កូរ៉េខាងត្បូង៖ ម៉ាស់ប្រភេទ KF94 ចំនួន ១០ម៉ឺន ត្រូវបានសមាគមមិត្តភាពកម្ពុជា-កូរ៉េ នៃ Daegu Gyeongbuk International Exchange Association ផ្តល់ជូនប្រជាជនកម្ពុជា តាមរយៈលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ នេះបើតាមការចែករំលែកក្នុងទំព័រហ្វេសប៊ុករបស់លោកទូតផ្ទាល់នៅរសៀលថ្ងៃសៅរ៍ទី ៨ ឧសភា ២០២១នេះ។
លោកទូតបានបញ្ជាក់ថា លោកផ្ទាល់ និងក្រុមការងារបានធ្វើដំណើរមកដល់ទីក្រុងថេហ្គូ ដើម្បីចូលរួមជាអធិបតីក្នុងពិធីទទួលយកអំណោយជាម៉ាស់នេះ ពីសមាគមមិត្តភាពកម្ពុជា-កូរ៉េ នៃ Daegu Gyeongbuk International Exchange Association។
ឆ្លៀតក្នុងដំណើរនេះដែរ លោកទូតក៏បានទៅជួបពិភាក្សាការងារជាមួយលោកអភិបាលរងក្រុងថេហ្គូ និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការយល់ឃើញពីសក្តានុពលសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ក្រុងថេហ្គូ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជា និងកូរ៉េបានបញ្ចប់ការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសយើងទាំងពីរ។ លោកទូតបានបញ្ជាក់ថែមទៀតថា ទីក្រុងថេហ្គូក៏មានបំណងក្នុងការចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ដើម្បីធ្វើសហប្រតិបត្តិការគ្នាលើច្រើនវិស័យថែមទៀតផងដែរ។
មិនតែប៉ុណ្ណោះ សាលាក្រុងថេហ្គូមានបំណងស្នើសុំរាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ឲ្យមានការហោះហើរត្រង់ រវាងទីក្រុងទាំងពីរទៀតផង ដែលប្រសិនបើកើតមានមែននោះនៅក្នុងពេលអនាគតខាងមុខ នឹងក្លាយជាស្ពានភ្ជាប់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធិថែមទៀតផងដែរ។
លោកឯកអគ្គរាជទូត និងក្រុមការងារក៏បានទៅចូលរួមខួបលើកទី ៥០ នៃសកលវិទ្យាល័យសុខភាពថេហ្គូ Daegu Health College និងបានភ្ជាប់ឲ្យមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយើងលើវិស័យបណ្ដុះបណ្ដាលវិទ្យាសាស្រ្តសុខាភិបាលទៀតផង។