បុរសម្នាក់នៅកូរ៉េខាងត្បូង ត្រូវប៉ូលីសឃាត់ខ្លួនភ្លាមៗ សង្ស័យករណីប្រើហឹង្សាលើកូនចិញ្ចឹមអាយុ២ឆ្នាំ របស់ខ្លួន រហូតដល់របួសហូរឈាមក្នុងខួរក្បាល

កូរ៉េខាងត្បូង៖ បុរសអាយុ៣០ឆ្នាំជាងម្នាក់ ត្រូវបានប៉ូលីសកូរ៉េខាងត្បូងឃាត់ខ្លួន ដើម្បីសាកសួរចម្លើយ ករណីសង្ស័យថាបានវាយធ្វើបាបក្មេង ដែលជាកូនចិញ្ចឹមអាយុ ២ឆ្នាំ រហូតដល់សន្លប់ និងមានឈាមហូរក្នុងខួរក្បាល នេះបើតាមការបញ្ជាក់របស់ប៉ូលីសកូរ៉េនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមប៉ុស្តិ៍ប៉ូលីសនៅខេត្តឃ្យ៉ុងគី បានឱ្យដឹងថាក្មេងតូចជាជនរងគ្រោះ ដែលមានអាយុត្រឹម២ឆ្នាំ ត្រូវបានឪពុកចិញ្ចឹមរបស់ខ្លួនយកមកមន្ទីរពេទ្យនៅតំបន់ហ្វាសុង (Hwaseong) កាលពីល្ងាចថ្ងៃសៅរ៍ ហើយដោយក្រោយពីពិនិត្យឃើញថាករណីរបួសរបស់ក្មេងស្រីនេះមានសភាពធ្ងន់ធ្ងរ គ្រូពេទ្យក៏បានបញ្ជូនក្មេងស្រីតូចនេះ មន្ទីរពេទ្យធំនៅក្នុងក្រុងអ៊ីនឆន់វិញ ដែលនៅពេលទៅដល់ពេទ្យធំនោះ គ្រូពេទ្យរកឃើញថាក្មេងស្រីនេះករណីរបួសហូរឈាមក្នុងខួរក្បាល និងមានស្នាមរបួសជាំនៅលើមុខ និងនៅលើដងខ្លួនទៀតផង ក៏ធ្វើការរាយការណ៍ករណីនេះទៅប៉ូលីស។

ភ្លាមៗនោះ ឪពុកចិញ្ចឹមរបស់ក្មេងស្រីរងគ្រោះ ដែលបានយកកូនស្រីចិញ្ចឹមរូបនេះមកមន្ទីរពេទ្យ ត្រូវបានប៉ូលីសឃាត់ខ្លួននៅនឹងកន្លែង ដើម្បីយកទៅសួរនាំស៊ើបអង្កេតបន្ត។ បើតាមការសាកសួរ កូនស្រីនេះត្រូវបានឪពុកម្តាយចិញ្ចឹមរបស់ខ្លួន យកមកចិញ្ចឹមតាមរយៈមជ្ឈមណ្ឌលមួយ កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ តែយ៉ាងណាមិញគ្រួសារនេះមិនធ្លាប់មានករណីប្រវត្តិអំពើហឹង្សាក្នុងគ្រួសារពីមុនមកនោះទេ។

បើតាមការបញ្ជាក់របស់គ្រូពេទ្យ ក្មេងស្រីរងគ្រោះបានធ្វើការវះកាត់ខួរក្បាល ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ដឹងខ្លួននោះទេ។

សូមបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង រយៈពេលប៉ុន្មានខែចុងក្រោយនេះ ករណីហឹង្សាលើកុមារត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានករណីជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការធ្វើហឹង្សាលើកូនក្មេង ជាពិសេសពីសំណាក់គ្រួសារដែលបានយកកូនមកចិញ្ចឹមនេះឯង។ ជាក់ស្តែងកន្លងមក មានករណីកុមារអាយុ១៦ខែម្នាក់ ឈ្មោះថាជុង បានបាត់បង់ជីវិតកាលពីខែតុលាកន្លងមក ដោយសាររបួសក្បាលធ្ងន់ធ្ងរ ដែលបង្កដោយឪពុកម្តាយចិញ្ចឹមរបស់ខ្លួននេះឯង។

Leave a Reply

Your email address will not be published. Required fields are marked *