កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េអ្នករកស៊ីចំនួន ១៦៤នាក់ទៀត ត្រូវបានដឹកត្រឡប់ពីប្រទេសឥណ្ឌា មកប្រទេសកូរ៉េខាងត្បូងវិញតាមជើងហោះហើរពិសេសរៀបចំដោយក្រុមហ៊ុនអាកាសចរ Asiana Airlines ដើម្បីការពារសុវត្ថិភាពប្រជាជនកូរ៉េពីករណីរាតត្បាតខ្លាំងសម្បើមនៃជំងឺកូវីដ-១៩ ក្នុងប្រទេសឥណ្ឌា បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ការដឹកប្រជាជនកូរ៉េខាងត្បូងចេញមកពីប្រទេសឥណ្ឌានេះ ត្រូវបានធ្វើឡើងតាមជើងហោះហើរពិសេសរៀបចំដោយក្រុមហ៊ុនអាកាសចរ Asiana Airlines។ ភាគច្រើននៃមនុស្សទាំង ១៦៤នាក់ ដែលត្រូវបានជន្លៀសមកតាមជើងហោះហើរពិសេសនេះ គឺជាមន្ត្រីផ្នែកធុរកិច្ចដែលត្រូវបានបញ្ជូនឱ្យទៅពិនិត្យគម្រោងសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុន Samsung នាពេលកន្លងមកនៅក្នុងប្រទេសឥណ្ឌា។
គិតមកដល់ឥឡូវនេះមានជើងហោះហើរពិសេសបែបនេះ ៣ ហើយ បានរៀបចំសម្រាប់ជន្លៀសប្រជាជនកូរ៉េខាងត្បូងមកពីប្រទេសឥណ្ឌាវិញ។ កាលពីថ្មីៗនេះ ជើងហោះហើរពិសេសបែបនេះដែរ ចំនួន ២ បានជន្លៀសប្រជាជនកូរ៉េខាងត្បូង ១៧២ នាក់ចេញពីតំបន់ឆេណៃ (Chennai) និងជន្លៀសប្រជាជនកូរ៉េខាងត្បូង ២០៣ នាក់ចេញពីតំបន់បេងហ្គាលូរូ (Bengaluru)។
ក្នុងខែឧសភានេះ គ្រោងនឹងមានជើងហោះហើរដល់ទៅ ១២ រួមទាំងជើងហោះហើរពិសេស៣នេះផង ដែលនឹងហោះចេញពីប្រទេសឥណ្ឌា មកប្រទេសកូរ៉េខាងត្បូង ដែលគេរំពឹងថានឹងមានមនុស្សបន្ថែមទៀតដែលអាចនឹងត្រូវជន្លៀសចេញពីប្រទេសឥណ្ឌា ដែលកំពុងរងគ្រោះដោយរលកដ៏ធំនៃជំងឺកូវីដ-១៩។
អ្នកដំណើរដែលមកដល់តាមជើងហោះហើរនេះ ត្រូវធ្វើចត្តាឡីស័កដល់ទៅ១៤ថ្ងៃ ដែលក្នុងនោះ ៧ថ្ងៃត្រូវធ្វើនៅទីតាំងចត្តាឡីស័ករបស់រដ្ឋ ហើយត្រូវតម្រូវឱ្យធ្វើតេស្តកូវីដ-១៩ ឱ្យបាន៣ដង ក្នុងអំឡុងពេលចត្តាឡីស័ក១៤ថ្ងៃនោះ។