ផ្លូវការ! វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម របស់ចិន ទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ផ្លូវការហើយពីអង្គការសុខភាពពិភពលោក

កូរ៉េខាងត្បូង៖ អង្គការសុខភាពពិភពលោកបានអនុម័តអនុញ្ញាតជាផ្លូវការហើយឱ្យវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន សម្រាប់ការប្រើប្រាស់ជាបន្ទាន់ទូទាំងពិភពលោក នេះបើតាមការប្រកាសផ្លូវការរបស់អង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រទី៧ ឧសភា ឆ្នាំ២០២១នេះ ចុះផ្សាយតាមសារព័ត៌មាន Channel News Asia។

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ដែលត្រូវទទួលបានការអនុញ្ញាតផ្លូវការពីអង្គការសុខភាពពិភពលោកនេះ គឺជាវ៉ាក់សាំងកូវីដ-១៩ដំបូងគេបង្អស់ ដែលត្រូវបានទទួលស្គាល់ផ្លូវការ ដែលផលិតដោយប្រទេសក្រៅពីប្រទេសលោកខាងលិច។

ការទទួលបានការទទួលស្គាល់ជាផ្លូវការនេះ ក៏ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រទេសចិនផងដែរ ដែលអង្គការសុខភាពពិភពលោកបានផ្តល់ការអនុញ្ញាតសម្រាប់វ៉ាក់សាំងផលិតក្នុងប្រទេសចិន សម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺរាតត្បាតនានាពេលកន្លងមក។

ការទទួលបានការទទួលស្គាល់ជាផ្លូវការ សម្រាប់ការប្រើប្រាស់ជាបន្ទាន់នេះ នឹងផ្តល់ជាសញ្ញាវិជ្ជមានបន្ថែមទៀតដល់បណ្តានិយ័តករ និងអជ្ញាធរសុខាភិបាលតាមប្រទេសនីមួយៗក្នុងការសម្រេចពិនិត្យផ្តល់ការអនុញ្ញាតសម្រាប់ប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩  ស៊ីណូហ្វាម (Sinopharm) នេះ សម្រាប់ចាក់ជូនប្រជាជនរបស់ខ្លួន ហើយក៏មានន័យថាវ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) អាចនឹងត្រូវធ្វើការចែកចាយតាមរយៈកម្មវិធីកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោកផងដែរ។

គិតមកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានផ្តល់ការទទួលស្គាល់ជាផ្លូវការ សម្រាប់ការប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងកូវីដ-១៩​ ចំនួន៥ប្រភេទហើយ មានដូចជាវ៉ាក់សាំង Pfizer-BioNTech របស់សហរដ្ឋអាម៉េរិក, AstraZeneca របស់អង់គ្លេស វ៉ាក់សាំង Johnson & Johnson របស់សហរដ្ឋអាម៉េរិក វ៉ាក់សាំង Moderna របស់សហរដ្ឋអាម៉េរិក និងចុងក្រោយគេនេះគឺវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) របស់ចិន។

សូមបញ្ជាក់ថា វ៉ាក់សាំងកូវីដ ស៊ីណូហ្វាម (Sinopharm) នេះក៏ត្រូវបានកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ តាមរយៈជំនួយពីរដ្ឋាភិបាលប្រទេសចិន ដែលកន្លងមកកម្ពុជា បានប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) របស់ចិន និងវ៉ាក់សាំង កូវែស៊ែល (CoviShield) ផលិតនៅឥណ្ឌា ចាក់ជូនប្រជាជននៅក្នុងប្រទេសកម្ពុជាចំនួន ១,៥១៥,៤៤៧ នាក់ហើយ គិតត្រឹមថ្ងៃទី៤ ខែឧសភា ២០២១នេះ។

Leave a Reply

Your email address will not be published. Required fields are marked *