ត្រូវប្រយ័ត្នទាំងអស់គ្នា! សូម្បីក្រុមហ៊ុនផលិតរថយន្ត Honda ក៏គេចមិនផុតពីការវាយប្រហារពីពួក Hackers ដែរ (Cyber Attack)

រោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនហុងដា ត្រូវបានផ្អាកដំណើការស្ទើតែពេញមួយពិភពលោកទៅហើយ តែនេះមិនមែនដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ វាគឺជាការវាយប្រហារពីក្រុមជនអនាមិក (Hackers) ទៅវិញទេ។ ប្រព័ន្ធបណ្ដាញ (Network System) របស់ក្រុមហ៊ុនហុងដាត្រូវបានវាយប្រហារ ដែលធ្វើឱ្យក្រុមហ៊ុនមិនអាចចូលប្រើកុំព្យូទ័រសឺវ័រ អុីម៉ែល និងប្រព័ន្ធផ្សេងៗទៀតបាន នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ រោងចក្រដែលត្រូវបានបិទទាំងនោះមាននៅបណ្តាប្រទេសដូចជា ចក្រភពអង់គ្លេស ទួកគី អុីតាលី ជប៉ុន និងតំបន់អាមេរិកខាងជើង។

បើយោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បានឱ្យដឹងថា នេះអាចជាការវាយប្រហារប្រភេទ Snake Ransomware ដែលក្រុមអ្នកវាយប្រហារបានបំប្លែង (encrypt) ទិន្នន័យរបស់ក្រុមហ៊ុន ឬបិទមិនឱ្យក្រុមហ៊ុនអាចចូលប្រើប្រព័ន្ធកុំព្យូទ័របាន ប៉ុន្តែក្រុមហ៊ុនហុងដាបានអះអាងថាទិន្នន័យទាំងអស់ពុំមានការប៉ះពាល់នៅឡើយទេរហូតមកដល់ពេលនេះ។ បច្ចុប្បន្នគេពុំបានដឹងទេថា តើ ក្រុមអ្នកវាយប្រហារចូលទៅក្នុងប្រព័ន្ធ Network តាមរបៀបណានោះទេ ប៉ុន្តែវាប្រហែលអាចចូលតាមការទាញយកឯកសារផ្សេងៗ ដែលមានភ្ជាប់មកជាមួយមេរោគទាំងនោះ។

នេះជាការក្រើនរំឭកមួយ ដែលទាំងក្រុមហ៊ុន ក៏ដូចជាអ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្នជាមួយប្រព័ន្ធសុវត្ថិភាពដើម្បីជៀសវាងពីការវាយប្រហារនានា ជាពិសេសសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះតែម្ដង ព្រោះថាបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ គឺមានយ៉ាងច្រើនដែលត្រូវបានប្រើបាស់នៅក្នុងប្រព័ន្ធដំណើរការរបស់រថយន្តដូចជា ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធគ្រប់គ្រងល្បឿន ហើយនៅថ្ងៃអនាគតក៏នឹងមានប្រព័ន្ធដែលអាចឱ្យរថយន្តបើកបានដោយខ្លួនឯងផងដែរ៕

ខ្លឹមសារទាំងស្រុងពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

One thought on “ត្រូវប្រយ័ត្នទាំងអស់គ្នា! សូម្បីក្រុមហ៊ុនផលិតរថយន្ត Honda ក៏គេចមិនផុតពីការវាយប្រហារពីពួក Hackers ដែរ (Cyber Attack)

Leave a Reply to ปั้มไลค์ Cancel reply

Your email address will not be published. Required fields are marked *