រូវផ្តល់ជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួច ហើយមានអាការៈប្រតិក​ម្មណាមួយដែលនាំឱ្យឈានដល់ការសម្រាកព្យាលបាលនៅមន្ទីរពេទ្យ បើទោះបីអជ្ញាធររកមិនឃើញមូលហេតុដែលប៉ះពាល់ដោយសារតែប្រតិកម្មនៃវ៉ាក់សាំងក៏ដោយ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលកូរ៉េនៅថ្ងៃចន្ទទី ១០ ឧសភា នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News រដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថាចាប់ពីថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ សប្តាហ៍ក្រោយនេះទៅ អ្នកដែលមានអាការៈប្រតិកម្មក្រោយពីការចាក់វ៉ាក់សាំងកូវីដ-១៩រួច អាចដាក់ពាក្យស្នើសុំជំនួយសម្រាប់ការចំណាយលើការព្យាបាល បើទោះបីមិនមានភស្តុតាងណាមួយបញ្ជាក់ថាជាករណីដែលពាក់ព័ន្ធនឹងប្រតិកម្មនៃវ៉ាក់សាំងកូវីដក៏ដោយ។

ក្រោយពីបានទទួលពាក្យស្នើសុំជំនួយសម្រាប់ការចំណាយព្យាបាល លើករណីប្រតិកម្មដែលអាចកើតមានឡើងក្រោយទទួលវ៉ាក់សាំងនេះរួច គណៈកម្មការជំនាញផ្នែកសុខាភិបាលនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង (KDCA) នឹងធ្វើការពិនិត្យទៅតាមករណីទាំងអស់ ហើយនិងអនុម័តយល់ព្រមលើការផ្តល់ការជួយលើចំណាយថ្លៃព្យាបាល សម្រាប់អ្នកដែលមិនទាន់មានចុះឈ្មោះធានារ៉ាប់រងសុខាភិបាលណាមួយពីមុនមកនោះ។ តែក្នុងនោះដែរ អជ្ញាធរក៏បានបញ្ជាក់ថា ការផ្តល់ជំនួយលើថ្លៃព្យាបាលនេះ នឹងត្រូវផ្តល់ឱ្យបណ្តោះអាសន្នប៉ុណ្ណោះ ហើយក៏នឹងមិនធានាជួយលើប្រភេទជំងឺណាដែលមិនពាក់ព័ន្ធទៅនឹងប្រតិកម្មវ៉ាក់សាំងនោះដែរ។

សម្រាប់ការអនុវត្តកន្លងមក រដ្ឋាភិបាលផ្តល់ជំនួយលើថ្លៃព្យាបាលនេះ សម្រាប់តែក្នុងករណីដែលអជ្ញាធរអាចរកឃើញភាពពាក់ព័ន្ធផ្ទាល់នៃជំងឺ ទៅនឹងប្រតិកម្មវ៉ាក់សាំងបណ្តាលពីវ៉ាក់សាំងតែប៉ុណ្ណោះ។ ដូចនេះហើយ គិតត្រឹមបច្ចុប្បន្ននេះ មាន ១៥៦ ករណីហើយដែលបានរាយការណ៍ថាមានអាការៈប្រតិកម្មក្រោយពីបានចាក់វ៉ាក់សាំងកូវីដរួចរាល់ តែក្នុងនោះមានតែ ២ករណីធ្ងន់ធ្ងរប៉ុណ្ណោះ ដែលត្រូវអជ្ញាធរជំនាញបញ្ជាក់ថាមានជួបពាក់ព័ន្ធទៅនឹងប្រតិកម្មដោយសារតែការចាក់វ៉ាក់សាំងកូវីដ។

វិធានការថ្មីនេះ ជាគោលនយោបាយមួយដើម្បីជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងមានទំនុកចិត្តកាន់តែខ្ពស់ក្នុងកម្មវិធីចាក់វ៉ាក់សាំងកូវីដ និងដើម្បីកាត់បន្ថយភាពភ័យខ្លាចរបស់ប្រជាជនទៅលើសុវត្ថិភាពនៃវ៉ាក់សាំងផងដែរ។

ក្នុងនោះដែរ សម្រាប់ករណីដែលនរណាម្នាក់ក្រោយពីចាក់វ៉ាក់សាំងរួចហើយមានផលប៉ះពាល់ធ្ងន់ធ្ងររហូតដល់ពិការ ឬបាត់បង់ជីវិតនោះ រដ្ឋនឹងផ្តល់ជាសំណងមានទំហំទឹកប្រាក់ដល់ ៤៣០លានវ៉ុនផងដែរ។

សូមបញ្ជាក់ថា គិតមកដល់ព្រឹកថ្ងៃចន្ទទី ១០ ខែឧសភា នេះ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានដល់ ៣,៦៧៤,៧២៩ នាក់ ហើយគ្រោងនឹងចាក់ជូនប្រជាពលរដ្ឋឱ្យបានដល់ទៅ ១៣លាននាក់ ត្រឹមចុងខែមិថុនាខាងមុខ ដើម្បីអាចឈានបន្តទៅការសម្រេចបានបង្កើតជាប្រព័ន្ធភាពស៊ាំសហគមន៍ត្រឹមចុងខែវិច្ឆិកាខាងមុខនេះ។

Leave a Reply

Your email address will not be published. Required fields are marked *