កូរ៉េខាងត្បូង៖ ប្រមាណដល់ទៅ ៧០% នៃប្រជាជនកូរ៉េខាងត្បូងមានជំនឿជឿជាក់ថា ការដាក់ឱ្យប្រើនូវលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដរួច នឹងអាចជាមធ្យោបាយមួយសម្រាប់ជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ នេះបើតាមលទ្ធផលនៃសម្រង់មតិមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News សម្រង់មតិដែលធ្វើឡើងដោយសហព័ន្ធឧស្សាហកម្មកូរ៉េ (Federation of Korean Industries) និងមានការចូលរួមដោយមនុស្សចំនួន ៨៣២នាក់ ទូទាំងប្រទេស បង្ហាញថាយ៉ាងហោចណាស់មានដល់ទៅ ៦៧.៤% រំពឹងថាលិខិតឆ្លងដែនសម្រាប់ការចាក់វ៉ាក់សាំងរួចរាល់នេះ នឹងជាមធ្យោបាយមួយសម្រាប់ជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។
ប្រសិនបើលិខិតឆ្លងដែនបែបនេះត្រូវបានដាក់ឱ្យប្រើប្រាស់មែននោះ យ៉ាងហោចណាស់ ៣៦.៤% បានលើកឡើងថាខ្លួននឹងធ្វើដំណើរទៅលេងនៅប្រទេសក្រៅ ដែលក្នុងនោះមានដល់ជាង ៤១.២% បានបញ្ជាក់ថានឹងទៅលេងនៅទ្វីបអឺរ៉ុបជាគោលដៅចម្បងសម្រាប់ដំណើរកំសាន្តរបស់ពួកគេ ក្រោយពីខកខានដោយសារកូវីដអស់ជាង១ឆ្នាំពេញកន្លងមក។
ក្នុងនោះដែរ សម្រង់មតិរកឃើញថា ដល់ទៅ ៦២% ជឿថាការអាចរៀបចំឱ្យចេញនូវលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដនេះ អាចធ្វើទៅបានអាស្រ័យទៅនឹងអត្រានៃការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែល១៥.៧% ក៏បានលើកឡើងថាការរៀបចំឱ្យមានការព្រមព្រៀងជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីអាចប្រើប្រាស់លិខិតឆ្លងដែនប្រភេទថ្មីនេះបានទូលំទូលាយ និងមានប្រសិទ្ធភាព។
សម្រាប់អ្នកដែលគួរត្រូវផ្តល់អាទិភាពសម្រាប់ការទទួលលិខិតឆ្លងដែនប្រភេទថ្មីនេះមុនគេវិញ មាន ៤៣.៥% លើកឡើងថាគួរផ្តល់ទៅឱ្យបណ្តាធុរជន អ្នករកស៊ីមុន ហើយបន្ទាប់មកអាទិភាពបន្ទាប់គឺមន្ត្រីរាជការទទួលបន្ទុកកិច្ចការអន្តរជាតិ និងបន្តបន្ទាប់ទៀតគឺសិស្ស និស្សិត និងសាស្រ្តាចារ្យជាដើម។
ក្នុងនោះផងដែរ អ្នកធ្វើសម្រង់មតិហាក់មិនទុកចិត្តទៅនឹងផែនការវ៉ាក់សាំងរបស់រដ្ឋាភិបាល ដែលគ្រោងនឹងសម្រេចឱ្យបាននូវការបង្កើតប្រព័ន្ធភាពស៊ាំសហគមន៍ (Herd Immunity) ត្រឹមខែវិច្ឆិកាខាងមុខនេះទេ ដោយក្នុងនោះមានមតិដល់ទៅ ៦០.៨% ជឿជាក់ថា ការបង្កើតប្រព័ន្ធភាពស៊ាំសហគមន៍នេះ នឹងអាចសម្រេចបានទាល់តែដល់ឆ្នាំក្រោយឯណោះ ខណៈមានត្រឹមតែ ៩.៩% ប៉ុណ្ណោះដែលឆ្លើយថាជឿជាក់លើផែនការរដ្ឋាភិបាលសម្រេចបង្កើតប្រព័ន្ធភាពស៊ាំសហគមន៍នេះបានត្រឹមខែវិច្ឆិកានេះ។
សូមបញ្ជាក់ថា លិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ (Covid-19 Vaccination Passport) នេះត្រូវបានប្រទេសជាច្រើនកំពុងពិចារណានឹងរៀបចំដាក់ឱ្យប្រើប្រាស់ ក្នុងគោលបំណងដើម្បីជំរុញឱ្យមានដំណើរការចេញចូលប្រទេសនីមួយៗ ឱ្យដូចទៅនឹងមុនពេលដែលជំងឺកូវីដរាតត្បាតវិញ តែត្រូវផ្តល់អាទិភាពចម្បងសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងការពារកូវីដរួចរាល់ប៉ុណ្ណោះ។ មកដល់ពេលនេះមានប្រទេសមួយចំនួនបានដាក់ឱ្យដំណើរការដូចជាប្រទេសថៃ ប្រទេសចិន និងប្រទេសនៅអឺរ៉ុបមួយចំនួនផងដែរ តែមិនទាន់មានភាពទូលំទូលាយជាសាកលនោះទេ។

