កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងផ្តោតសំខាន់បំផុតទៅលើសេដ្ឋកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាអាចសម្រេចឱ្យបានកំណើនដល់ ៤% យ៉ាងតិច នេះបើតាមការបញ្ជាក់របស់លោកប្រធានាធិបតី មូន ជេអ៊ីន នៅព្រឹកថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ក្នុងការថ្លែងទៅកាន់សាធារណជន ចេញពីវិមានប្រធានាធិបតីនៅព្រឹកថ្ងៃចន្ទនេះ ក្នុងឱកាសពិសេសគម្រប់ខួបបួនឆ្នាំនៃការឡើងកាន់តំណែង លោកប្រធានាធិបតី មូន បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចសម្រេចបាននូវការងើបឡើងវិញផ្នែកសេដ្ឋកិច្ចដែលលឿនជាងមុន និងខ្លាំងជាងមុនផងដែរ ហើយក្នុងនោះដែរ រដ្ឋាភិបាលនឹងព្យាយាមប្រើឱ្យអស់ពីសមត្ថភាពដើម្បីអាចសម្រេចបានការលូតលាស់សេដ្ឋកិច្ចឱ្យបានដល់កម្រិត ៤% ឬច្រើនជាងនេះ ដែលនឹងក្លាយជាកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបង្អស់ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយនេះ។ ក្នុងនោះដែរ រដ្ឋាភិបាលក៏នឹងព្យាយាមធ្វើឱ្យវិស័យឯកជនមានសន្ទុះកើនឡើងវិញផងដែរ។
ក្នុងឱកាសនោះដែរ លោកប្រធានាធិបតីក៏បានថ្លែងបញ្ជាក់ផងដែរ ចំពោះកម្មវិធីចាក់វា៉ក់សាំងកូវីដ លោកនឹងរុញឱ្យកម្មវិធីនេះដើរទៅមុខឱ្យកាន់តែលឿន និងអាចសម្រេចបានគោលដៅបង្កើតបានជាប្រព័ន្ធភាពស៊ាំសហគមន៍មុនការកំណត់ទៀតផង។
្
លោកប្រធានាធិបតី បញ្ជាក់ថា ត្រឹមពាក់កណ្តាលឆ្នាំ២០២១នេះ នឹងមានមនុស្សដល់ទៅ ១៣លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងរួចរាល់។ ហើយរដ្ឋាភិបាលនឹងពន្លឿនឱ្យចប់សព្វគ្រប់ដំណើរការចាក់វ៉ាក់សាំងដូសទី១ សម្រាប់មនុស្សទាំងអស់គ្នាឱ្យបានត្រឹមខែកញ្ញាខាងមុខ និងបន្តពន្លឿនការចាក់វ៉ាក់សាំងឱ្យបានឈានដល់ផែនការសម្រេចបានបង្កើតបានជាប្រព័ន្ធភាពស៊ាំសហគមន៍ឱ្យបានមុនការកំណត់គ្រោងទុកដំបូង ដែលគ្រោងនឹងសម្រេចនៅខែវិច្ឆិកាទៅទៀត។
សម្រាប់កិច្ចការសហប្រតិបត្តិការអន្តរជាតិវិញ លោកប្រធានាធិបតីក៏បានបញ្ជាក់សាជាថ្មីនឹងបន្តសហការជិតស្និទ្ធជាមួយដៃគូសហរដ្ឋអាម៉េរិក ជាពិសេសប្រធានាធិបតីថ្មី លោក ចូ បៃឌិន ដែលក្នុងនោះដែរបញ្ហាសន្តិភាពនៅឧបទ្វីបកូរ៉េនឹងជាប្រធានបទសំខាន់នៃការពិភាក្សាផងដែរ។
សូមបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង មានអាណត្តិចំនួន៥ឆ្នាំ ដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់នឹងឈានមកដល់នៅថ្ងៃទី ៩ មីនា ២០២២។